អ្នក​​ជំនាញ​រក​ឃើញ​ការ​ស្លាប់​របស់​​ជន​សង្ស័យ​ម្នាក់​​មាន​​ជាប់​​ពាក់ព័ន្ធ​​ការ​ធ្វើ​ទារុណ​កម្ម​ពី​មន្ត្រី​នគរ​បាល

លោក ពេជ្រ ធារ៉េត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅនឹងកន្លែង ក្រោយរងបណ្ដឹងថាបានសម្លាប់ភរិយាខ្លួន កាលពី​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​ចំណុច​ក្រុម​ទី​២៦​ ភូមិ​បោះ​ពោធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​​។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មរបស់រដ្ឋាភិបាល ស្នើអគ្គស្នងការដ្ឋាន​នគរបាលជាតិបើកការស៊ើបអង្កេត​បន្ថែម ដើម្បីរកការពិតនិងនាំខ្លួនមន្ត្រីពាក់ព័ន្ធមកទទួលទោស ក្រោយ​​រកឃើញថា ការស្លាប់​របស់​ជនសង្ស័យម្នាក់នៅអំឡុងឃុំខ្លួននៅអធិការដ្ឋាន​នគរបាល​ស្រុកសង្កែ ខេត្តបាត់ដំបង អាចជាប់ពាក់​ព័ន្ធនឹង​ការ​ធ្វើទារុណកម្ម។

គណៈកម្មាធិការនេះបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មាន​ចុះថ្ងៃទី១៦ ខែ​មិថុនា ដែល VOD ទទួលបាននៅថ្ងៃនេះថា តាមការចុះស៊ើបអង្កេតនិងស្រាវជ្រាវពីករណីស្លាប់របស់ជនសង្ស័យឈ្មោះ ពេជ្រ ធារ៉េត រស់​នៅ​ភូមិ​​បោះ​ពោធិ៍ ឃុំអូរ​ដំបង១ ស្រុកសង្កែ ខេត្ត​បាត់ដំបង ខ្លួនអាចសន្និដ្ឋានជំហានដំបូងបានថា៖


«ករណីនេះអាចមានការ​ធ្វើទារុណកម្ម​ស្រាលឬធ្ងន់ទៅលើជនសង្ស័យ​ អំឡុងពេលឃុំខ្លួន​បណ្តោះអាសន្ននៅ​អធិការដ្ឋាន​នគរបាលស្រុកសង្កែ ខណៈពេលដែលជនសង្ស័យកំពុងមានអាការឡេះឡះរំខានដល់មន្ត្រី​នគរ​បាល​​នៅទីនោះ»។


ស្ថាប័នជំនាញមួយនេះបានស្នើទៅអាជ្ញាធរពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាន​នគរបាលជាតិបើក​ការស៊ើប​អង្កេត​បន្ថែម​លើ​ករណី​នេះ ដើម្បីស្វែង​រ​ក​ការ​ពិត ក៏ដូចជា​នាំយកអ្នកពាក់ព័ន្ធមក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

បើតាមគណៈកម្មាធិការនេះ ការសន្និដ្ឋានជំហាន​ដំបូងនេះយោងទៅលើការចុះ​ស៊ើប​អង្កេតនិងស្រា​វ​ជ្រាវដល់​កន្លែង​កើត​ហេតុ ដល់​លំនៅឋាន​ជនសង្ស័យឈ្មោះ ពេជ្រ ធារ៉េត និង​បាន​សម្ភាសភាគី​ពាក់​ព័ន្ធ រួម​​មាន ​មន្ត្រី​​ស្នងការដ្ឋានខេត្តបាត់ដំបង មន្ត្រីអធិការដ្ឋាន​នគរបាល​ស្រុកសង្កែ ប្រធាន​នគរបាលប៉ុស្តិ៍​ឃុំ​អូរ​ដំបង សាច់​ញាតិ និង​សាក្សីនៅក្បែរ​ផ្ទះជនសង្ស័យ​ អនុប្រធាន​ភូមិ​បោះពោធិ៍ គណៈកម្មការ​កោសល​វិច្ច័យ តំណាង​សមាគមការពារសិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្តបាត់ដំបង និងព្រះរាជអាជ្ញារងអមសាលាដំបូង​​​ខេត្ត​បាត់​ដំបង។

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គូសបញ្ជាក់ថា តាមរយៈ​ការអង្កេត ស្រាវជ្រាវ សម្ភាស និងពិនិត្យឯកសារពាក់ព័ន្ធរបស់នគរបាលយុត្តិធម៌ ក្រុមការងាររកឃើញមានចំណុច​គួរឱ្យកត់សម្គាល់មួយចំនួនដែលអាច​បញ្ជាក់​បាន​ថា ការស្លាប់របស់​ជន​សង្ស័យជាប់​ពាក់​ព័ន្ធនឹងការធ្វើទារុណកម្ម។

