យុទ្ធជន​ពិការ​ម្នាក់​រង​គ្រោះ​ដោយ​សារ​​អំពើ​ហិង្សា​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ​ពាក់​ព័ន្ធ​ជម្លោះ​ដី​ធ្លី ​

លោក ព្រំ ឈាន អាយុ៥៥ឆ្នាំ អះអាងជាជនរងគ្រោះ និងពិការជើងខាងឆ្វេងម្ខាង ផ្ដល់បទសម្ភាសន៍ដល់ពលរដ្ឋអ្នកសារព័ត៌មាន CCIM អំពីហេតុការណ៍ដែលគាត់រងគ្រោះហិង្សាពាក់ព័ន្ធជម្លោះដីធ្លី នៅខេត្តកំពត។ (ពលរដ្ឋអ្នកសារព័ត៌មាន CCIM)

ពលរដ្ឋជាអតីតយុទ្ធជនពិការជើងម្នាក់ចោទថា បក្ខពួកមេឈ្មួញដីធ្លីបានព្រួតវាយរូបគាត់ពាក់ព័ន្ធនឹងការដណ្ដើមកាន់កាប់ដីធ្លីទំហំពី៤ហិកតា នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

លោក ព្រំ ឈាន អាយុ៥៥ឆ្នាំ អះអាងជាជនរងគ្រោះ និងពិការជើងខាងឆ្វេងម្ខាង ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា រូបគាត់ត្រូវបានឈ្មួញទិញដីនិងបក្ខពួកមួយក្រុមមានគ្នា១៣នាក់ព្រួតគ្នាវាយធ្វើបាប កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១​ ប្រហែលម៉ោង៦និង៣០នាទីល្ងាច។

លោក ព្រំ ឈាន រៀបរាប់បន្ដថា៖ «ខ្ញុំមិនដឹងទេថា អ្នកមកកាប់រានដីជិតខាងនោះ​មានគំនុំអ្វីឱ្យធំដុំតាំងពីពេលណាជាមួយរូបខ្ញុំទេ! ខ្ញុំក៏សួរថា មានរឿងអីនិយាយក៏បាន ម៉េចចាំបាច់ធ្វើដល់ថ្នាក់នេះ»

ទោះបីជាមិនដឹងពីហេតុផលនៃការប្រើហិង្សាលើរូបលោកក៏ពិតមែន បុរសរូបនេះអះអាងថា មានជនបង្កមានចំនួន១៣នាក់ (ស្រី១នាក់) បាននាំគ្នាមកវាយកម្ទេចផ្ទះសម្បែងគាត់ដោយមិនដឹងហេតុផល។ ក្នុងចំណោមមនុស្ស១៣នាក់ មាន៣នាក់ ដែលលោកថាមានឈ្មោះ «ធី» ឈ្មោះ «ម៉ៅ» និងឈ្មោះ «នេម» បានស្ទុះមកវាយលើរូបលោកត្រង់កញ្ចឹងក និងទាត់ធាក់ចំពោះនិងដើមទ្រូង បណ្ដាលឱ្យចុកស្ទះ ចំណែកកូនប្រុសគាត់បានរត់រួច។

លោកបន្ដថា ប្រពន្ធរបស់លោកបានទូរសព្ទសុំកិច្ចអន្តរាគមន៍ពីប៉ូលិសប៉ុស្តិ៍ឃុំត្រពាំងភ្លាំងដែរ ប៉ុន្ដែសមត្ថកិច្ចមិនបានចុះមកទាន់ពេលវេលានោះទេ ព្រោះតំបន់ដាច់ស្រយាល សេវាទូរសព្ទខ្សោយ និងពិបាកទំនាក់ទំនងគ្នា។ យ៉ាងណាក៏ដោយ លោកថា បានដាក់ពាក្យបណ្ដឹងលើជនបង្ករួចហើយនៅប៉ុស្តិ៍ប៉ូលិសព្រហ្មទណ្ឌខេត្តកំពត។

លោក ព្រំ ឈាន អាយុ៥៥ឆ្នាំ អះអាងជាជនរងគ្រោះ និងពិការជើងខាងឆ្វេងម្ខាង ផ្ដល់បទសម្ភាសន៍ដល់ពលរដ្ឋអ្នកសារព័ត៌មាន CCIM អំពីហេតុការណ៍ដែលគាត់រងគ្រោះហិង្សាពាក់ព័ន្ធជម្លោះដីធ្លី នៅខេត្តកំពត។ (ពលរដ្ឋអ្នកសារព័ត៌មាន CCIM)

ប្រភពពីពលរដ្ឋម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា បញ្ហាជម្លោះដីធ្លីនេះពាក់ព័ន្ធដីទំហំ៤ទៅ១០ហិកតា ដែលពលរដ្ឋបានដណ្ដើមគ្នាកាន់កាប់និងធ្វើស្រែជាន់លើគ្នា ដោយមួយឆ្នាំ ម្នាក់កាប់ឆ្ការដាំដុះ ម្នាក់ទៀតក៏ធ្វើតាមក្រោយលើដីនោះ ហើយថ្មីៗនេះមានត្រាក់ទ័រឈូសឆាយដីចែកគ្នា ពេលមិនត្រូវគ្នា ទើបជម្លោះហិង្សាកើតឡើងដូច្នេះ។  

មេភូមិព្រៃពាយ លោក ទេព ធំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកមិនទាន់ដឹងច្បាស់រឿងរ៉ាវនៃហេតុការណ៍បង្កហិង្សានេះទេ ប៉ុន្ដែលោកដាក់ការសង្ស័យថា ពាក់ព័ន្ធនឹងប្រជាជនមកពីតំបន់ក្រៅដែលបានចូលមករំលោភយកដីដែលមានការហាមឃាត់នេះ។

លោកបន្តថា ប្រជាជនមកពីភូមិក្រៅបានមកកាន់កាប់ដីក្នុងភូមិកន្លងមក គឺអាជ្ញាធរធ្លាប់បានហាមឃាត់ដែរ ប៉ុន្ដែពួកគេមិនស្តាប់ និងថានៅលើដីមានទំនាស់នោះ មានប្រជាពលរដ្ឋប្រមាណជា៦០ទៅ៧០គ្រួសារកំពុងមានជម្លោះជាមួយគ្នា។

មេភូមិព្រៃពាយ បន្ដថា៖ «ខ្ញុំមិនដឹងផង! ដោយសារទីមួយ ប្រជាជនមករស់នៅលើដីជាន់គ្នា ដីខាងព្រៃពាយ គាត់រស់នៅឯណាស្ទឹងកែវ នៅខាងដងទង់ មកយកបែបមិនគោរពច្បាប់! ហើយដល់ក្រោយមក គាត់វាយតប់តែគ្នាគាត់»។

មេភូមិព្រៃពាយ លោក ទេព ធំ គូសបញ្ជាក់ថា ពីមុនមក ដីនេះធ្លាប់មានទំនាស់ជាមួយក្រុមហ៊ុនអ្នកស្រី ហៀង គន្ធី ដោយមិនទាន់បានដោះស្រាយចប់ផង ក៏មានពលរដ្ឋមួយក្រុមទៀតមករស់នៅដោយពុំមានលិខិតស្នាមបញ្ជាក់កម្មសិទ្ធិត្រឹមត្រូវឡើយ៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកំពត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។