ពលរដ្ឋ​នៅ​កំពត​ស្នើ​សុំ​រដ្ឋ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​ ដោយសារ​ភាព​ក្រីក្រ​និង​បំណុល​ធនាគារ

អ្នកស្រី សោ តាត់ ជាពលរដ្ឋម្នាក់រស់នៅឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តកំពត ស្នើសុំឱ្យអាជ្ញាធរខត្តនេះចែកដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋដែលធ្លាក់ខ្លួនក្នុងស្ថានភាពក្រីក្រតោកយ៉ាកនិងជាប់ជំពាក់បំណុលធនាគារ។

ពលរដ្ឋម្នាក់រស់នៅឃុំស្ទឹងកែវ ស្រុកទឹកឈូ អ្នកស្រី សោ តាត់ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គ្រួសារគាត់ក៏ជួបបញ្ហាជីវភាព និងមិនមានការងារធ្វើពិតប្រាកដដែរ។ ស្ដ្រីវ័យ៥៥ឆ្នាំរូបនេះរំពឹងថា រដ្ឋាភិបាលនឹងចែកដីសម្បទានសង្គមកិច្ចដល់ជនក្រីក្រក្នុងទំហំណាមួយ ដើម្បីឱ្យគាត់មានលទ្ធភាពរកស៊ីទទួលទានចិញ្ចឹមជីវិតទៅថ្ងៃខាងមុខ។ 

អ្នកស្រី សោ តាត់ បន្ដថា៖ «ជីវភាពគ្រួសារខ្ញុំលំបាកហួសនិយាយហើយ តែមិនដឹងត្រូវធ្វើយ៉ាងម៉េច! បើពឹងកូន កូនក៏រៀបការហើយអស់ គេរវល់តែជួយម៉ែឪពេក នាំឱ្យទាស់ទែងប្ដីប្រពន្ធគេ។ លុយកាក់ប្ដីរកបានមិនគ្រប់បង់អង្គការផង អង្គការនៅបន្តយកដដែល គ្រាន់តែមិនតឹងតែងដូចមុន បានបួនប្រាំម៉ឺន គេក៏យកតាមហ្នឹង។ បើរដ្ឋចែកដីសម្បទានសង្គមកិច្ច ខ្ញុំក៏ស្នើសុំនឹងគេដែរ។ សព្វថ្ងៃ ខ្ញុំរស់នៅលើដីរបស់កូន ថ្ងៃណាពួកគេមិនសប្បាយចិត្ត គេដេញយើងថ្មើរណាក៏បាន»។

ពលរដ្ឋម្នាក់រស់នៅឃុំថ្មី ស្រុកទឹកឈូ អ្នកស្រី ឃាង ធឿន អាយុ៤៦ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គាត់បានបាត់បង់ដីសម្បទានសង្គមកិច្ចទំហំប្រមាណ២ហិកតា ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក នៅអំឡុងឆ្នាំ២០១៦ ដោយសារក្រុមហ៊ុននិងមេឈ្មួញដីទន្ទ្រានយក។

ពលរដ្ឋមានជម្លោះដីធ្លីរូបនេះអះអាងថា បន្ទាប់ពីបាត់​បង់ដីនេះ គាត់បានត្រឡប់ទៅរស់នៅស្រុកកំណើតនៅឯភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ដោយទៅរស់នៅជាមួយម្ដាយ និងមិនមានការងារអ្វីធ្វើធំដុំនោះទេ។

អ្នកស្រី ឃាង ធឿន ប្រាប់ថា ការទ្រទ្រង់ជីវភាពនិងចិញ្ចឹមជីវិតសព្វថ្ងៃ គឺអាស្រ័យលើលុយកាក់ដែលកូនៗធ្វើកម្មកររោងចក្រផ្ញើមកឱ្យចាយវាយប្រចាំខែ ប៉ុន្ដែពួកគេក៏ជួបបញ្ហាអត់ការងារធ្វើនិងបាត់បង់ប្រាក់ខែផងដែរ នៅអំឡុងពេលផ្ទុះជំងឺកូវីដ-១៩នេះ។

លោកបន្ដថា សព្វថ្ងៃ គាត់ជំពាក់បំណុលធនាគារនិងជំពាក់លុយឯកជនដែលសរុបប្រមាណ៤ ០០០ដុល្លារហើយ គាត់មិនមានលទ្ធភាពសងនោះទេ។ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងជួយអន្ដរាគមន៍ករណីដីសម្បទានសង្គមកិច្ចរបស់គាត់ ដែលក្រុមហ៊ុនទន្ទ្រានយក ដើម្បីគាត់បានមានជីវភាពប្រសើរឡើងវិញ។

មន្ដ្រីឃុំស្ទឹងកែវ ស្រុកទឹកឈូ លោក ឈឹម វ៉ាន់ មានប្រសាសន៍ថា នៅឃុំនេះមានពលរដ្ឋក្រីក្រចំនួន៣៤៣គ្រួសារ ក្នុងចំណោមប្រជាជនសរុបចំនួន១ ៦៧២គ្រួសារ ឬស្មើនឹងចំនួន៧ ៨០១នាក់។

តំណាងពលរដ្ឋទទួលបានដីសម្បទានសង្គមកិច្ច ហេង សឿន ប្រាប់ថា ដីជិត២០០ហិកតាត្រូវបានក្រុមហ៊ុនទន្ទ្រានយក និងនៅសល់៣០០ហិកតាត្រូវបានបែងចែកឱ្យពលរដ្ឋក្រីក្រ ប៉ុន្ដែលោកថា ពលរដ្ឋភាគច្រើនក៏បានលក់ដីបន្ដទៅឱ្យអ្នកផ្សេងទៀត។

បើតាមតំណាងពលរដ្ឋ នៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងមន្ទីរសង្គមកិច្ចខេត្តកំពត និងអង្គការពាក់ព័ន្ធ បានរៀបចំដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋក្រីក្រក្នុងទំហំប្រមាណជាង៥២៣ហិកតា ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដល់គ្រួសារចំនួន៣០០គ្រួសារ។

ក្រោយមកទៀត នៅឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ ក្រុមមេឈ្មួញ លោក អាំ ផល្លីន និងក្រុមហ៊ុនអ្នកស្រី ហៀង គន្ធី បានទន្ទ្រានយកដីនៅតំបន់នេះ ដោយអះអាងថា មានកម្មសិទ្ធិស្របច្បាប់៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក អ៊ុំ វិចិត្រ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។