កម្មករជាប់នៅតំបន់ក្រហមថាមិនទាន់ឃើញមានអាជ្ញាធរណាចុះចែកអំណោយដល់ពួកគេ

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្មករ-កម្មការិនីរោងចក្រដែលកំពុងរស់នៅបន្ទប់ជួល និងជាប់នៅ«តំបន់ក្រហម» ត្អូញត្អែរថា ពួកគេកំពុងប្រឈមមុខនឹងការដាច់ស្បៀងអាហារ និងមិនទាន់ទទួលបានអំណោយពីរដ្ឋាភិបាលឡើយ បន្ទាប់ពីអាជ្ញាធរសម្រេចបិទផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ និងថែមទាំងហាមពលរដ្ឋកុំឱ្យចេញក្រៅផ្ទះនោះ។

ជាកម្មករបម្រើការងារនៅរោងចក្រក្រុមហ៊ុន ឌីន ហាន លោក សាន ឌនប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន​ CCIM ថា លោកនិងគ្រួសារកំពុងជាប់នៅតំបន់ដែលគេចាត់ទុកថាជា «តំបន់ក្រហម» ស្ថិតនៅភូមិសាមគ្គី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកនិយាយថា បច្ចុប្បន្ននេះ គ្រួសារគាត់និងអ្នកជាប់នៅតំបន់នេះផ្សេងទៀតមិនមានអាហារហូបចុកគ្រប់គ្រាន់នោះទេ និងមិនដឹងត្រូវទៅទិញម្ហូបអាហារនៅទីណាឡើយ បន្ទាប់ពីអាជ្ញាធរក្រុងសម្រេចបិទផ្សារទាំងអស់នោះ។ លោកថា លោកមិនបានទទួលអំណោយឬជំនួយណាមួយដែលផ្ដល់ដោយអាជ្ញាធរឡើយ ចាប់តាំងពីតំបន់របស់គាត់ត្រូវបានគេបិទខ្ទប់ និងកា្លយជាប់តំបន់ក្រហមនោះ។

លោក សាន ឌនប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា៖ «ខ្ញុំកំពុងស្ថិតនៅក្នុងតំបន់ក្រហម។ ឥលូវនេះទាក់ទងនឹងការហូបចុកមានការខ្វះខាតខ្លាំង ណាមួយគេហាមមិនឱ្យចេញក្រៅបន្ទប់ជួល មិនអាចដើរទៅផ្សាររកទិញម្ហូបអាហារសម្រាប់ហូបចុក មិនបាន […] អាជ្ញាធរសង្កាត់និងខណ្ឌគួរសួរសុខទុក្ខដល់បន្ទប់របស់ក្រុមកម្មកររោងចក្រដែលស្ថិតក្នុងតំបន់ក្រហម និងអាចចាត់តំណាងណាម្នាក់ជួយទិញម្ហូបអាហារ ឬជាកម្មករដូចគ្នា»

ក្រៅអំពីបញ្ហាខាងលើនេះ លោក សាន ឌន រៀបរាប់ថា ខាងរោងចក្រក៏បានផ្អាកការងាររបស់គាត់បណ្ដោះអាសន្ន និងមិនដឹងថ្ងៃណាចូលធ្វើការវិញឡើយ។ លោកថា ការសម្ងំរស់នៅតែក្នុងបន្ទប់ជួលយូរពេក វាមិនស្រួលនោះទេ គឺគាត់ចាប់ផ្ដើមកើតជំងឺស្ត្រេស ហើយរូបគាត់ក៏មិនមានប្រាក់ចំណូលរ៉ាប់រងថ្លៃចំណាយទាំងស្រុងនោះឡើយ ដោយសារអត់ការងារធ្វើ។

តំណាងក្រុមកម្មកររោងចក្រ វ៉ាយ ដឹមបិលយូរ ហ្គាមែន លោក ធាន បូរី លើកឡើងថា លោកក៏ជាប់នៅតំបន់ក្រហមដែរ គឺនៅភូមិព្រៃដំណាក់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។លោកអំពាវនាវដល់រដ្ឋាភិបាលជួយផ្តល់ស្បៀងអាហារចាំបាច់នានាដល់កម្មកររោងចក្រដែលត្រូវបង្ខំចិត្តរស់នៅតែក្នុងបន្ទប់ជួល ដែលទទួលផលប៉ះពាល់ដោយសារកូវីដ-១៩ និងជាប់ក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម។

