រដ្ឋា​ភិបាល​ផ្អាក​កម្មករ​និង​អ្នក​ជំនាញ​វៀតណាម​មិន​ឱ្យ​ចូល​កម្ពុជា​បណ្ដោះ​អាសន្ន

​ព្រំដែន​កម្ពុជា​-វៀតណាម ក្នុង​ភូមិសាស្ត្រ​ឃុំ​ប៉ក់​ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្តរតនគិរី​-Provincial administration of Ratanakiri​)

រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការចេញ-ចូលរបស់កម្មករនិងអ្នកជំនាញវៀតណាមជាបណ្ដោះអាសន្នសម្រាប់រយៈពេល១ខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

យោងតាមលិខិតចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដែលផ្ញើជូនទៅឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម កម្ពុជាបានសម្រេចផ្អាកសកម្មភាពជាបណ្ដោះអាសន្ននូវការធ្វើដំណើរចេញ-ចូលឆ្លងកាត់ច្រកទា្វរព្រំដែនកម្ពុជា-វៀតណាមរបស់ក្រុមកម្មករជំនាញនានា និងអ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម រយៈពេល១ខែ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នាពេលខាងមុខនេះតទៅ។

យ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជាអះអាងថា ចំពោះបុគ្គលិកនិងក្រុមកម្មករជំនាញនានារបស់ក្រុមហ៊ុនវៀតណាមដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកបានធ្វើចត្តាឡីស័ករួចរាល់និងអ្នកកំពុងធ្វើចត្តាឡីស័ក គឺអាចបន្ដស្នាក់នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែត្រូវគោរពតាមវិធានការចត្តាឡីស័កនិងការពារការចម្លងជំងឺកូវីដ-១៩ឱ្យបានត្រឹមត្រូវ។

លិខិតដដែលគូសបញ្ជាក់ថា៖ «ចំពោះបុគ្គលិកនិងក្រុមកម្មករជំនាញនានារបស់ក្រុមហ៊ុនវៀតណាមដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកបានធ្វើចត្តាឡីស័ករួចរាល់ និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក គឺមិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញទេ ស្ថិតក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្ដោះអាសន្នតាមច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម»។

ក្នុងលិខិតដដែលនោះក៏បានបញ្ជាក់បន្ថែមអំពីករណីលើកលែងមួយចំនួនទៀតផងដែរ ដូចជា អ្នកជំងឺដែលត្រូវទៅព្យាបាលនៅប្រទេសវៀតណាម អ្នកការទូត មន្ដ្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរដ្ឋាភិបាល។

ក្រសួងការបរទេសក៏បានប្រាប់ទៅកាន់ឯកអគ្គរាជទូតកម្ពុជានៅប្រទេសវៀតណាមសហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឱ្យអាជ្ញាធរនៃប្រទេសទាំងពីរជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ជូននាំចេញនិងនាំចូលទំនិញនានាដោយអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាលប្រទេសទាំងពីរ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនជាង៣៤ ៥០០នាក់ ក្នុងនោះ ស្លាប់១៣០នាក់ និងជាសះស្បើយ៩ ៥៥៣នាក់៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ប៉ាន បូរិន 

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។