អ្នក​មាន​ជម្លោះ​ដី​ធ្លី​ទាម​ទារ​យុត្តិធម៌​ ក្រោយ​ទទួល​រង​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​មេ​ឈ្មួញ​ទិញ​ដី​

អ្នកស្រី ឆែម ខ្មាន់ អះអាងថាជាស្ត្រីរងគ្រោះក្នុងទំនាស់ដីធ្លីមួយកន្លែង ស្ថិតក្នុងភូមិព្រៃព្រាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ជនរងគ្រោះដែលអះអាងថា បានទទួលរងអំពើហិង្សាពីសំណាក់បក្ខពួកមេឈ្មួញទិញលក់ដីនៅខេត្តកំពត អ្នកស្រី ហៀង គន្ធី ទាមទារសំណងជំងឺចិត្តតាមការសម្រេចរបស់សាលាដំបូងខេត្តកំពត ជុំវិញភាពចម្រូងចម្រាសនៃបញ្ហាដីធ្លី។

អ្នកស្រី ឆែម ខ្មាន់ ដែលជាស្រី្ដរងគ្រោះ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អ្នកស្រីស្នើសុំឱ្យតុលាការខេត្តកំពតអនុវត្តទោសចំពោះជនបង្កទាំង១៤នាក់ ដោយថា រូបគាត់ត្រូវបានបក្ខពួកមេឈ្មួញទិញដីរបស់អ្នកស្រី ហៀង គន្ធី វាយធ្វើបាបប្រើហិង្សា និងគំរាមសម្លាប់ពួកគេទៀតផង។

អ្នកស្រី ឆែម ខ្មាន់ រៀបរាប់បន្ដថា៖ «វាជារឿងឈឺចាប់សម្រាប់ខ្ញុំ។ គេមានគ្នាប្រុសស្រី៥ទៅ៨នាក់ ព្រួតវាយរូបខ្ញុំតែម្នាក់ឯង វាយដូចសត្វធាតុ ព្រោះគេចង់ឱ្យខ្ញុំខ្លាច លែងហ៊ានរស់នៅផ្ទះខ្លួនឯងតទៀត។ ហើយគេបានគំរាមថា ចង់ទៅប្ដឹងឯណា ប្ដឹងទៅ តែហ៊ានប្ដឹង ប្រយ័ត្នវាយងាប់»។

ពលរដ្ឋម្នាក់ទៀត លោក ថន សុខា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា មកដល់ពេលនេះ ជនរងគ្រោះមិនបានទទួលសំណងជំងឺចិត្តឡើយ ខណៈការកាត់ទោសក៏ធ្វើឡើងដោយកំបាំងមុខ គ្មានវត្តមានអ្នកស្រី ហៀង គន្ធី។

លោកបន្តថា អ្នកស្រី ហៀង គន្ធី និងបក្ខពួក គឺជាមេឈ្មួញទិញលក់ដី ដែលតែងតែដើរវាយតប់លើពលរដ្ឋណាដែលហ៊ានប្រើប្រាស់ដីដាំដំណាំក្នុងចម្ការក្នុងតំបន់វាលវែង វាលឈើត្រាវ ស្ថិតក្នុងភូមិព្រៃព្រាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ហើយករណីនេះក៏មិនដែលឃើញអាជ្ញាធរហ៊ានចេញមុខឈឺឆ្អាលនិងដោះស្រាយឡើយ។

បើតាមការអះអាងរបស់ក្រុមប្រជាពលរដ្ឋ ករណីបង្ករបួសសា្នមគឺបណ្ដាលមកពីជម្លោះដីធ្លីនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដែលបន្តកើតឡើងមិនឈប់ឈររវាងពលរដ្ឋនិងមេឈ្មួញដែលបានកាត់វាទីដីឱ្យឧកញ៉ាមួយចំនួន ហើយជម្លោះទាំងនោះបានឈានដល់ការបង្កហិង្សារបួសស្នាមធ្ងន់ធ្ងរនិងស្លាប់បាត់បង់ជីវិតក៏មាន។

នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋប្រមាណ៨០នាក់ តំណាងឱ្យពលរដ្ឋ៥០០គ្រួសារ បានប្រមូលផ្ដុំគ្នាមុខសាលាដំបូងខេត្តកំពត ទាមទាររកយុត្តិធម៌ជូនជនរងគ្រោះក្នុងទំនាស់ដីធ្លី។

ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១១ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មានជនជាប់ចោទចំនួន១៤នាក់ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា» ប្រព្រឹត្តនៅភូមិព្រៃព្រាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ និងខែមិថុនា ឆ្នាំ២០១៧។

ឈ្មោះជនដៃដល់រួមមាន ហៀង គន្ធី, ច្រឹង ចេក, ប្រាក់ នាគ, ង៉ែត ផុន, ហៀន ចាន់, មឿន វាសនា, តូច សារុំ, អ៊ុន អាង, ហង់ ធី, អាំ ផល្លីន, មាស ភា, ព្រីង ឡន និង ទុយ មឿន៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក អ៊ុំ​ វិចិត្រ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។