ប្ដី​ប្រពន្ធ​មួយ​គូ​បោះបង់​ការងារ​ចំណាក​ស្រុក​ងាក​មក​បើក​កសិដ្ឋាន​ចិញ្ចឹម​មាន់​

លោក ផុន សុភ័ណ្ឌ អាយុ៣២ឆ្នាំ អតីតពលករចំណាកស្រុកធ្វើការនៅប្រទេសកូរ៉េ ដោយបច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមមាន់ នៅស្រុកឈូក ខេត្តកំពត។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ប្ដីប្រពន្ធមួយគូជាអតីតពលករ-ពលការិនី បានបោះបង់ការងារចំណាកស្រុកនៅប្រទេសកូរ៉េ និងងាកមកចាប់យកការងារកសិកម្មនិងចិញ្ចឹមមាន់នៅឯស្រុកកំណើតវិញ ដោយសារពុំអាចទ្រាំទ្រនឹងសម្ពាធការងារនៅក្រៅប្រទេស។  

អតីតពលការិនីបម្រើការងារនៅប្រទេសកូរ៉េ អ្នកស្រី អ៊ុក សុភាព អាយុ២៨ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា សព្វថ្ងៃ គាត់និងប្ដីគាត់ដែលជាអតីតពលករធ្វើការនៅប្រទេសកូរ៉េដែរនោះ បានងាកមកចាប់មុខរបរកសិកម្មនិងចិញ្ចឹមមាន់នៅស្រុកកំណើតនៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។  

អ្នកស្រីរៀបរាប់ថា ពីរនាក់ប្ដីប្រពន្ធគាត់បានផ្ដើមចិញ្ចឹមមាន់នៅឆ្នាំ២០១៨ ដោយចិញ្ចឹមមេមាន់យកស៊ុតដើម្បីភ្ញាស់យកកូន និងផ្គត់ផ្គង់ឱ្យអ្នកចិញ្ចឹមមាន់សាច់ បច្ចុប្បន្ននេះចិញ្ចឹមសរុបជាង៣០០០ក្បាល។

លោក អ៊ុក សុភាព អាយុ២៨ឆ្នាំ អតីតពលការិនីចំណាកស្រុកធ្វើការនៅប្រទេសកូរ៉េ ដោយបច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមមាន់ នៅស្រុកឈូក ខេត្តកំពត។ (ពលរដ្ឋអ្នកសារព័ត៌មាន)

អ្នកស្រី អ៊ុក សុភាព បន្ដថា៖ «ចាប់ផ្តើមអាជីពជាអ្នកចិញ្ចឹមមាន់បន្តពីឪពុកក្នុងឆ្នាំ២០១៨។ ចិញ្ចឹមមេមាន់យកស៊ុតដើម្បីភ្ញាស់កូនមាន់ផ្គត់ផ្គង់ឱ្យអ្នកចិញ្ចឹមមាន់សាច់។ បច្ចុប្បន្ននេះសរុបចិញ្ចឹមចំនួន៣ ០០០ក្បាលជាង»។

អ្នកស្រី អ៊ុក សុភាព រៀបរាប់ថា ជីវិតជាពលកររស់នៅស្រុកគេពិតជាល្អណាស់ ដោយសារប្រទេសគេស៊ីវិល័យ ប៉ុន្តែមានភាពលំបាករស់នៅឆ្ងាយពីឪពុកម្តាយ ខ្វះភាពកក់ក្តៅ ហើយការធ្វើការងារនៅទីនោះគឺថៅកែមិនអនុញ្ញាតឱ្យឈប់សម្រាកនោះទេ ជួលកាលធ្វើទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

អ្នកស្រីបន្តថា គាត់បានទៅធ្វើការងារនៅប្រទេសកូរ៉េក្នុងឆ្នាំ២០១៣ និងបានផ្លាស់ប្ដូរកន្លែងធ្វើការជាច្រើនដង រហូតសម្រេចចិត្តបោះបង់ការងារនេះតែម្ដង។

អ្នកស្រី អ៊ុក សុភាព បន្ដថា៖ «ការរស់នៅធ្វើការនេះ គឺបានផ្លាស់ប្តូរកន្លែងធ្វើការចំនួនបីរោងចក្រ ហើយការធ្វើការតាមរោងចក្រនីមួយៗមានការលំបាកបែបផែនខុសគ្នា ជួនកាលពិបាកក្នុងបញ្ជារបស់ថៅកូរ៉េ។ ថ្វីបើបានប្រាក់ខែថ្លៃក៏ពិតមែន ប៉ុន្តែគ្មានសិទ្ធិសេរីភាព មិនដូចធ្វើការខ្លួនឯងនោះទេ។ ប្រាក់ខែ១ ០០០ជាងដុល្លារ គិតថាច្រើនសម្រាប់ពលរដ្ឋខ្មែរ ប៉ុន្តែបើប្រទេសកូរ៉េគឺមិនច្រើនទេ របស់របរនៅទីនោះក៏ថ្លៃដែរ ហើយសុខភាពក៏ទ្រាំទ្រមិនបានដែរ»។

ប្ដីអ្នកស្រី អ៊ុក សុភាព គឺលោក ផុន សុភ័ណ្ឌ អាយុ៣២ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា គាត់ក៏ជាអតីតជាពលករបម្រើការងារផ្នែកធ្វើខ្ចៅឡាននៅប្រទេសកូរ៉េផងដែរ និងបានបោះបង់ការងារនេះមកចាប់យកមុខកសិកម្មជាមួយភរិយា។

លោក ផុន សុភ័ណ្ឌ រៀបរាប់ថា ការងារកសិកម្មក៏ជាការងារល្អដែរ ដែលធ្វើឱ្យជីវភាពគ្រួសារមានការផ្លាស់ប្តូររហូតមកដល់សព្វថ្ងៃ ដោយមិនបាច់ចំណាកស្រុកនិងធ្វើការឱ្យគេ។ ជាផែនការ អ្នកស្រី សុភាព នឹងពង្រីកការចិញ្ចឹមមាន់បន្ថែមទៀត ទាំងមាន់មេនិងមាន់សាច់។

លោក ផុន សុភ័ណ្ឌ បន្ដថា៖ «សំណូមពរដល់យុវជនដែលបានធ្វើការងារកសិកម្មហើយ បន្តលើកទឹកចិត្តខ្លួនឯង កុំបោះបង់ឆន្ទៈរបស់ខ្លួន ដើម្បីបង្កើតការងារឱ្យខ្លួនឯង ព្រោះធ្វើការងារឱ្យគេមិនស្រួលដូចមានការងារខ្លួនឯងទេ។ បើយើងមានការងារខ្លួនឯង យើងកាន់តែប្រឹង ចំណូលបានកាន់តែច្រើន មុខរបរកាន់តែធំ»។

ដោយពលរដ្ឋអ្នកសារព័ត៌មាន​ CCIM លោក ហ៊ត គឹមហ៊ាត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។