សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​បន្ដ​លើក​កម្ពស់​សិទ្ធិ​កម្មករ​និង​សហជីព

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

មន្ដ្រីអង្គការសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលពង្រឹងការអនុវត្ដច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពរបស់កម្មករនិយោជិតនិងសហជីពស្របតាមច្បាប់អន្ដរជាតិដែលកម្ពុជាបានផ្ដល់សច្ចាប័ន។

ក្នុងកម្មវិធី «សំឡេងដើម្បីសមភាពការងារកម្ពុជា» ធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ​ មន្ត្រីសម្របសម្រួលគម្រោងផ្នែកច្បាប់ការងារកម្ពុជា លោក ជា សុភ័ក្រ មានប្រសាសន៍ថា គោលបំណងនៃការរៀបចំកម្មវិធីចំខួបលើកទី១០៩ នៃសន្និសីទអន្តរជាតិស្តីពីការងារនេះ គឺដើម្បីជំរុញឱ្យរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធបន្ដពិភាក្សាដោះស្រាយស្ថានភាពរបស់កម្មករ ពង្រឹងការអនុវត្តច្បាប់ការងារ និងលក្ខខណ្ឌរបស់កម្មករនយោជិត ដែលខ្លួនជាប្រទេសសមាជិក។

លោកបន្ដថា កម្មវិធីនេះគឺដើម្បីឱ្យសហជីពលើកឡើងក្ដីកង្វល់ ការំលោភសិទ្ធិសេរីភាព និងបញ្ហាប្រឈមរបស់ពួកគេ។ មិនតែប៉ុណ្ណោះ លោកថា សិទ្ធិកម្មករនិងសហជីពនៅកម្ពុជានាពេលសព្វថ្ងៃនេះ នៅមិនទាន់បានទូលំទូលាយស្របទៅតាមច្បាប់ជាតិនិងច្បាប់អន្ដរជាតិនោះទេ។

លោកថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាចំនួន១៣ ហើយអនុសញ្ញាទាំងនោះមានគោលបំណងជំរុញឱ្យមានការជជែកពីបញ្ហាដែលរដ្ឋាភិបាលនីមួយៗបានអនុវត្តពេញលេញឬខ្វះចន្លោះ និងការបន្ដអនុវត្តឱ្យបានល្អប្រសើរបន្ថែមទៀត។

លោកបន្ដថា៖ «ក្នុងនាមជាតំណាងកម្មករ តំណាងសហជីព តំណាងកម្មករនយោជិតគ្រប់វិស័យ យើងមិនចង់ឃើញកម្ពុជាត្រូវដាក់ជាប្រទេសអនុវត្តន៍អនុសញ្ញាមិនបានល្អនិងនៅមានបញ្ហាទេ។ យើងទាំងអស់គ្នាត្រូវចូលរួមផ្តល់ជាគំនិត និងឯកសារដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ និងចង់ឱ្យបងប្អូនទាំងអស់តាមដានផ្តល់អនុសាសន៍ ដើម្បីគាំទ្រឬជាអំណះអំណាង ជាពិសេសរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនិងពេញលេញ»។

ក្នុងកម្មវិធីនេះដែរ មន្តី្រផ្នែកច្បាប់នៃសហភាពការងារកម្ពុជា លោក ដួង វាសនា លើកឡើងថា កម្ពុជានៅមិនទាន់អនុវត្ដបានពេញលេញទាក់ទងនឹងច្បាប់ការងារចំពោះសិទ្ធិរបស់កម្មករនិងសហជីពនោះទេ ដោយលោកថា បរិយាកាសនយោបាយនិងការរឹតត្បិតនៅតែបន្ដកើនឡើង ប្រឆាំងអង្គការសង្គមស៊ីវិលនិងសំឡេងរិះគន់។

លោកបន្ដថា កម្មករនិយោជិតនិងសហជីពទាំងអស់ត្រូវស្វែងរកនិងតាមដានការអនុវត្តរបស់រដ្ឋាភិបាល ថាតើចំណុចណាខ្លះធ្វើបានល្អនិងចន្លោះប្រហោង ដើម្បីយកទៅថ្លែងក្នុងកម្មវិធីនេះ និងពិភាក្សារកដំណោះស្រាយរួមគ្នា។

ចុងក្រោយ លោកស្នើឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ការងារ និងអនុញ្ញាតឱ្យកម្មករនិយោជិត​និងសហជីពអនុវត្តសិទ្ធិដែលមានចែងក្នុងច្បាប់និងរដ្ឋធម្មនុញ្ញកម្ពុជា ដូចជា ការចងក្រងនិងធ្វើកូដកម្មដោយសន្តិវិធី ជាដើម។


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សង ជាតិ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។