សហរដ្ឋអាមេរិក បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជាជាថ្មីទៀត ត្រូវស៊ើបអង្កេតឡើងវិញប្រកបដោយតម្លាភាព ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ដើម្បីផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារ ដែលកំពុងទន្ទឹងរង់ចាំរយៈពេល៥ឆ្នាំមកហើយ។
ការស្នើនេះ ធ្វើឡើងស្របពេលខួប៥ឆ្នាំនៃការបាញ់សម្លាប់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ ខណៈយុត្តិធម៌ពិតនៅមិនទាន់មានសម្រាប់ក្រុមគ្រួសារនិងជនរងគ្រោះនៅឡើយ។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ ចំថ្ងៃខួប ៥ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អាមេរិកបានលើកឡើងថា កន្លងមកអ្នកវិភាគនយោបាយរូបនេះតែងតែលះបង់យ៉ាងមោះមុត ដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា។
ករណីនេះស្ថានទូតអាមេរិកបានអំពាវនាវជាថ្មីទៀត ដល់រដ្ឋាភិបាលកម្ពុជា ត្រូវស៊ើបអង្កេតដោយតម្លាភាព ឥតលម្អៀងលើសំណុំរឿងលោកបណ្ឌិត កែម ឡី ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារ។
ខ្លឹមសារលើទំព័រហ្វេសប៊ុកសរសេរដូចនេះថា៖ «យើងសូមអំពាវនាវជាថ្មីម្តងទៀត ដល់រដ្ឋាភិបាលកម្ពុជាឱ្យធ្វើការស៊ើបអង្កេតដោយមិនលម្អៀង និងប្រកបដោយតម្លាភាព ចំពោះឃាតកម្មលើរូបលោក ដើម្បីស្វែងរកយុត្តិធម៌ចំពោះលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសារ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលី មានប្រសាសន៍ប្រាប់វីអូឌីតាមរយៈតេឡេក្រាមនៅថ្ងៃ១១ ខែកក្កដានេះថា សំណុំរឿង បណ្ឌិត កែម ឡី រដ្ឋាភិបាលមានកាតព្វកិច្ចស៊ើបអង្កេត និងស្វែងរកនូវយុត្តិធម៌តាមផ្លូវច្បាប់ មិនមែនយុត្តិធម៌តាមផ្លូវអារម្មណ៍ និងផ្លូវនយោបាយ ឬតាមការទាមទារបស់ក្រុមដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី នោះទេ។
ប៉ុន្តែលោកថា ប្រសិនបើភាគីពាក់ព័ន្ធណាមួយ មិនអាចទទួលយកបានការសម្រេចរបស់តុលាការ ពួកគេអាចប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ក្នុងការប្តឹងទាស់ ប្តឹងឧទ្ធរណ៍ ឬប្តឹងសើរើក៏បាន ក្នុងករណីសេចក្តីសម្រេចចូលជាធរមានរួចហើយក៏ដោយ តែត្រូវមានភស្តុតាង ទឡ្ហីករណ៍ និងសក្ខីកម្មផ្នែកច្បាប់រឹងមាំ ផ្ទុយទៅនឹងការរកឃើញរបស់សមត្ថកិច្ច។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះបញ្ជាក់ថា ចំពោះការស្នើឱ្យបង្កើតគណៈកម្មការឯករាជ្យ ដោយមានការចូលរួមពីបរទេស ដើម្បីស៊ើបអង្កេតលើសំណុំរឿងលោកបណ្ឌិត កែម ឡី មិនអាចទៅរួចនោះទេ ព្រោះរំលោភលើច្បាប់ជាតិ និងអន្តរជាតិ។
លោកមានប្រសាសន៍ដូចនេះថា៖ «ការស្នើឱ្យបង្កើតគណៈកម្មការឯករាជ្យមានការចូលរួមពីបរទេស ដើម្បីស៊ើបអង្កេតលើសំណុំរឿងដែលតុលាការនៃរដ្ឋអធិបតេយ្យមួយបានបំពេញកិច្ចនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់របស់ខ្លួនចប់សព្វគ្រប់រួចអស់ហើយនោះ ក៏មិនអាចទៅរួចដែរ ដោយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនិងច្បាប់ជាតិរបស់កម្ពុជា ជាពិសេសគោលការណ៍ច្បាប់អន្តរជាតិពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់រដ្ឋ ដែលមិនអនុញ្ញាតឱ្យបង្កើតរដ្ឋលើរដ្ឋអធិបតេយ្យនោះឡើយ»។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា សង្កេតឃើញថា ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ហើយសមត្ថកិច្ចស្រាវជ្រាវចាប់បានតែមនុស្សម្នាក់ឈ្មោះ អឿត អាង ហៅខ្លួនឯង «ជួបសម្លាប់» មកដាក់ទោស ដោយមិនទាន់រកឃើញអ្នកពាក់ព័ន្ធផ្សេងទៀតនោះ ធ្វើឱ្យអន្តរជាតិបាត់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ករណីនេះ លោក សុវណ្ណរ៉ា បញ្ជាក់ថា បើរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ មិនវែកមុខរកអ្នកពាក់ព័ន្ធក្នុងរឿងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី មកផ្តន្ទាទោស និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទេ នឹងធ្វើឱ្យកម្ពុជាខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចច្រើនជាមួយប្រទេសលោកសេរី។
លោកមានប្រសាសន៍ថា៖ «បើសិនជាយន្តការហ្នឹងមិនបានផ្តល់យុត្តិធម៌ជនរងគ្រោះ និងជំនឿជឿជាក់ដល់សាធារណៈ និងមតិអន្តរជាតិទេ និងធ្វើឱ្យពួកគេបាត់បង់ជំនឿ ហើយប្រព័ន្ធច្បាប់នៅកម្ពុជាអត់មានតម្លាភាព អត់មានគោលការណ៍ច្បាប់ដែលគេជឿជាក់។ អញ្ចឹងអ្នកវិនិយោគទុនបរទេសគេពិបាកមកបណ្តាក់ទុននៅកម្ពុជាដែរ»។
ក្រៅពីជំរុញឱ្យកម្ពុជាស៊ើបអង្កេតប្រកបដោយឯករាជ្យករណីឃាតកម្មលើបណ្ឌិតកែម ឡី ដើម្បីផ្តល់យុត្តិធម៌ជូនគ្រួសារហើយនោះ សហរដ្ឋអាមេរិកក៏បានសម្តែងនូវសមានទុក្ខសារជាថ្មីដល់គ្រួសាររបស់លោក កែម ឡី ដែលកំពុងរង់ចាំ និងនៅសង្ឃឹមនៅឡើយលើការទទួលខុសត្រូវពេញលេញមួយ។ អាមេរិកថា ឃាតកម្មនេះជា«ការសម្លាប់ដ៏កំសាក» និងដោយមិនសមហេតុផលលើរូបលោក កែម ឡី។
កាលពីឆ្នាំ២០១៧ អំឡុងគម្រប់ខួបមួយឆ្នាំនៃការបាញ់សម្លាប់ ស្ថានទូតអាមេរិកធ្លាប់បានរំឭកម្តងរួចមកហើយថា អាមេរិក«សង្ឃឹមថា អ្នកប្រព្រឹត្តនឹងត្រូវបានចាប់ឲ្យទទួលខុសត្រូវពេញលេញចំពោះអំពើលីលា និងដ៏កំសាកនេះ»។
លោកបណ្ឌិត កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងស្តារម៉ាត ក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ។
ឃាតកម្មនេះ កើតឡើងក្រោយពីលោក កែម ឡី វិភាគបន្ថែមទៅលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិ Global Witness ដោយរបាយការណ៍នោះបានលាតត្រដាងពីការក្តោបក្តាប់មុខជំនួញរបស់គ្រួសារ«ត្រកូល ហ៊ុន»។
៥ឆ្នាំមកនេះ សមត្ថកិច្ចរដ្ឋាភិបាល រួមទាំងតុលាការផង ចាប់ខ្លួនបុរសម្នាក់ប៉ុណ្ណោះមកផ្តន្ទាទោស គឺឈ្មោះ អឿត អាង ហៅ «ជួបសម្លាប់» ដោយកាត់ទោសឃាតកររូបនេះឱ្យជាប់ពន្ធនាគារមួយជីវិត។
មន្ត្រីតុលាការ និងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ធ្លាប់អះអាងថា សំណុំរឿងនេះ ត្រូវបានបែងចែកជាពីរ ដោយទីមួយករណី ជួប សម្លាប់ ដែលតុលាការកាត់ទោសឱ្យជាប់គុកអស់មួយជីវិតនោះត្រូវបានបិទបញ្ចប់ និងករណីមួយទៀត គឺរកអ្នកពាក់ព័ន្ធជាមួយឃាតករ ជួប សម្លាប់ ហើយនីវិធីកំពុងតែបន្ត។
ភរិយាលោកបណ្ឌិត កែម ឡី គឺ អ្នកស្រី បូ រចនា ប្រាប់វីអូឌីពីប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះថា យុត្តិធម៌សម្រាប់ស្វាមីអ្នកស្រីមកទល់ពេលនេះ គ្មានសោះឡើយ។ លើសពីនេះ ឃាតករម្នាក់ឈ្មោះ អឿត អាង នោះ អ្នកស្រីថា គ្រាន់តែជាឃាតករក្លែងក្លាយ ឬ សម្បនិមិត្តតែប៉ុណ្ណោះ។
តែយ៉ាងណា អ្នកស្រី នៅតែចង់បានយុត្តិធម៌ពិត ប៉ុន្តែអ្នកស្រីមិនមានសង្ឃឹមទទួលបានយុត្តិធម៌ពិតនោះក្នុងសម័យកាលដឹកនាំដោយរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្នឡើយ។
កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០១៩នេះ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ចំនួន២៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទាមទារទៅរដ្ឋាភិបាលឲ្យវែកមុខរកអ្នកនៅពីក្រោយឃាតកម្មលើបណ្ឌិត កែម ឡី មកផ្តន្ទាទោសបន្ថែមទៀត ដើម្បីពង្រឹងនីតិរដ្ឋ និងផ្តល់យុត្តិធម៌ជូនគ្រួសារសព៕