បទ​វិភាគ​៖​ តើ​មាន​គន្លឹះ​អ្វីខ្លះ​ដើម្បី​ដោះស្រាយ​វិបត្តិ​មូលដ្ឋាន​យោធា​រាម​រវាង​កម្ពុជា-​អាមេរិក?

លោក ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោកវរសេនីយ៍​ឯក​ ម៉ា​កូស​ ហ្វេ​រ៉ារ៉ា​ នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​សហរដ្ឋ​អាមេរិក​ ដែល​ត្រូវ​បញ្ច​ប់អាណត្តិ​បេសក​កម្ម​ការ​ទូត​យោធា​នៅ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សមជម្រាប​លា​ នៅ​រសៀល​ថ្ងៃ​ទី​០៧ ​ខែមិ​ថុនា ​ឆ្នាំ​២០២១​ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។​ (វេបសាយ៖ ក្រសួងការពារជាតិ/ mod.gov.kh)

ប្រធានបទមូលដ្ឋានយោធារាម នៅខេត្តព្រះសីហនុ ដែលគេសង្ស័យថា កម្ពុជាផ្តល់សិទ្ធិផ្តាច់មុខ​ទៅឱ្យរដ្ឋអំណាចក្រុងប៉េកាំងនោះ ត្រូវបានសហរដ្ឋអាមេរិកលើកយក​មកជជែកគ្នាម្តងហើយម្តងទៀត និងជំរុញឱ្យកម្ពុជាបង្ហាញការពិតលើរឿងនេះ។ 

សហរដ្ឋអាមេរិកមិនមែនទើបតែជំរុញឱ្យកម្ពុជាបង្ហាញការពិតក្នុងរដ្ឋបាលរបស់ប្រធានាធិបតី​ថ្មី លោក ចូ បៃឌិន នោះទេ ប៉ុន្តែបញ្ហានេះបានកើតឡើងតាំងពីអាណត្តិរបស់លោក ដូណាល់ ត្រាំ កាន់អំណាចម៉្លេះ ពោលគឺតាំងពីមានការវាយកម្ទេចអគារដែលសាងសង់ដោយជំនួយរបស់​អាមេរិកចំនួនពីរ ក្នុងភូមិសាស្ត្រមូលដ្ឋាន​យោធារាម អំឡុងខែកញ្ញា ​ឆ្នាំ២០២០ ដោយជំនួស​មកវិញនូវការកសាងអគារថ្មីដែលជាជំនួយរបស់ចិន​។ 

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងឱកាសបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថា ការតវ៉ាករណីមូលដ្ឋានទ័ពចិននៅកម្ពុជានេះ គឺមានបំណង​ធ្វើរដ្ឋប្រហារទម្លាក់រូបលោក ​ដូចគ្នាទៅនឹងការធ្វើរដ្ឋប្រហារទម្លាក់អតីតព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុ កាលពីឆ្នាំ១៩៧០ ក្រោមហេតុផលវត្តមានពួកយៀកកុងនៅលើ​ដីខ្មែរ។

ទោះបីជាយ៉ាងនេះក្តី ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី Wendy Sherman បានចោទសួរកម្ពុជាជុំវិញការកម្ទេចអគារយោធាដែលជាជំនួយរបស់ខ្លួន និងបានបង្ហាញកង្វល់យ៉ាងខ្លាំងជាថ្មីទៀតចំពោះបញ្ហាវត្តមានយោធាចិននៅកំពង់ផែរាម។ ជាការឆ្លើយតបបញ្ហានេះ ប្រមុខរដ្ឋាភិបាលបានសន្យាឱ្យក្រុមមន្ត្រីអនុព័ន្ធយោធា​របស់អាមេរិកធ្វើទស្សនកិច្ចទៅតំបន់កំពង់ផែរាមតែម្តង។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ​ជាពិភាក្សាការងារជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចការបរទេសនៃប្រទេសទាំងពីរ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

