កម្ពុជាបានសម្រេចជាគោលការណ៍អនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកចុះទៅពិនិត្យមើលដោយផ្ទាល់នៅកំពង់ផែរាម តាមសំណើរបស់ប្រមុខការទូតសហរដ្ឋអាមេរិក ដើម្បីបញ្ចប់មន្ទិលសង្ស័យថា កម្ពុជាបានអនុញ្ញាតឱ្យយោធាចិនឈរជើងនៅទីនោះ។
ការប្រកាសនេះបានធ្វើឡើងដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា តាមរយៈសារព័ត៌មាន Fresh New នៅព្រឹកថ្ងៃទី៣ ខែមិថុនានេះ។
លោកបានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិកចុះពិនិត្យកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិលសង្ស័យថាមានមូលដ្ឋានទ័ពចិន»។
ទោះជាយ៉ាងនេះក្តី ប្រមុខការពារជាតិកម្ពុជានៅមិនទាន់បញ្ជាក់អំពីពេលវេលាដែលអនុព័ន្ធយោធាអាមេរិកនឹងទៅធ្វើទស្សនកិច្ចនៅតំបន់កំពង់ផែរាមនេះនៅឡើយទេ ដោយលោកបញ្ជាក់ថា ពួកគេអាចមកពិនិត្យកំពង់ផែរាមនៅពេលឆាប់ៗខាងមុខនេះ។
វីអូឌី មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជុំវិញបញ្ហានេះបាននៅឡើយទេ។
ចំណែកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ អាចត្រឹមបញ្ជាក់យ៉ាងខ្លីថា អ្នកសារព័ត៌មានក៏អាចចុះយកព័ត៌មាននៅពេលនោះផងដែរ។
លោកមានប្រសាសន៍យ៉ាងខ្លីថា៖ «មិនទាន់បានដំណឹងពិតប្រាកដទេ»។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) បានប្រាប់ វីអូឌី តាមរយៈសារអេឡិចត្រូនិចនៅថ្ងៃនេះ ដោយមិនទាន់បញ្ជាក់នៅឡើយទេថា តើអនុព័ន្ធយោធាស្ថានទូតអាមេរិកនឹងទៅធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពរាមនៅពេលណានៅឡើយទេ។
ប៉ុន្តែលោកបញ្ជាក់ថា ដំណើរទស្សនកិច្ចជារឿយៗនៃអនុព័ន្ធយោធាបរទេសទាំងអស់នៅឯមូលដ្ឋានកងទ័ពជើងទឹករាមនេះ នឹងអាចរួមចំណែកក្នុងការបង្កើនតម្លាភាពសម្រាប់កម្ពុជា។
លោកថា៖ «អនុរដ្ឋមន្ត្រីការបរទេស Sherman បានបង្ហាញកង្វល់ជាខ្លាំងចំពោះសកម្មភាពយោធាចិននៅឯមូលដ្ឋានទ័ពរាមនេះ ដែលវានឹងប៉ះពាល់ដល់អធិបតេយ្យកម្ពុជា ការគំរាមកំហែងដល់សន្តិសុខតំបន់ និងការជះឥទ្ធិពលជាអវិជ្ជមានដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា»។
ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានសំណើពីលោកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) អនុរដ្ឋមន្រ្តីការបរទេសអាមេរិក នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមិថុនា។
នៅក្នុងជំនួបដែលធ្វើឡើងនៅឯវិមានសន្តិភាពនោះ លោកស្រី Wendy Sherman បានបង្ហាញក្ដីកង្វល់យ៉ាងខ្លាំងអំពីវត្តមាន និងការកសាងបរិក្ខារយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម។ លោកស្រីក៏បានសួរបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា អំពីការវាយកម្ទេចចោលអាគារពីរខ្នងដែលជាជំនួយរបស់សហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពជើងទឹករាម ដោយគ្មានការជូនដំណឹងឬការពន្យល់ឱ្យបានត្រឹមត្រូវដល់ភាគីសហរដ្ឋអាមេរិកទៀតផង។
