កម្មករ​រោងចក្រ​នៅ​ខេត្ត​ស្វាយរៀង​បារម្ភ​ឆ្លង​ជំងឺ​កូវីដ-១៩​ ក្រោយ​កម្មករ​ដួល​សន្លប់​ជា​បន្ដ​បន្ទាប់ ​

កម្មការិនីម្នាក់ដួលសន្លប់អំឡុងពេលធ្វើការនៅរោងចក្រ ឡេកស្ពត កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

កម្មករ-កម្មការិនីនៅរោងចក្រមួយនៅខេត្តស្វាយរៀងបារម្ភឆ្លងជំងឺកូវីដ-១៩ ក្រោយឃើញកម្មករផ្សេងទៀតដួលសន្លប់៣ថ្ងៃជាប់ៗគ្នាដោយពុំមាន់ដឹងមូលហេតុច្បាស់លាស់។

សេចក្ដីរាយការណ៍ពីពលរដ្ឋអ្នកសារព័ត៌មានដែលបានចុះសម្ភាសកម្មករ-កម្មការិនីរោងចក្រផលិតស្បែកជើង «ឡេកស្ពត» ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនាគរាជ ស្ថិតនៅភូមិអង់សាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង​ បានដួលសន្លប់កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

កម្មការិនីម្នាក់បម្រើការងារនៅរោងចក្រ ឡេកស្ពត កញ្ញា សុខ រតនា អាយុ២៦ឆ្នាំ រស់នៅភូមិប្រសូត្រទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ មានកម្មករម្នាក់ដួលសន្លប់នៅម៉ោង៨យប់ ហើយ២ថ្ងៃបន្ទាប់ មានកម្មករ៣នាក់ទៀតក៏បានដួលសន្លប់ថែមទៀត។

កញ្ញា សុខ រតនា រៀបរាប់ថា៖ «អ្នកដែលដួលសន្លប់កាលពីថ្ងៃទី១៥ នៅពេលដែលគេយកគាត់ទៅពេទ្យធ្វើតេស្តទៅ ឃើញវិជ្ជមានជំងឺកូវីដ-១៩»។

កម្មការិនីម្នាក់ទៀតដែលបម្រើការងារនៅរោងចក្រខាងលើដែរ អ្នកស្រី ស៊ុ សូត អាយុ៤៣ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា នៅក្នុងរោងចក្រ ឡេកស្ពត បានអះអាងដូចគ្នា ដោយបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ ក្រោយឃើញកម្មករដួលសន្លប់ជាបន្តបន្ទាប់។

កម្មកររូបនេះក៏ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចុះទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ទៅលើកម្មករទាំងអស់គ្នា និងស្នើសុំផ្អាកការងារមួយរយៈ ដើម្បីចៀសវាងឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

អ្នកស្រី ស៊ុ សូត បន្ដថា៖ «នៅពេលឃើញកម្មករដួលសន្លប់បន្តបន្ទាប់គ្នាអ៊ីចឹង ភ័យណាស់! គ្មានកម្លាំងធ្វើការទេ»។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អនុប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក ជឹម ចាន់ថ្លា បានចុះទៅពិនិត្យផ្ទាល់នៅក្នុងរោងចក្រ ឡេកស្ពត តែម្ដង និងរកឃើញថា កម្មការិនីម្នាក់ដែលដួលសន្លប់កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ពិតជាត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ ក្រោយបញ្ជូនទៅមន្ទីរពេទ្យបង្អែក។

លោកបន្ដថា ចំណែកកម្មការិនីម្នាក់ដែលដួលសន្លប់នៅថ្ងៃទី១៦ ខែមិថុនានោះ គឺរកមិនឃើញឆ្លងជំងឺកូវីដ-១៩នោះទេ។ ប៉ុន្ដែនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញកម្មករម្នាក់ទៀតឆ្លងជំងឺកូវីដ-១៩ ខណៈកម្មករម្នាក់ទៀតក៏បានដួលសន្លប់ដូចគ្នា ប៉ុន្ដែធ្វើតេស្ដរកមិនឃើញឆ្លងជំងឺកូវីដ-១៩នោះទេ។

លោកបន្ដថា៖ «នៅថ្ងៃទី១៥ មិថុនា ២០២១ មានកម្មការិនីម្នាក់ឈ្មោះ លីញ ស៊ីណា [ប្រកាច់] មិនស្រួលខ្លួន។ អ្នកគ្រប់គ្រងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកជីភូ ពិនិត្យឃើញវិជ្ជមានកូវីដ-១៩។ ក្រោយមក អ្នកគ្រប់គ្រងបានឱ្យអ្នកធ្វើការនៅក្រុមតែមួយ ចំនួន១៣នាក់ ស្រី១២នាក់ សម្រាកនៅផ្ទះតាមដានសុខភាព»។

យ៉ាងណាក៏ដោយ លោកអះអាងថា ចំពោះដំណើរការផ្អាករោងចក្រឬយ៉ាងណា គឺអាស្រ័យលើរដ្ឋបាលខេត្តជាអ្នកសម្រេច។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានលើកឡើងថា ដើម្បីបញ្ចៀសហានិភ័យនៃការឆ្លងរីករាលដាលឆ្លងជំងឺកូវីដ-១៩ទៅសហគមន៍ អាជ្ញាធរពាក់ព័ន្ធនិងម្ចាស់រោងចក្រត្រូវផ្អាកជាបណ្ដោះអាសន្ន ដើម្បីកាត់បន្ថយការភ័យខ្លាចរបស់ក្រុមកម្មករនិងសុខភាពរបស់ពួកគេ។

លោក ប៉ាវ ស៊ីណា បន្ដថា៖ «មែនទែនទៅ យើងត្រូវតែពិនិត្យមើលទៅលើទិដ្ឋភាពរោងចក្រ ថាតើមានអគារធ្វើការច្រើនឬមានមួយ បើមានតែមួយទេ ហើយនៅក្នុងរោងចក្រមានកម្មករវិជ្ជមានកូវីដ-១៩ វាជារឿងមួយដែលរោងចក្រត្រូវតែពិចារណានៅក្នុងការឱ្យកម្មករឈប់សម្រាក។ បើមិនដូច្នេះទេ ការរីករាលដាលកាន់តែធ្ងន់ទៅៗ ហើយធ្វើឱ្យប៉ះពាល់អារម្មណ៍ ក៏ដូចជាស្មារតីរបស់បងប្អូនកម្មករ ភ័យខ្លាចអំពីកាឆ្លងទៅដល់ខ្លួនពួកគាត់ដែរ»។

បើតាមរបាយការណ៍របស់មន្ទីរការងារខេត្តស្វាយរៀង នៅរោងចក្រ ឡេកស្ពត នេះមានកម្មករសរុប៥១៩នាក់ ក្នុងនោះស្រី៤១២នាក់។

បច្ចុប្បន្ន អាជ្ញាធរបានរៀបចំបញ្ជីឈ្មោះអ្នកប៉ះពាល់ផ្ទាល់និងប្រយោល ដើម្បីឱ្យក្រុមការងារបច្ចេទេសអនុវត្តនីតិវិធីនិងជួយអន្តរាគមន៍ ដោយថា ករណីនេះមានអ្នកប៉ះផ្ទាល់២០នាក់ (ស្រី១៥) ហើយអ្នកប៉ះពាល់ប្រយោលមាន១៩នាក់ (ស្រី១៩នាក់)៕  


ពលរដ្ឋអ្នកសារព័ត៌មាន CCIM ខេត្តស្វាយរៀង លោក សួន វុត្ថា

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។