យ៉ាងណា ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមមន្ត្រីអនុព័ន្ធយោធារបស់អាមេរិកទៅកាន់តំបន់មូលដ្ឋានយោធារាម​ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ មិនបានផលអ្វីឡើយ ហើយអាមេរិក​ថែម​​ទាំងចោទកម្ពុជាថាមា​នបំណងលាក់បាំងការពិត ដោយមិនឱ្យមន្ត្រីខ្លួនបានពិនិត្យមើលសព្វក​ន្លែង ខណៈកម្ពុជាបានចោទអាមេរិកវិញថា បានបំភ្លៃការពិត និងមានបំណងបង្កើតសេណារី​យ៉ូថ្មីៗ ដើម្បីបំផ្លាញទំនាក់ទំនងប្រទេសទាំងពីរ។ 

សំណួរត្រង់ថា បើភាគីទាំងពីរនៅតែមិនទាន់​យល់គ្នាបែបនេះ តើអាចមានគន្លឹះអ្វីដើម្បីបញ្ចប់ការសង្ស័យជុំវិញបញ្ហាមូលដ្ឋានយោធារាមនេះបាន​?   

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រនយោបាយនៅកម្ពុជា លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា មានហេតុផលមួយចំនួន​ធ្វើឱ្យអាមេរិកបន្តចោទសួរកម្ពុជារឿងមូលដ្ឋានយោធារបស់ចិននៅតំបន់រាមម្តងហើយម្តងទៀត ដូចជាការកម្ទេចអគារចំនួន២ដែល​ជាជំនួយរបស់ខ្លួនដោយគ្មានការជូនដំណឹង ហើយសង់ជំនួសដោយអគារដែលជាជំនួយរបស់ចិន។ 

ក្រៅពីនេះ លោកថា ការកសាងព្រលានយន្តហោះដ៏ធំនៅខេត្តកោះកុង ក្នុងតំបន់ដីសម្បទានរបស់ក្រុមហ៊ុនចិន ព្រមទាំងការប្រជែងឥទ្ធិពលគ្នារវាងអាមេរិកនិងចិនលើបញ្ហាភូមិសាស្ត្រនយោបាយ ដែលទាមទារឱ្យកម្ពុជាបង្ហាញការពិតលើរឿងនេះ ខណៈអាមេរិកបារម្ភខ្លាចប៉ះពាល់ដល់គោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិក និងផលប្រយោជន៍របស់ខ្លួន ប្រសិនបើបញ្ហាមូលដ្ឋានយោធាចិន​នៅកម្ពុជា គឺជារឿងពិត​។ 

លោកបន្តថា៖ «នៅក្នុងក្របខណ្ឌតំបន់ហ្នឹង យើងគិតទៅ ប្រទេសចិនអត់មានចាប់ប្រទេសណាបានដែលមានព្រំដែនសមុទ្រក្រៅពីកម្ពុជាទេ។ អានេះជាកិច្ចការមួយដែលធ្វើឱ្យមហាអំណាចប្រជែងគ្នាហ្នឹងកាន់តែបារម្ភ កាន់តែគិតអំពីសក្តានុពលរបស់ចិន ពីព្រោះគេមិនគិតថាកម្ពុជា[ងាក]ទៅអាមេរិកអីទេ សំខាន់កុំឱ្យកម្ពុជាងាកឈរ​​ទៅខាងចិនខ្លាំងពេក ដែលធ្វើឱ្យប៉ះពាល់ដល់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។» 

ការវាយកម្ទេចអគារដែលជាជំនួយរបស់អាមេរិក ធ្វើឡើងស្របគ្នានឹងការចុះផ្សាយរបស់កាសែតអាមេរិក The Wall Street Journal កាលពីខែកក្កដា ឆ្នាំ២០១៩ ដោយអះអាងថា កម្ពុជានិងចិនបានចុះហត្ថលេខាជាសម្ងាត់លើកិច្ចព្រមព្រៀងយោធាមួយជាមួយគ្នា។ កិច្ចព្រមព្រៀងនោះ កម្ពុជាបានអនុញ្ញាតឱ្យចិនមានសិទ្ធិផ្ដាច់មុខចូលទៅប្រើប្រាស់មូលដ្ឋានកងទ័ពជើង​ទឹករាមក្នុងរយៈពេល៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តឡើងវិញនៅរៀងរាល់១០ឆ្នាំម្ដង។ 

