ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ឧកញ៉ា​ សូ ងួន​​ ស្នើ​សុំ​អន្តរា​គមន៍​ជា​ថ្មី​ពី​អាជ្ញាធរ​ខេត្ត​កំពត​

ក្រុមសន្តិសុខក្រុមហ៊ុន សូ ងួន ប៉ះទង្គិចគ្នាជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធជម្លោះដីធ្លី ស្ថិតក្នុងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅខេត្តកំពត។ (ផ្ដល់ឱ្យ)

អតីតមន្ត្រី​យោធា​នៃ​បញ្ជាការដ្ឋាន​ការពារ​កោះឆ្នេរ និងពលរដ្ឋសរុបជិត២០០គ្រួសារ ស្នើសុំអន្ដរាគមន៍ពីរដ្ឋបាលខេត្តកំពត ពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា សូ ងួន ស្ថិតនៅភូមិម្ដុំផ្ដៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដែលបានអូសបន្លាយមកជាច្រើនឆ្នាំមកហើយ។

អតីតទាហានសមាហរណកម្ម ដែលកាន់កាប់ដីធ្លីជាប់នឹងដីសម្បទានរបស់លោកឧកញ៉ា សូ ងួន លោក កុយ ក្រិន លើកឡើងថា ក្រុមហ៊ុនឧកញ៉ា សូ ងួន នៅតែបន្ដប្រើកម្លាំងចាំពួនស្ទាក់និងធ្វើបាបប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយខ្លួន។ លោកអះអាងថា សន្តិសុខទាំងនោះតែងតែដើរអុកឡុកលើពលរដ្ឋដែលធ្វើចម្ការស្រែលើដីរបស់ពួកគាត់។

លោក កុយ ក្រិន បន្ដថា៖ «កម្លាំងសន្តិសុខរបស់លោក សូ ងួន ជាង១០០នាក់ មានឯកសណ្ឋានលាយឡំគ្នា មានទាំងដំបងឆក់និងសម្ភារផ្សេងៗក្នុងដៃ ចាំស្ទាក់កម្លាំងពលរដ្ឋទៅឃាត់ការកាយព្រំប្រទល់យកដីដែលបំពានលើដីដាំដុះរបស់ពួកគាត់»។

អតីតនាយទាហានសមាហរណកម្មម្នាក់ទៀត លោក ស្វាយ សុផាត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ពលទាហានរបស់លោកបានចូលមកកាន់កាប់ដីនៅតំបន់នេះតាំងពីឆ្នាំ១៩៩៨ ពោលគឺក្រោយពេលផ្ដាច់ខ្លួន ក្រោមការរៀបចំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

បើតាមសម្ដីលោក ស្វាយ សុផាត អតីតពលទាហានចំនួន៣៧០នាក់បានទទួលការគ្រប់គ្រងលើដីចំនួន១ ២០០ហិកតា ប៉ុន្ដែអ្នកបានមកកាន់កាប់ដីជាក់ស្ដែងមានចំនួនតែ១០១គ្រួសារប៉ុណ្ណោះ ចំណែកអ្នកផ្សេងទៀតនៅបន្ដឈរជើងនៅមូលដ្ឋានទ័ពនៅតាមកោះនានានៅដែនសមុទ្រ និងថា នៅអំឡុងឆ្នាំ២០០៤ ទើបមានពលរដ្ឋមកពីឃុំតាកែន មកកាន់កាប់បន្ថែមទៀត។

លោកបានបន្តថា ឆ្នាំ២០០៧ ដល់២០០៨ លោកអភិបាលខេត្តចាស់ ឯកឧត្តម ខូយ ឃុនហ៊ួរ ចាត់ចែងឱ្យពលទាហាន របស់លោកបានប្រើប្រាស់ដីនេះម្នាក់តែ២ហិកតាទេ មានការវាស់វែងដោយក្រុមនិស្សិត (បទបញ្ជា០១) បានវាស់វែងដី របស់ពួកគាត់បានតែ១៦៥ហិកតា នៅសេសសល់២៤០ហិកតា។ ចំណែកដី៣៣៥ហិកតាផ្សេងទៀតជាដីកាន់កាប់អាស្រ័យផលរបស់ពួកគាត់ ក្នុងស្ថានភាពប្រទាញប្រទង់ប្ដឹងផ្ដល់គ្នានឹងក្រុមហ៊ុនឧកញ៉ា សូ ងួន។

លោក ឡាយ តាំងលី មេការរបស់ក្រុមហ៊ុនលោកឧកញ៉ា សូ ងួន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការកាយព្រំប្រទល់ដីនៅភូមិម្ដុំផ្ដៅនេះ ភាគីក្រុមហ៊ុននិងកម្លាំងកម្មករដែលទៅឈរជើងនៅទីតាំងនោះ គ្រាន់តែការពារអេស្កាវ៉ាទ័រប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការកាយព្រំប្រទល់នេះ ក្រុមហ៊ុនរបស់លោកបានទទួលការអនុញ្ញាតពីរដ្ឋបាលខេត្តត្រឹមត្រូវ ដីដែលក្រុមហ៊ុនបានទទួលសិទ្ធិវិនិយោគស្របច្បាប់ពីក្រសួងកសិកម្ម មានទំហំជាង៦ពាន់ហិកតា (៦ ១០៧,៥៥ហិកតា) ដីដែលទទួលសិទ្ធិក្រោយបទបញ្ជា (០១) ចំនួន១៩២ហិកតា ហើយ៩៧ហិកតាទៀតកាត់ទៅឱ្យយោធា។

លោកអះអាងថា៖ «ដីដែលក្រុមហ៊ុន វើលដ៍ស្ដារ អិនធើថិនមេន នេះមានការដាំដុះប្រើប្រាស់ទៅតាមបច្ចេកទេសនិងមានការទទួលស្គាល់ពី ស.ជ.ណ លេខ២៨៩ របស់ក្រសួងកសិកម្ម»។

មេឃុំត្រពាំងភ្លាំង លោក ឆៅ វ៉ាន់ណារ៉េត មានប្រសាសន៍ថា ទំនាស់ដីធ្លីរវាងទាហានសមាហរណកម្ម និងក្រុមហ៊ុនឧកញ៉ា សូ ងួន បានអូសបន្លាយច្រើនឆ្នាំមកហើយ ដោយក្រុមការងារថ្នាក់ឃុំបានចុះទៅកន្លែងទាស់ទែងគ្នា ដើម្បីសម្របសម្រួលឱ្យពលរដ្ឋយោធានិងភាគីក្រុមហ៊ុនបញ្ឈប់សកម្មភាព ដើម្បីរង់ចាំការដោះស្រាយដោយសន្តិវិធី។

លោក អ៊ូច សុវណ្ណចាន់ថន តំណាងអង្គការលីកាដូ ប្រចាំខេត្តកំពត លើកឡើងថា តំណាងពលរដ្ឋនិងអតីត​កងកម្លាំង​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ​ គួរស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋបាលខេត្តកំពត ដើម្បីទាមទាររកដំណោះស្រាយតាមផ្លូវច្បាប់។

កាលពីខែមីនា ឆ្នាំ២០២១ ក្រុមប្រជាពលរដ្ឋនិងអតីតកងយោធាបានប៉ះទង្គិចគ្នាជាមួយក្រុមហ៊ុន សូ ងួន និងបណ្ដាលឱ្យពលរដ្ឋរបួស២នាក់។ ករណីជម្លោះឈានដល់ហិង្សានេះ នាំឱ្យអាជ្ញាធរសម្រេចឃាត់ខ្លួនសន្តិសុខរបស់ក្រុមហ៊ុនម្នាក់ ហើយ២នាក់ទៀតរត់គេចខ្លួន។

ក្នុងលិខិត​មួយ​ច្បាប់របស់​រដ្ឋបាលខេត្តកំពត ផ្ញើជូនទៅ​ឧកញ៉ា សូ ងួន បាន​លើកឡើងថា ក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន បានយកគ្រឿងចក្រ២គ្រឿង អមដោយសន្តិសុខជាង១០០នាក់ ធ្វើសកម្មភាពឈូសឆាយកាយព្រំដីទំនាស់ទំហំ២៣៨ហិកតា ដែលកំពុងកាន់កាប់ដោយអតីត​កងកម្លាំងសមាហរណកម្មការពារកោះឆ្នេរ។

សូមបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០០៥ ក្រុម​ហ៊ុន ​សូ ងួ​ន ទទួល​បាន​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ ​ទំហំដី​សរុប៩ ៨០០ហិ​កតា ប៉ុន្តែ​ក្រោយមក​បាន​អនុវត្ត​សារាចរលេខ០១ របស់រដ្ឋាភិបាល ដោយ​តម្រូវឱ្យ​ក្រុមហ៊ុននេះ​​​កាត់ដីសម្បទាន​មួយផ្នែក​ធំ​បែងចែក​ទៅ​ឱ្យប្រជាពលរដ្ឋ​រស់នៅនិង​អាស្រ័យផល​ជាក់ស្តែង ដោយ​បច្ចុប្បន្ន​នៅ​សស់​តែ៦ ០០៧ហិ​កតាប៉ុណ្ណោះ។

បើតាមតំណាងពលរដ្ឋ ក្នុងឃុំត្រពាំងភ្លាំង មានភូមិចំនួន៣​ដែលរងផលប៉ះពាល់ដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន ក្នុងនោះ «ភូមិដុំផ្តៅ» មានពលរដ្ឋជាង១០០គ្រួសារបានរងផលប៉ះពាល់ ដោយមួយគ្រួសារប៉ះពាល់ដីប្រមាណ៣ ទៅ១០ហិកតា៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក អ៊ុំ វិចិត្រ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។