បើតាមស្ថាប័ននេះ ការបកស្រាយរបស់មន្ត្រីនៃអធិការដ្ឋាន​នគរបាលស្រុកសង្កែមាន​ភាព​មិនច្បាស់លាស់ដែលបានលើកឡើងថា នៅពេលឃាត់ខ្លួនជនសង្ស័យ មានប្រជាពលរដ្ឋប្រតាយ​ប្រតប់​ជន​សង្ស័យ ប៉ុន្តែយោង​តាម​ការបំភ្លឺរបស់មេប៉ុស្តិ៍ន​គរបាលរដ្ឋបាលឃុំអូរដំបង១ បានបញ្ជាក់​ថា ពេល​អ្នក​ឃាត់​ខ្លួន​និងអ្នក​បណ្តើរ​ខ្លួន​​ជនសង្ស័យចូលក្នុងរថយន្តដឹកទៅអធិការដ្ឋាននគរបាលស្រុកសង្កែនោះ​ ជន​សង្ស័យ​គ្មាន​ស្នាមរបួសឬត្រូវបានប្រជាពលរដ្ឋវាយនោះទេ រីឯ​​ម្តាយក្មេកជនសង្ស័យក៏បានបញ្ជាក់ដែរថា គ្មាននរណា​វាយ​ជនសង្ស័យ​ទេ។

ចំណុចកត់​សម្គាល់មួយទៀត ក្នុងកំណត់ហេតុមួយចំនួនរបស់មន្ត្រីអធិការដ្ឋាននគរបាលស្រុកសង្កែ មានការ​កោស​លុប​សរសេរបន្ថែម និងមានការ​សរសេរឈ្មោះឱ្យជនសង្ស័យ ដោយបញ្ជាក់​​ពីក្រោមស្នាមមេដៃនោះ​ថា សាម៉ីខ្លួនពុំចេះអក្សរ តែនៅពេល​ចុះទៅដល់​ផ្ទះជនសង្ស័យ​ ជនសង្ស័យមានសរសេរ​អក្សរ​បិទ​នៅ​ទ្វារ​ផ្ទះ និងបានរៀនដល់ថ្នាក់ទី៧។

ចំណុច​កត់សម្គាល់មួយទៀត យោងតាមការសន្និដ្ឋានរបស់គណៈកម្មការកោសលវិច្ច័យ​ បង្ហាញទៀត​ថា ជនសង្ស័យ​ស្លាប់​ដោយ​គាំង​បេះដូង ក្រោមឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនហួសកម្រិត តែអំឡុងនៃការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចពុំបានធ្វើតេស្តរកសារធាតុញៀន រួមទាំង​ហេតុ​ផល​មួយ​ចំនួន​ទៀតដែលមាន​​ភាពមិនប្រក្រតី។

យ៉ាងណា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនេះ បង្ហាញការសោកស្តាយដែល​ក្រុមការងារ​មិន​អាចពិនិត្យ​ផ្ទាល់​លើសាកសព នៅថ្ងៃទី៣ ខែមេសា ដោយសារ​សពត្រូវយកទៅបូជាដោយក្រុមគ្រួសារ។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤រសៀល នៅចំណុច​ផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ​បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឆក់ខ្សែភ្លើងបណ្តាលឱ្យឈ្មោះ ជា ច័ន្ទរចនា ភេទ​ស្រី អាយុ៣០ឆ្នាំ ត្រូវជាភរិយាជនសង្ស័យ​ បានស្លាប់នៅនឹងកន្លែងកើតហេតុ។

នៅពេលសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុ ដើម្បីអនុវត្តជំនាញនិងធ្វើកោសល​វិច្ច័យ ក៏​ទទួល​បានតម្រុយ​ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ​ ពេជ្រ ធារ៉េត អាយុ៣៩ឆ្នាំ នៅវេលាម៉ោង​១៥និង៣០នាទី ហើយបានបញ្ជូនខ្លួនទៅសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកសង្កែ។

តាមលិខិតដដែល នៅវេលាម៉ោ​ង១៩ ថ្ងៃ​ដដែល ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅសង្គ្រោះបន្ទាន់​នៅប៉ុស្តិ៍សុខភាព​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប៉ុន្តែជនសង្ស័យបានស្លាប់មុនដល់កន្លែងកំណត់។

ការចុះស៊ើបអង្កេតរ​បស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនេះ ក្រោយពីក្រុមគ្រួសារជនសង្ស័យបានដាក់ពាក្យប្តឹង​ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃ៧ ខែមេសា ឆ្នាំ២០២១