ប្រភពកាសែតបរទេសដដែលបញ្ជាក់ថា ​កម្ពុជាក៏បានអនុញ្ញាតឱ្យចិនដាក់ពង្រាយបុគ្គលិកយោធា រក្សាទុកសព្វាវុធ និងអនុញ្ញាតឱ្យនាវាចម្បាំងចិនចូលចតបានថែមទៀតផង។ 

​យ៉ាងណា កាលពីខែតុលាឆ្នាំមុននោះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់ថា លោក​ធុញទ្រាន់​ចំពោះពួ​កបរទេសនិងខ្មែរមួយចំនួនដែលចោទរឿងវត្តមានទ័ពចិននៅកម្ពុជាម្តងហើយម្តងទៀត បើទោះបីជាលោកធ្លាប់បានបដិសេធរឿងនេះជាច្រើនសារក្តី។ ហើយលោកក៏បានជំរុញ​ឱ្យពួកគេបង្ហាញភស្តុតាងជុំវិញការចោទប្រកាន់នេះ ដោយលោកថា ប្រសិនបើពួកគេមិនបង្ហាញភស្តុតាងទេ មានន័យថាពួកគេទាំងនោះកំពុងបង្កើតរឿងភូតកុហក។ 

លោក ឯម សុវណ្ណរ៉ា លើកឡើងទៀតថា មែនទែនទៅ កម្ពុជា​មិនអាចលាក់បាំងអ្វីជាមួយអាមេរិកបានឡើយ ប៉ុន្តែភាគីអាមេរិកចង់ដឹងជំហរកម្ពុជាលើបញ្ហានេះតែប៉ុណ្ណោះ ហើយការបង្ហាញការពិតទៅអាមេរិកជុំវិញបញ្ហានៅតំបន់មូលដ្ឋានយោធារាម ក៏មិនមានអ្វីជារឿងពិបាកនោះដែរ។ 

លោកមានប្រសាសន៍ថា៖ «កម្ពុជាគួរពិចារណាដែរ ប្រសិនបើមានការលើកឡើងឬមានការសង្ស័យអ៊ីចឹង គួរតែអញ្ជើញសេនាអនុព័ន្ធយោធាដែលសង្ស័យហ្នឹងឱ្យទៅមើលទៅ ព្រោះអីកម្ពុជាគ្មានអីទៅលាក់កំបាំងសហគមន៍អន្តរជាតិទេ ហើយគ្មានវត្តមានអីយោធាបរទេសនៅកម្ពុជាទេ ដូចប្រសាសន៍លោកនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីចឹង»។ 

ក្រោយដំណើរទស្សនកិច្ចទៅកាន់តំបន់រាមមិនទទួលបានជោគជ័យ មន្ត្រីអនុព័ន្ធយោធាអាមេរិកបានស្នើឱ្យកម្ពុជារៀបចំដំណើរទស្សនកិច្ចទៅទីតាំងមានវិវាទនោះម្តងទៀត។ 

លោក ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោកវរសេនីយ៍​ឯក​ ម៉ា​កូស​ ហ្វេ​រ៉ារ៉ា​ នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​សហរដ្ឋ​អាមេរិក​ ដែល​ត្រូវ​បញ្ច​ប់អាណត្តិ​បេសក​កម្ម​ការ​ទូត​យោធា​នៅ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សមជម្រាប​លា​ នៅ​រសៀល​ថ្ងៃ​ទី​០៧ ​ខែមិ​ថុនា ​ឆ្នាំ​២០២១​ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។​ (វេបសាយ៖ ក្រសួងការពារជាតិ/ mod.gov.kh)

