កម្មករ​ធ្វើ​ចត្តា​ឡីស័ក​នៅ​រោងចក្រ យូលី ត្អូញ​ត្អែរ​ពី​របប​អាហារ​ហូប​ពុំ​គ្រប់​គ្រាន់​និង​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩ ​

រោងចក្រ យូលី ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តស្វាយរៀង)

កម្មករ-កម្មការិនីដែលកំពុងធ្វើចត្តាឡីស័កនៅរោងចក្រ យូលី នៅតំបន់សេដ្ឋកិច្ចពិសេសសានតុង ក្នុងក្រុងបាវិត ខេត្ដស្វាយរៀង ត្អូញត្អែរពីរបបអាហារហូបចុក វិធានការអនាម័យ និងការប្រឈមឆ្លងជំងឺកូវីដ-១៩ ដោយសារតែកន្លែងធ្វើចត្តាឡីស័កនោះមិនគោរពតាមវិធានការរក្សាគម្លាត និងផ្គត់ផ្គង់អាហារមិនបានដិតដល់។

កម្មការិនីរោងចក្រម្នាក់ កញ្ញា ជា ចាន់ធី រស់នៅឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន​ CCIM ថា រាល់ថ្ងៃមានការលំបាកខ្លាំង ដូចជា ការប្រើប្រាស់បន្ទប់ទឹករួមគ្នា ដោយមានមនុស្សច្រើន គ្មានការរក្សាគម្លាត ការផ្ដល់ស្បៀងអាហារដល់កម្មករមិនគ្រប់គ្រាន់ និងកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ។

អ្នកស្រី ជា ចាន់ធី បង្ហាញក្ដីបារម្ភទាំងបញ្ហាហូបចុកមិនគ្រប់គ្រាន់និងការប្រឈមឆ្លងជំងឺ បើសិនជាអាជ្ញាធរពាក់ព័ន្ធនៅតែទុកឱ្យពួកគេរស់នៅក្នុងស្ថានភាពបែបនេះ។

កញ្ញា ជា ចាន់ធី និយាយថា៖ «ខ្ញុំស្នើទៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធ សុំទៅធ្វើចត្តាឡីស័កនៅក្នុងឃុំដែលខ្លួនរស់នៅវិញ។ […] មានខ្វះទឹកផឹក ខ្វះទឹកប្រើប្រាស់នៅក្នុងបន្ទប់ទឹក ឧស្សាហ៍ដាច់ទឹក និងបារម្ភពីសុខភាពខ្លួនឯង ដោយសាររកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីជិត២០នាក់ទៀត កាលពីថ្ងៃទី២៥ ឧសភាឆ្នាំ២០២១»។  

កម្មការិនីរោងចក្រម្នាក់ទៀតនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង កញ្ញា សំអុន ស្រីមុំ លើកឡើងដូចគ្នានេះ ដោយថា ពួកគេត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា ឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីមានអាការក្ដៅខ្លួនឬមិនស្រួលខ្លួនជាដើម។

អ្នកស្រី សំអុន ស្រីមុំ រិះគន់ថា ការប្រាប់ឱ្យកម្មកររស់នៅជុំគ្នាដោយគ្មានវិធានការការពារអនាម័យ និងហូបចុកពុំគ្រប់គ្រាន់នេះ អាចបង្កហានិភ័យទាំងផ្នែកសុខភាព ផ្លូវចិត្ត និងការឆ្លងជំងឺកូវីដ-១៩។

អ្នកស្រី សំអុន ស្រីមុំ បន្ដថា៖ «ឱ្យតែមានអ្នកក្ដៅខ្លួននិងអ្នកមិនស្រួលខ្លូន ពេលក្រុមគ្រូពេទ្យមកធ្វើតេស្ត ដឹងតែវិជ្ជមានកូវីដហើយ។ ការធ្វើចត្តាឡីស័កក្នុងរោងចក្រមានការលំបាកច្រើន ព្រោះមនុស្សច្រើនមិនអាចរក្សាគម្លាតគ្នាល្អ ប្រើប្រាស់បន្ទប់ទឹករួមគ្នា កន្លែងដេកជិតគ្នា បាយទឹកចែកជូនកម្មករមិនគ្រប់គ្រាន់ ទឹកប្រើប្រាស់មិនគ្រប់ ឧស្សាហ៍ដាច់ទឹកក្នុងបន្ទប់ទឹក»។

អ្នកស្រី សំអុន ស្រីមុំ ស្នើឱ្យអាជ្ញាធរនិងមន្ដ្រីពាក់ព័ន្ធធានាការហូបចិត្តនិងសុវត្ថិភាពជូនពួកគេ ដោយស្នើឱ្យផ្ទេរអ្នកដែលធ្វើតេស្ដរកឃើញអវិជ្ជមានទៅធ្វើចត្តាឡីស័កតាមភូមិឃុំដែលខ្លួនរស់នៅវិញ ដូចជានៅតាមសាលារៀនជាដើម ដើម្បីការពារសុវត្ថិភាព និងមានបងប្អូនរបស់ពួកគេយកអាហារឱ្យហូបចុកគ្រប់គ្រាន់ជាងនៅក្នុងរោងចក្រ។