លោក ធាន បូរី បន្ដថា៖ «ខ្ញុំស្ថិតនៅតំបន់បិទខ្ទប់មិនអាចចេញទៅណាបានទេ។ យើងជួបផលវិបាកសេដ្ឋកិច្ច និងថវិកា បង់ថ្លៃបន្ទប់ជួល គឺកម្មករច្រើនណាស់ដែលបានផ្ញើសារមកខ្ញុំ។ អ្នករស់នៅក្នុងតំបន់ក្រហមនិងអ្នកតំបន់បិទខ្ទប់ គឺពួកគាត់ខ្វះអាហារហូបចុក ដោយរស់នៅក្នុងបន្ទប់ជួលរៀងៗខ្លួន មិនអាចធ្វើដំណើរចេញក្រៅបានទេ ពិសេសគឺខ្វះថវិកាចំណាយ ដោយម្ចាស់បន្ទប់មិនមានការអធ្យាស្រ័យ បញ្ចុះតម្លៃថ្លៃបន្ទប់ជួល ដោយពួកគាត់ហូបមីពងទាជំនួសបាយ»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា លោកកំពុងជួយស្វែងរកប្រជាពលរដ្ឋ ឬកម្មករដែលមានជីវភាពក្រីក្រ និងកំពុងជាប់នៅតំបន់បិទខ្ទប់និងតំបន់ក្រហម និងមិនទទួលបានជំនួយណាមួយពីអាជ្ញាធរឬសប្បុរសជន។ 

លោកបន្ដថា៖ «ខ្ញុំមិនទាន់ដឹងថា មានចំនួនប្រជាពលរដ្ឋ ឬកម្មកររោងចក្រប៉ុន្មាននាក់ដែលត្រូវការជំនួយនោះទេ។ អ្វីដែលត្រូវឱ្យស្បៀងបណ្តោះអាសន្នជូនពួកគាត់ មធ្យោបាយទី១ គឺផ្តល់ជូនស្បៀងអាហារ មានអង្ករ ត្រីខ ទឹកស៊ីអ៊ីវ និងសម្ភារអនាម័យសម្រាប់ប្រើប្រាស់ការពារការឆ្លងកូវីដ-១៩។ ជម្រើសទី ២ បើពួកគាត់លំបាកក្នុងការមកទទួល គឺផ្តល់ជូនថវិកាដោយផ្ញើជូនតាមវីង អ៊ីម៉ានី ឬទ្រូម៉ានី តាមលេខទូរសព្ទរបស់ពួកគាត់»។

ឆ្លើយតបនឹងសំណួររបស់ពលរដ្ឋអ្នកសារព័ត៌មាន លោក ថេង សាវឿន មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវមានវិធានការជាក់លាក់ក្នុងការឆ្លើយតប និងគាំទ្រជាស្បៀងអាហារនិងសម្ភារ ដល់ពលរដ្ឋនិងកម្មករដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩នេះ។

លោក ថេង សាវឿន បន្ដថា៖ «នៅចំពោះមុខ គឺត្រូវតែគាំទ្រសម្ភារ ស្បៀង ចំណីអាហារដល់ពួកគាត់។ ម្យ៉ាងវិញទៀត រដ្ឋត្រូវតែគិតគូរសម្របសម្រួលឬបន្ធូរបន្ថយ ជួយចេញថ្លៃអគ្គិសនីឬទឹកប្រើប្រាស់ ដល់ប្រជាពលរដ្ឋក្រីក្រនិងកម្មករ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់រស់បានក្នុងដំណាក់បណ្តោះអាសន្នមួយ ទម្រាំនឹងពួកគាត់ទទួលបានការងារធ្វើវិញ»។

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដែលអាជ្ញាធរសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាច្រើនករណីក្នុងមួយថ្ងៃៗ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដូចជា បិទការធ្វើចរាចរណ៍ពីខេត្តមួយទៅខេត្តមួយ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ផ្អាកការជួបជុំមនុស្សលើសពី២នាក់ វិធានការច្បាប់ដាក់ទោសចំពោះអ្នកបំពានវិធានការសុខាភិបាលនិងរដ្ឋបាល និងវិធានចុងក្រោយគឺសម្រេចបិទផ្សារទាំងអស់ក្នុងរាធានីភ្នំពេញ៕

————————————————

ដោយពលរដ្ឋអ្នកសារព័ត៌មាន​ខេត្តកំពង់ធំ លោក ហ៊ត គឹមហ៊ាត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។