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ កាលពីថ្ងៃទី១២ ខែមិថុនា បញ្ជាក់ថា ចំពោះសំណើទៅទស្សនកិច្ចនៅកំពង់ផែរាមនាពេលអនាគត កម្ពុជានឹងពិចារណាយ៉ាងហ្មត់ចត់តាមករណីនីមួយៗ។

ក្រសួងការពារជាតិ បានស្នើដោយទទូចឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបង្កើតសេណារីយ៉ូថ្មីៗដែលនាំមកនូវភាពអវិជ្ជមាន និងត្រូវគោរពដល់អធិបតេយ្យភាពនិងលក្ខណការណ៍កងទ័ពរបស់កម្ពុជា ហើយសកម្មភាពទាំងឡាយណានៅបរិវេណមូលដ្ឋានកងទ័ពដែលបានទទួលការអនុញ្ញាត គឺជាការធ្វើទស្សនកិច្ច ពុំមែនជាការទៅត្រួតពិនិត្យឬឆែកឆេរនោះឡើយ។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មើលឃើញថា ដើម្បីបញ្ចប់ការសង្ស័យមកលើកម្ពុជាពីសំណាក់អាមេរិក ភាគីទាំងពីរគប្បីមានការជជែកគ្នា ដាក់របៀបវារៈច្បាស់លាស់ជាមុន មុននឹងធ្វើទស្សនកិច្ចទៅតំបន់យោធារាមជាថ្មីទៀត។ 

លោកបន្ថែមថា៖ «សម្រាប់ខ្ញុំៗនៅតែជជែកលើចំណុចមួយ ដោយកម្ពុជានិងសហរដ្ឋអាមេរិកគួរតែជជែកគ្នាមុនចុះទៅមើល [មូលដ្ឋានយោធារាម] ហើយដាក់ជារបៀបវារៈមួយថា សហរដ្ឋអាមេរិកពេលសុំចុះទៅមើលហ្នឹង មើលកន្លែងនេះៗ ហើយមើលរបៀបម៉េច គឺបញ្ជាក់ឱ្យច្បាស់ទៅ។ ហើយភាគីកម្ពុជាអនុញ្ញាតឱ្យមើលកន្លែងណា អាចមើលបាន មើលរបៀបម៉េចអីរបៀបម៉េច! បើជជែកគ្នាមុនពេលទៅមើលហ្នឹងឱ្យបានច្បាស់លាស់ មុននឹងចុះទៅ»។ 

ស្រដៀងគ្នានេះ នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន ​មានប្រសាសន៍ថា ប្រសិនបើដំណើរទេស្សនកិច្ចលើកទី១ទៅកាន់តំបន់រាម ពីសំណាក់មន្ត្រីអនុព័ន្ធយោធាអាមេរិក​មានការមិនពេញចិត្ត​ ភាគីទាំងពីរគប្បីមានកិច្ចប្រជុំជជែកឱ្យយល់គ្នាជាមុន ហើយអាចទៅធ្វើការត្រួតពិនិត្យនៅតំបន់ចម្រូងចម្រាសនេះជាលើកទី២បាន។ ប៉ុន្តែលោកថា បើនៅមិនយល់គ្នាទៀត ភាគីទាំងពីរ គប្បីប្រើការដោះស្រាយផ្នែកការទូត ហើយច្រក​នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាអាវុធដ៏សំខាន់សម្រាប់កម្ពុជាប្រើប្រាស់តែម្តង។

លោកមានប្រសាសន៍ថា៖ «ប្រសិនបើជាដំណើរទស្សនកិច្ចឬការត្រួតពិនិត្យលើកទី១ មិនទទួលបានជោគជ័យ ឬខាងសហរដ្ឋអាមេរិកមិនពេញចិត្តទេ កម្ពុជានិងស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាហ្នឹង គួរតែមានប្រជុំពិភាក្សាគ្នា ជជែកគ្នាឱ្យយល់ពីអ្វីដែលជាផ្នែករំពឹងទុករបស់សហរដ្ឋអាមេរិក និងអ្វីដែលកម្ពុជាអាចបើកចំហឱ្យទៅទស្សនកិច្ចឬទៅត្រួតពិនិត្យបាន។ បើសិនជាព្រមព្រៀងគ្នា ត្រូវទៅធ្វើដំណើរទស្សនកិច្ចនិងត្រួតពិនិត្យហ្នឹងមួយសារទៀតទៅ ឱ្យវាចប់រឿង»។ 