កម្មការិនីម្នាក់ទៀតដែលកំពុងតែធ្វើចត្តាឡីស័កនៅក្នុងរោងចក្រខាងលើនេះដែរ អ្នកស្រី សួស ចាន់ណា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ដែរថា ការធ្វើចត្តាឡីស័កនៅក្នុងរោងចក្រមានផលប៉ះពាល់ច្រើន ដូចជា ពិបាករក្សាគម្លាតគ្នា និងហូបចុកពុំគ្រប់គ្រាន់។

អ្នកស្រី សួស ចាន់ណា បន្ដថា៖ «ពេលចែកបាយទឹកម្ដងៗ គឺដណ្ដើមគ្នាយក មិនមានការរក្សាគម្លាតពីគ្នា ហើយក៏មានកម្មករខ្លះអត់ហ៊ានទៅយកដែរ អ្នកខ្លះបាន អ្នកខ្លះអត់»។

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែវ រដ្ឋា បានឆ្លើយតបថា ការទៅធ្វើចត្តាឡីស័កនៅតាមសាលារៀន គឺខាងអាជ្ញាធរពុំអាចធ្វើបាននោះទេ ដោយលោកលើកហេតុផលថា អាជ្ញាធរពុំអាចរៀបចំគ្រែសម្រាប់គេងនៅទីនោះ ហើយបញ្ហាអាហារហូបចុកទៀតសោត គឺម្ចាស់រោងចក្រជាអ្នកគ្រប់គ្រងប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត កែវ រដ្ឋា បន្ដថា​៖ «ការធ្វើចត្តាឡីស័កនៅតាមសាលារៀន គឺអត់មានគ្រែសម្រាប់បងប្អូនកម្មករសម្រាកទេ ហើយបន្ទប់ទឹកក៏មានតិចទៀត ហើយពិបាកគ្រប់គ្រងពួកគាត់ណាស់។ ចំណែកបាយ ទឹកផឹក ទឹកប្រើប្រាស់ ខាងថៅកែរោងចក្រជាអ្នកគ្រប់គ្រង»។

ប្រធានរដ្ឋបាលរោងចក្រ យូលី លោក សេក ប៊ុនធឿន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន​ CCIM ថា ចំពោះបញ្ហាខ្វះទឹកគឺបណ្ដាលមកពីបែកទុយោទឹកនៅក្នុងរោងចក្រ ប៉ុន្ដែមកដល់ពេលនេះគឺបានដោះស្រាយរួចហើយ។​

ប្រធានរដ្ឋបាលរោងចក្ររូបនេះអះអាងទៀតថា ខាងរោងចក្រក៏បានរៀបចំអាហារជាក្រុមៗតាមចំនួនកម្មករនៅក្នុងក្រុមនីមួយៗ ហើយឱ្យប្រធានក្រុមនីមួយៗចេញមកយកទៅចែកកូនក្រុម​ ដើម្បីកាត់បន្ថយការប្រមូលផ្ដុំគ្នាច្រើន។ យ៉ាងណាក៏ដោយ លោកបន្ដថា លោកនឹងព្យាយាមដោះស្រាយបញ្ហាដែលកម្មករលើកឡើង។   

លោក សេក ប៊ុនធឿន បន្ថែមថា៖ «ចំពោះបញ្ហាថាមានការដណ្ដើមគ្នា បានមិនគ្រប់គ្នា គឺលោកមិនបានឃើញដែរ ដោយសារលោកនៅខាងក្រៅរោងចក្រ។ ខ្ញុំសង្ស័យប្រហែលមានការយកលើសចំណែក ឧទាហរណ៍ថា ក្នុងមនុស្សម្នាក់យកបានតែមួយចំណែក តែមានអ្នកខ្លះយកពីចំណែកអ៊ីចឹងទៅ [ទើប]បានខ្វះ»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា អ្វីដែលកម្មករលើកឡើង វាអាចជារឿងពិត ដោយថា ការគ្រប់គ្រងក្នុងរោងចក្រមិនអាចធានាសុវត្ថិភាពនិងរបបអាហារហូបចុកគ្រប់គ្រាន់សម្រាប់ពួកគេឡើយ។

លោកស្នើឱ្យអាជ្ញាធរនិងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមចំពោះបញ្ហាដែលក្រុមកម្មករបានលើកឡើង និងដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព។

លោក អាត់ ធន់ មានប្រសាសន៍បន្ដថា៖ «ជាធម្មតា យើងមានសណ្ឋាគារឬកន្លែងដែលច្បាស់លាស់ល្អហើយ នៅតែពិបាក! ចុះទម្រាំយកកន្លែងរោងចក្រមកធ្វើជាកន្លែងចត្តាឡីស័ក គឺច្បាស់តែជាមានបញ្ហាហើយ។ កន្លងមក យើងក៏ធ្លាប់ឮការរិះគន់ជាច្រើនពីកម្មករនៅតំបន់មួយចំនួននៅតំបន់បិទខ្ទប់ផងដែរ គឺការធ្វើចត្តាឡីស័កនៅតាមរោងចក្រគឺមានការលំបាកណាស់»៕

ដោយពលរដ្ឋអ្នកសារព័ត៌មាន​ CCIM លោក សួន វុត្ថា

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។