លោកកឹម សុខា ផ្ញើសាររំលែកទុក្ខ​ក្នុង​ខួប​៥ឆ្នាំ​នៃ​មរណភាព​លោក​បណ្ឌិត កែម ឡី

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ជួបជាមួយលោក​បណ្ឌិត កែម ឡី និង​ភរិយា នាពេលកន្លងមក។ រូបថតពីទំព័រ​ហ្វេស​ប៊ុក លោក​កឹម សុខា

មេដឹកនាំអតីតគណបក្សប្រឆាំង លោក កឹម សុខា សម្តែងការសោកស្តាយ និងចូល​រួម​រំលែក​ទុក្ខ​ជា​ថ្មីម្តង​ទៀត ​​ជាមួយក្រុមគ្រួ​សាររបស់​លោកបណ្ឌិត កែម ឡី ក្នុង​ខួប​៥ឆ្នាំ​នៃ​ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ជាថ្ងៃខួប៥ឆ្នាំ ដែល​លោក​បណ្ឌិត កែម ឡី ​អ្នក​ស្រាវ​ជ្រាវ​​ការ​​អភិវឌ្ឍ​សង្គម ត្រូ​វបានខ្មាន់កាំភ្លើងបាញ់សម្លាប់​ នៅ​​​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​​លក់​​ប្រេង​ឥន្ធនៈ​​កាល់តិច (Caltex) ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសរសេរជូនលោកស្រី ប៊ូ រចនា ភរិយា​លោក​បណ្ឌិត កែម ឡី នៅលើទំព័រហ្វេស​ប៊ុក​របស់​លោកនៅថ្ងៃនេះថា រូបលោក​​ និង​លោក​បណ្ឌិតកែម ឡី មិនមែនត្រឹមតែមានស្រុកកំណើតជាមួយគ្នា នៅស្រុកត្រាំកក់ ខេត្តតាកែវ នោះទេ អ្នកទាំងពីរក៏​​ជាអ្នក​​​ជនបទ​ដែល​បាន​តស៊ូ​រៀន​សូត្រ ​រស់នៅ បាន​ស្គាល់ពីសង្គម​ពិត និង​ជីវិតអ្នកក្រីក្រ អ្នករងគ្រោះដូចគ្នាផងដែរ។

លោក កឹម សុខា បាន​រំលឹកនូវទស្សនៈតាមរយៈការ​ផ្លាស់​ប្តូរ​យោបល់​ រវាងរូប​លោក និង​លោក​បណ្ឌិត កែម ឡី កាល​​​​នៅមានជីវិតនោះថា ៖ «យើងអាចមានចក្ខុវិស័យ គោលបំណង និង គោលការណ៍ដូចគ្នាច្រើនទៀត ដើម្បីអធិបតេយ្យភាព ឯករាជ្យ ឯកភាពជាតិខ្មែរ និង ដើម្បីសិទ្ធិ សេរីភាព យុត្តិធម៌ សុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ ដោយប្រកាន់យកនូវគោលការណ៍អហិង្សា មិន​យកខ្មែរណាជាសត្រូវ»។

ករណីនេះ លោក កឹម សុខា បាន​បង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខជាថ្មីម្តងទៀត ចំពោះក្រុមគ្រួសារសព លោកបណ្ឌិត កែម ឡី ក្នុងឱកាសខួប៥ឆ្នាំនៃមរណភាព​របស់លោកបណ្ឌិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