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា​៥៣​ ចែងថា ​កម្ពុជា​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត្យ​ អចិន្ត្រៃយ៍​ និង​មិន​ចូល​បក្ស​សម្ព័ន្ធ ហើយរួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជា​មួយ​ប្រទេស​ជិត​ខាង​ និង​ប្រទេស​ដទៃ​ទៀត​ទាំងអស់​នៅ​លើ​សកលលោក។

មាត្រាដដែលនេះថា ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ​ លើកលែង​តែ​ក្នុង​ក្របខណ្ឌ​​​របស់​អង្គការ​សហប្រជាជាតិប៉ុណ្ណោះ។

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ធ្លាប់អះអាងថា មកទល់ពេលនេះ កម្ពុជាមិនបានផ្តល់សិទ្ធិណាមួយដល់ចិនក្នុងការតាំងមូលដ្ឋានយោធាលើទឹកដីកម្ពុជានោះឡើយ ហើយ​នៅកម្ពុជាបច្ចុប្បន្នមានតែចិនជាអ្នកវិនិយោគ តែគ្មានកងទ័ពចិននោះទេ។

យ៉ាងណា លោក ឯម សុវណ្ណរ៉ា និយាយថា កម្ពុជានៅតែត្រូវការពឹងផ្អែកទៅលើនយោបាយប្រទេសលោកខាងលិច ដែលមានសហរដ្ឋអាមេរិកជាប្រទេសនាំមុខគេ ហើយការប្រកាន់ជំហរអព្យាក្រឹត្យដូចចែងនៅក្នុងរដ្ឋធម្មនុញ្ញ ទើបកម្ពុជាអាចទាញផលប្រយោជន៍សម្រាប់ជាតិបានច្រើន​។ 

លោកបន្ថែមទៀតថា៖ «អ៊ីចឹងកិច្ចការនេះ យើងគួរពិចារណាដែរ កាលណាយើងបោះបង់ផលប្រយោជន៍ ហើយយកបញ្ហានយោបាយជាបញ្ហាធំ ចិនគាំទ្រកម្ពុជាតែមួយសំឡេងទេ ហើយលោកខាងលិចគាំទ្រកម្ពុជាបានច្រើនសំឡេង។ អ៊ីចឹងជាបញ្ហាមួយដែលគួរពិចារណា ដោយយើងឈរ​នៅលើអព្យាក្រឹត្យភាព ទើបអាចទាញអត្ថប្រយោជន៍ជាតិបានច្រើនជាងការឈរដោយផ្អៀងទៅលើខាងណាមួយ ឈរធ្វើម៉េចឱ្យដូចទៅនឹងទ្រឹស្តីគោលនយោបាយរដ្ឋធម្មនុញ្ញកម្ពុជាដែលយើងបានចែង»។ 

លោកបណ្ឌិត ប៉ា ចន្ទរឿន មើលឃើញថា ប្រសិនបើបញ្ហាមូលដ្ឋានយោធារាមមិនត្រូវបានដោះស្រាយឱ្យបានដាច់ស្រឡះ បញ្ហានេះតិចឬ ច្រើននឹងបង្កឱ្យមានភាពប្រេះ​ឆាផ្នែកការទូតរវាងប្រទេសទាំងពីរ។ លោកបន្ត​ថា វិបត្តិការទូតជាមួយប្រទេសមហាអំណាចកន្លងមកតែងបង្កឱ្យមានរូបភាពអាក្រក់ផ្សេងៗទៅលើប្រទេសតូចតាច ទាំងទណ្ឌកម្មសេដ្ឋកិច្ចនិងសន្តិសុខ​ ដូចដែលកើតមាននៅ​បណ្តាប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