ប្រជា​នេសាទ​នៅ​ស្រុក​ព្រៃនប់​ថា​ មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​កោងកាង​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​

ប្រជាសហគមន៍នេសាទម្នាក់ចង្អុលទីតាំងដីព្រៃកោងកាងដែលរងការកាប់ទន្ទ្រានពីសំណាក់ជនខិលខូច។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ប្រជានេសាទមួយចំនួនរស់នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ស្នើឱ្យអាជ្ញាធរមានវិធានការទប់ស្កាត់បុគ្គលទុច្ចរិតមួយចំនួនដែលបានចូលកាប់ទន្ទ្រានព្រៃកោងកាងយកទៅធ្វើជាកម្មសិទ្ធិឯកជនដោយបំពានច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

ប្រធានសហគមន៍នេសាទជម្ពូខ្មៅ លោក ទេព កុសល ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកព្រួយបារម្ភជាខ្លាំងចំពោះការបាត់បង់ព្រៃកោងកាងដែលជាជម្រកជីវចម្រុះ​របស់ប្រជានេសាទនៅតំបន់នេះ។ លោកស្នើឱ្យអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធជួយទប់ស្កាត់និងអនុវត្ដច្បាប់ឱ្យបានម៉ត់ចត់ ដោយមិនត្រូវលើកលែងឱ្យជនប្រព្រឹត្ដខុសរួចខ្លួនឡើយ។

លោកបន្ដថា៖ «ព្រៃកោងកាងនៅជម្ពូខ្មៅនេះ ត្រូវបានរងការកាប់បំផ្លាញជាច្រើនលើកច្រើនសារ ហើយក៏ត្រូវបានអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញរដ្ឋបាលជលផលខេត្ដព្រះសីហនុចុះមកបង្រ្កាបជាបន្ដបន្ទាប់ ប៉ុន្ដែហាក់បីដូចជាគ្មានប្រសិទ្ធភាព»។

មេភូមិជម្ពូខ្មៅ លោក ផុង រិទ្ធិ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ដែរថា លោករីករាយចូលរួមសហការនិងការពារព្រៃកោងកាងនេះ ព្រោះវាមានសារៈសំខាន់ចំពោះប្រជាពលរដ្ឋ ដូចជា ការពារទឹកប្រៃចូលស្រែ និងជម្រកត្រីបន្ដពូជ និងជីវចម្រុះ សម្រាប់ប្រជានេសាទអាស្រ័យផល។

មេភូមិរូបនេះបន្តថា៖ «ចំពោះការកាប់បំផ្លាញព្រៃកោងកាងនេះ ពលរដ្ឋរស់នៅតំបន់នេះមិនមានការកាប់ទន្ទ្រាននោះទេ ភាគច្រើនជាមនុស្សមកពីក្រៅស៊ីឈ្នួលក្រុមហ៊ុន ឬអ្នកមានលុយមានអំណាចមួយចំនួន។ ហើយអាជ្ញាធរមូលដ្ឋានពិបាកក្នុងការហាមឃាត់ពួកគេ ដោយសារពួកគេលួចធ្វើនៅពេលយប់ ឬពេលចន្លោះម៉ោងសម្រាកជាដើម»។

កាលពី​ខែកុម្ភៈ ឆ្នាំ២០២១ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ឯម ភា បានចេញលិខិតកោះហៅអ្នកជាប់ពាក់ព័ន្ធមកធ្វើការបកស្រាយ​ចំពោះករណីកាប់បំផ្លាញព្រៃកោងកាងនេះ។ តែរហូតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍ព័ត៌មានពី​មន្ដ្រី​ជំនាញបញ្ជាក់​ពីចំណាត់ការយ៉ាងណានៅឡើយទេ៕


 ពលរដ្ឋអ្នកសារព័ត៌មានខេត្តព្រះសីហនុ លោក សុខ សុខុម

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។