ប៉ុន្តែពាក់ព័ន្ធករណីកំពង់ផែរាមនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បញ្ជាក់ថា កម្ពុជាគ្រាន់តែទទួលបានជំនួយពីចិនដែលជាមិត្តដែកថែបរបស់ខ្លួន ក្នុងការជួយសាងសង់កំពង់ផែតំបន់រាមឱ្យមានលក្ខណៈធំទូលាយនិងទំនើបជាងមុនតែប៉ុណ្ណោះ ហើយជំនួយនេះមិនមានលក្ខខណ្ឌដូចមហាអំណាចដទៃទេ។ លោកបានបញ្ជាក់ថា បន្ទាប់ពីការសាងសង់រួច កម្ពុជាទេដែលជាអ្នកប្រើប្រាស់កំពង់ផែទំនើបនេះ ដោយមិនបានប្រគល់ឱ្យចិនផ្តាច់មុខដូចការចោទប្រកាន់របស់អាមេរិកនោះឡើយ។
ទោះជាយ៉ាងនេះក្តី លោក ឯម សុវណ្ណរ៉ា សាស្ត្រាចារ្យនិងជាអ្នកវិភាគនយោបាយ យល់ថា ទស្សនកិច្ចនេះហាក់លែងជារឿងចាំបាច់ទៀតហើយ។
បើតាមអ្នកវិភាគរូបនេះ អ្វីដែលជាចំណុចសំខាន់ពេលនេះ គឺនៅត្រង់គោលជំហរនយោបាយរបស់កម្ពុជា។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ទស្សនៈខ្ញុំផ្ទាល់ ដំណើរទស្សនកិច្ចនៅមូលដ្ឋានផែយោធារាម នាវាជើងទឹកហ្នឹង វាលែងជាការចាំបាច់ហើយសម្រាប់ការលាងជម្រះមន្ទិលសង្ស័យនៃការយល់ច្រឡំគ្នា ពាក់ព័ន្ធនឹងវត្តមានយោធាហ្នឹងណា! ព្រោះបច្ចុប្បន្ន វាហាក់ដើរផុតទៅលើចំណុចវិបត្តិទៅហើយ ចំណុចសំខាន់វានៅលើជំហរនយោបាយរបស់កម្ពុជាបច្ចុប្បន្ននេះដែលវាមានសារៈសំខាន់ជាង»។
គួររំឭកជូនថា កាសែតអាមេរិក The Wall Street Journal បានចុះផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩ ថាកម្ពុជាបានលួចចុះកុងត្រាយោធាសម្ងាត់ជាមួយចិន ឱ្យចិនគ្រប់គ្រងកំពង់ផែកងទ័ពជើងទឹករាមផ្តាច់មុខរហូតដល់ទៅ៣០ឆ្នាំ ហើយកុងត្រានេះអាចបន្តបានរៀងរាល់១០ឆ្នាំម្តង។
ប៉ុន្តែភាគីកម្ពុជាបានច្រានចោលម្តងហើយម្តងទៀត និងបានចាត់ទុកថា ព័ត៌មាននោះជាព័ត៌មានក្លែងក្លាយនិងមានចេតនាបម្រើមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់អាមេរិក។
កាលពីឆ្នាំទៅ ក្រសួងការពារជាតិកម្ពុជា ក៏បានអញ្ជើញអ្នកសារព័ត៌មានក្នុងស្រុករាប់សិបស្ថាប័នទៅធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាមនេះម្តងរួចមកហើយ ប៉ុន្តែនៅតែមិនអាចស្តារទំនុកចិត្តពីសហរដ្ឋអាមេរិកបានឡើយ៕
អត្ថបទទាក់ទង
កម្ពុជាថាខ្លួនមិនលម្អៀងទៅរកមហាអំណាចណាមួយ ក្រោយអាមេរិកបង្ហាញកង្វល់ពីវត្តមានយោធាចិន
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរថា ខ្លួនប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់មិនលម្អៀងទៅរកប្រទេសមហាអំណាចណាមួយ ដើម្បីការពារឯករាជ្យភាព អព្យាក្រឹត និងអធិបតេយ្យភាពរបស់ខ្លួន ដែលការបញ្ជាក់នេះជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិកដែលសម្តែងកង្វល់ជាខ្លាំងលើវត្តមានយោធាចិននៅលើទឹកដីកម្ពុជា។