សង្គម​ស៊ីវិល​ជាង​២០​ស្ថាប័ន​​ស្នើ​បង្កើន​ការ​គាំ​ទ្រ​ដល់​កម្មករ​ក្នុង​និង​ក្រៅ​ប្រព័ន្ធ ​

កម្មកររោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ចេញទៅទិញម្ហូបអាហារនៅផ្សារព្រែកជ្រៃ ក្រោយចេញពីធ្វើការនៅម៉ោងសម្រាកពេលថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ (ហ៊ី ឆាយ)

អង្គការនិងសមាគមធ្វើការក្នុងវិស័យសិទ្ធិមនុស្សនិងការងារ ស្នើឱ្យរដ្ឋាភិបាលគាំទ្របន្ថែមទៀតចំពោះកម្មករក្នុងនិងក្រៅប្រព័ន្ធនៅអំឡុងផ្ទុះជំងឺកូវីដ-១៩នេះ។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អង្គការនិងសមាគម២២ស្ថាប័នបានចូលរួមគាំទ្រសេចក្ដីថ្លែងការណ៍មួយជំរុញឱ្យរដ្ឋាភិបាលយកចិត្តថែមទៀតទៅលើកម្មករក្នុងនិងក្រៅប្រព័ន្ធ ដូចជា អ្នកប្រកបមុខរបរផ្លូវភេទ សេវាកម្សាន្ត កម្មករ-កម្មការិនី ដែលកំពុងជួបបញ្ហាជីវភាព បាត់បង់ប្រាក់ចំណូល និងគ្មានលទ្ធភាពដោះស្រាយបំណុលអំឡុងផ្ទុះជំងឺកូវីដ-១៩។

មន្ត្រីផ្នែកច្បាប់និងតស៊ូមតិនៃសមាគមមណ្ឌលព័ត៌មានកម្មករ កញ្ញា ចាន់ រស្មី ប្រាប់ពលរដ្ឋសារព័ត៌មាន CCIM ថា កម្មករក្នុងនិងក្រៅប្រព័ន្ធ ពិសេសកម្មកររោងចក្រប្រឈមកាន់តែខ្លាំងអំឡុងផ្ទុះជំងឺកូវីដ-១៩នេះ ដូចជា គ្មានលទ្ធភាពបង់ថ្លៃបន្ទប់ជួល ថ្លៃទឹក ថ្លៃភ្លើង និងរ៉ាប់រងការចំណាយផ្សេងៗ អំឡុងពេលពួកគេត្រូវសម្ងំរស់នៅក្នុងផ្ទះ​ ដើម្បីការពារពីជំងឺកូវីដ-១៩។

កញ្ញាបន្ដថា៖ «រដ្ឋាភិបាលសម្របសម្រួលការបង់ថ្លៃបន្ទប់ជួល ផ្ទះជួល ថ្លៃទឹក ភ្លើង ក្នុងរយៈពេលរងផលប៉ះពាល់វិបត្តិកូវីដ-១៩ ពន្យារពេលសងបំណុលទាំងដើមទាំងការប្រាក់ រហូតដល់មានការងារធ្វើដូចធម្មតាវិញដែលទទួលបានប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របតាមច្បាប់ការងារ»។

ក្រៅពីនេះ កញ្ញា ចាន់ រស្មី ជំរុញឱ្យក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានផ្តល់ការការពារសុវត្ថិភាព បញ្ឈប់ការរើសអើងនិងអំពើហិង្សាលើផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការផាត់ចេញ និងធានាការទទួលបានសេវាសង្គមដោយសមធម៌និងយុត្តិធម៌ ដល់កម្មករទាំងក្នុងនិងក្រៅប្រព័ន្ធពីគ្រប់អ្នកពាក់ព័ន្ធ។

បុគ្គលិកផ្នែកច្បាប់និងតស៊ូមតិនៃអង្គការបណ្តាញការងារស្ត្រីរួបរួមគ្នា លោកស្រី សេន ចន្ធូ លើកឡើងថា​ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់កម្មករ-កម្មការិនីទាំងក្នុងនិងក្រៅប្រព័ន្ធ ខណៈពួកគេទទួលបានការគាំទ្រតិចតួចពីរដ្ឋាភិបាលនៅអំឡុងពេលផ្ទុះជំងឺកូវីដ-១៩នេះ។

លោកស្រីបញ្ជាក់ថា៖ «កម្មករ-កម្មការិនីរោងចក្រមិនទាន់ទទួលបានចំណីអាហារ ការហូបចុកមិនគ្រប់គ្រាន់ជាដើម»។

យ៉ាងណាក៏ដោយ ឆ្លើយតបនឹងវិបត្តិកូវីដ-១៩នេះ កាលពីខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចបន្ដផ្ដល់ប្រាក់ក្នុងម្នាក់ចំនួន៤០ដុល្លារដល់កម្មករនិយោជិតដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។

បន្ថែមលើសនេះ រដ្ឋាភិបាលក៏តម្រូវឱ្យម្ចាស់រោងចក្រ-សហគ្រាសបន្ថែមទឹកប្រាក់ដល់កម្មករក្នុងម្នាក់ចំនួន៣០ដុល្លារផងដែរ សម្រាប់កម្មករនិយោជិតដែលបម្រើការងារក្នុងវិស័យនេះ ដែលសរុបក្នុងម្នាក់ទទួលបានចំនួន៧០ដុល្លារក្នុងមួយខែ៕


ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ត គឹមហ៊ាត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។