អ្នក​មាន​ជម្លោះ​ដី​ធ្លី​ទុក​ពេល​១​សប្ដាហ៍​ឱ្យ​ក្រុម​ហ៊ុន​​​​​​​អភិ​​​វឌ្ឍ​ន៍​​​​​ព្រលា​ន​​​​យន្ត​ហោះ​ថ្មី​ដោះ​ស្រាយ​

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋជាង១០០នាក់ដែលមកពីឃុំចំនួន៤ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រមូលផ្ដុំគ្នាបិទផ្លូវតវ៉ាទាមទារឱ្យក្រុមហ៊ុនឧកញ៉ា ពង់ ឃាវសែ ស្វែងរកដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ក្រុមពលរដ្ឋមានជម្លោះដីធ្លីព្រមានទុកពេលឱ្យក្រុមហ៊ុន​​​​​​អភិ​​វឌ្ឍ​ន៍​​​​ព្រលា​ន​​​យន្តហោះថ្មីចេញមកដោះស្រាយតាមសំណើរបស់ពួកគេ បើពុំនោះទេ ពួកគេនឹងប្រមូលផ្ដុំគ្នាជាលក្ខណៈទ្រង់ទ្រាយធំ។

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាង១០០នាក់ដែលមកពីឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំពត់សរ ឃុំអំពៅព្រៃ និងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រមូលផ្ដុំគ្នាបិទផ្លូវតវ៉ាទាមទារឱ្យក្រុមហ៊ុនឧកញ៉ា ពង់ ឃាវសែ ស្វែងរកដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។

តំណាងប្រជាពលរដ្ឋមកពីឃុំអំពៅព្រៃ លោក ភោគ ផាន់នី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ប្រជាពលរដ្ឋប្រមាណជាង១០០នាក់បានបិទផ្លូវ នៅម៉ោង៧ ដល់ម៉ោង១០ព្រឹក នៅចំណុចភូមិអំពៅព្រៃ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ដោយទាមទារទៅក្រុមហ៊ុនម៉ៅការសាងសង់ OCIC របស់ក្រុមហ៊ុនឧកញ៉ា ពង់ ឃាវសែ ដោយសារពួកគេបារម្ភខ្លាចក្រុមហ៊ុនឈូសឆាយដីធ្លីរបស់ពួកគាត់ដោយមិនដោះស្រាយផល​ប៉ះ​ពាល់និងផ្ដល់សំណងសមរម្យ។

លោកថា ដីដែលបន្ដមានជម្លោះនេះស្ថិតលើដីដែលមានប្លង់រឹង ទំហំ៤០០ហិកតា ពាក់ព័ន្ធនឹងឃុំចំនួន៤ ហើយមានគ្រួសារសរុបចំនួន១៩៧គ្រួសារកំពុងទាមទារឱ្យក្រុមហ៊ុនដោះស្រាយជាបន្ទាន់។

បើតាមប្រជាពលរដ្ឋមានជម្លោះដីធ្លីរូបនេះ ប្រជាពលរដ្ឋមិនព្រមទទួលយកតម្លៃដែលក្រុមហ៊ុនផ្ដល់ឱ្យចំនួន៨ដុល្លារក្នុងមួយម៉ែត្រការ៉េទេ ដោយថា តម្លៃនេះទាបពេកធៀបនឹងតម្លៃទីផ្សារ និងមិនអាចឱ្យពលរដ្ឋយកទៅទិញដីនៅតំបន់ផ្សេងបាន។

លោក ភោគ ផាន់នី បន្ដថា៖ «ក្រុមហ៊ុនឱ្យពួកខ្ញុំតែតម្លៃ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃដែលពួកខ្ញុំមិនអាចទៅរកទិញនៅកន្លែងផ្សេងបាន ដោយកន្លែងផ្សេង គេលក់ក្នុងតម្លៃពី៧០ដល់១០០ដុល្លារ[ក្នុងមួយម៉ែត្រការ៉េ] អ៊ីចឹងហើយបានជាពួកខ្ញុំមិនលក់ឱ្យក្រុមហ៊ុនបាន។»

តំណាងប្រជាពលរដ្ឋមកពីឃុំបឹងខ្យាង លោក ឃាង សុខមាន លើកឡើងថា ដីរបស់ពួកលោកសុទ្ធតែជាដីកម្មសិទ្ធិឯកជនស្របច្បាប់។ លោកថា មួយរយៈពេលកន្លងមក ពលរដ្ឋធ្លាប់បានបោះតង់តវ៉ា ដើម្បីកុំឱ្យរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី ស្ថិតនៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។

លោក ឃាង សុខមាន បញ្ជាក់ថា នេះជាការប្រមូលផ្ដុំទ្រង់ទ្រាយតូចប៉ុណ្ណោះ ហើយក្រុមពលរដ្ឋប្រកាសទុកពេលឱ្យក្រុមហ៊ុនចំនួន១សប្ដាហ៍ ដើម្បីដោះស្រាយមុននឹងឈានដល់ការប្រមូលផ្ដុំតវ៉ាលក្ខណៈទ្រង់ទ្រាយធំ។ 

លោក ឃាង សុខមាន បន្ដថា៖ «ពលរដ្ឋបានប្រមូលផ្តុំគ្នាតវ៉ានៅទីតាំង​ដីកំពុង​មាន​ជម្លោះ ដោយក្រុមហ៊ុនបានយកគ្រឿងចក្រមកឈូសឆាយលើដីរបស់ពួកគាត់ ជាពិសេសគឺស្រូវពង្រោះដែលពួកគាត់កំពុងតែធ្វើ បែរជាក្រុមហ៊ុនយកគ្រឿងចក្រ២គ្រឿង និងឡានបាញ់ទឹក៣គ្រឿងបម្រុងបាញ់ប្រជាពលរដ្ឋដែលមករារាំងគ្រឿងចក្រដែលកំពុងឈូសឆាយ»។

អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ ប្រាប់ វីអូឌី កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ថាអាជ្ញាធរខេត្តនេះបានសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋជាច្រើនដងហើយ ប៉ុន្តែពលរដ្ឋនៅតែមិនព្រម។ លោកបន្តថា​ រដ្ឋាភិបាលសម្រេចផ្តល់៨ដុល្លារក្នុងមួយម៉ែត្រ​ការ៉េជូនពលរដ្ឋ គឺធ្វើឡើងតាមការវាយតំម្លៃមុនមានគម្រោងអភិវឌ្ឍន៍។

លោកថា មុនមានគម្រោងអភិវឌ្ឍន៍ ដីតំបន់នោះ ១ម៉ែត្រ​ការ៉េ ត្រឹមតែ៣ទៅ៨ដុល្លារប៉ុណ្ណោះ ហើយអាជ្ញាធរខេត្តបានសម្របសម្រួលដោះស្រាយតាំងពីពេលនោះ ប៉ុន្តែពលរដ្ឋនៅតែមិនព្រម​ ដែលធ្វើឱ្យជម្លោះបន្តអូសបន្លាយដល់ពេលនេះ។

កាលពី​ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយដោយ​ផ្តល់​​ដី​រដ្ឋ​ទំហំ២ ៦០០ហិ​កតា ដែល​លាតសន្ធឹង​លើ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ ឱ្យ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា ​(CAIC) ​វិនិយោគ​រួមគ្នាជាមួយ​សាជីវកម្ម​​ក្រៅប្រទេស និង​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដើម្បី​អភិវឌ្ឍ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​មួយ៕  


ពលរដ្ឋអ្នកសារព័ត៌មាន CCIM

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។