បងស្រីបង្កើតជនសង្ស័យ អ្នកស្រី ពេជ្រ លីណា នៅថ្ងៃចន្ទនេះ បានទទូចឱ្យអគ្គស្នងការដ្ឋាន​នគរបាលជាតិពន្លឿនចាប់មន្ត្រីខិលខូចយកទៅ​ផ្តន្ទាទោសតាមច្បាប់ ​ដើម្បីទប់ស្កាត់កុំឱ្យមានការធ្វើទារុណកម្មលើមនុស្ស​ដទៃ​ទៀត។

អ្នកស្រីថា៖ «ខ្ញុំចង់ឱ្យច្បាប់ដាក់ទោសឱ្យសមទៅនឹងទង្វើដែលពួកគាត់ធ្វើមកលើប្អូនខ្ញុំ គាត់ត្រឹមជាជនសង្ស័យសោះ យកគាត់ទៅសួរចម្លើយរហូតស្លាប់។ ហើយស្លាកស្លាមហ្នឹងគឺជាការធ្វើទារុណកម្ម ដោយសារមាន​ឈាមតាមច្រមុះ តាម​ត្រចៀក បែកក្បាល បែកមាត់ និងស្នាមកន្លែង​ដាក់ខ្នោះ ភ្លៅ ក គឺវាយ​សុះអស់»។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍​​ថា កម្លាំងជំនាញ​បានបន្ត​នីតិវិធី​ហើយ ប៉ុន្តែ​ដំណាក់កាលនៃការចុះស៊ើប​អង្កេត​នេះ កម្លាំងជំនាញ​​​មិនអាចបង្ហាញអត្តសញ្ញាណម​ន្ត្រីពាក់ព័ន្ធបានទេ។

លោកថា៖ «ស៊ើបអង្កេត គេចាប់ផ្តើមស៊ើបអង្កេតហើយ។ បើសួរនីតិវិធីដល់ណា ខ្ញុំម៉េចហ៊ានប្រាប់! បើគេកំពុង​ស៊ើបអង្កេត។ ឱ្យខ្ញុំឆ្លើយថា​មាន៣នាក់ឬ៤នាក់អ៊ីចឹង អត់បានទេ»។

អធិការ​នគរបាល​ស្រុកសង្កែ លោក ស៊ុន សុវណ្ណ នៅតែប្រកាន់ជំហរថា មន្ត្រីរបស់លោក​មិន​បាន​ធ្វើទារុណ​កម្ម​លើ​ជនសង្ស័យដូចការចោទប្រកាន់​នោះទេ។

លោកថា៖ «ខាងខ្ញុំដូចគ្មានអ្វីទេ ដូចគេចុះមកស្រាវជ្រាវអ៊ីចឹង ខាងខ្ញុំនៅតែដដែល សម័យឥលូវទៅធ្វើទារុណ​កម្ម​ម៉េច​»។

យ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបង លោក យិន​ ម៉េង​លី យល់​​ថា ការធ្វើទារុណកម្មទៅលើជនសង្ស័យ​ណាមួយ ហើយគប់គិតគ្នាធ្វើរបាយ​ការណ៍បន្លំភ្នែក​មហាជន ជាការប្រមាថដល់អាយុជីវិតមនុស្ស ហើយ​ទង្វើនេះបានប្រាសចាកពីក្របខណ្ឌច្បាប់ដែលរដ្ឋាភិបាលត្រូវតែលុបបំបាត់ ដើម្បីពង្រឹងនីតិរដ្ឋ។

យ៉ាងណា លោកផ្តល់ជាយោបល់ថា វិធានការទប់ស្កាត់មន្ត្រីខិលខូច ដើម្បីកាត់ផ្តាច់អំពើទារុណកម្មក្នុងវិស័យ​យុត្តិធម៌ ត្រូវធ្វើជា​ប្រព័ន្ធ មិនអាចពឹងតែ​គណៈកម្មាធិការជាតិប្រឆាំង​ទារុណ​កម្មនេះ​មួយ​បាន​ទេ។

លោកថា៖ «តុលាការត្រូវហ៊ានវះកាត់ជាមួយនឹងមន្ត្រីយុត្តិធម៌ បើតុលាការខ្លាច​មិន​ហ៊ានវះកាត់ តុលាការលោកមិន​នៅជាបុគ្គលឯករាជ្យទេ លោកខ្លាច​មន្ត្រីគាត់​ខឹង អ៊ីចឹងការកាត់បន្ថយអំពើ​ធ្វើទារុណកម្ម​មិនអាចថយ​ចុះបានទេ»។

មាត្រា២១០ បទទារុណកម្ម និងអំពើឃោរឃៅ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ចែងថា «ទារុណក​ម្មឬអំពើ​ឃោរ​ឃៅ ដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