បុគ្គលិក​ណាហ្គាវើលដ៍​ស្នើ​នាយក​រដ្ឋ​មន្ដ្រី​អន្ដរា​គមន៍​ជា​ថ្មី​ករណី​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ

តំណាងសហជីពណាហ្គាវើលដ៍ បានយកញត្តិជាមួយស្នាម​មេដៃអ្នកគាំទ្រ​ជាង២ ០០០នាក់​ (២ ០៤៩នាក់​) ទៅដាក់នៅក្រសួងការងារ ដើម្បីប្តឹងទាមទារឱ្យក្រុមហ៊ុនកាស៊ីណូមួយនេះបញ្ឈប់ការកាត់បុគ្គលិកជាង១ ០០០នាក់ ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

បុគ្គលិកដែលបម្រើការនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ស្នើសុំអន្ដរាគមន៍ជាថ្មីពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយចោទក្រុមហ៊ុនមួយនេះថា បានយកលេសជំងឺកូវីដ-១៩ ដើម្បីបញ្ឈប់បុគ្គលិកពីការងារ និងមានការរើសអើងសហជីព។

ក្នុងកម្មវិធីមួយផ្សាយតាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ អង្គការសង់ត្រាល់ បានអញ្ជើញវាគ្មិនដែលសុទ្ធសឹងជាបុគ្គលិកក្នុងចំណោមបុគ្គលិកសរុប១ ៣២៩នាក់ ដែលធ្លាប់បម្រើការងារផ្នែកកាស៊ីណូនៅក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោយត្រូវក្រុមហ៊ុនបញ្ចប់កិច្ចសន្យាការងារ។

ក្នុងកម្មវិធីនេះ បុគ្គលិកម្នាក់ដែលអះអាងថា បានបម្រើការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ជាង២០ឆ្នាំនោះ លោក សេង សុវណ្ណារិទ្ធ និយាយថា ក្រុមហ៊ុនមួយនេះបានយកលេសជំងឺកូវីដ-១៩ មកធ្វើហេតុផលក្នុងការបញ្ចប់កិច្ចសន្យាការងារបុគ្គលិកដោយរំលោភបំពានច្បាប់ការងារ និងមានគំនិតចង់រំលាយសហជីពចោលមិនឱ្យមាននៅកន្លែងការងារ។ 

លោកបន្ដថា៖ «នៅក្នុងវិបត្តិកូវីដ-១៩ ក្រុមហ៊ុន ណាហ្គាវើលដ៍ បានឆ្លៀតឱកាសបញ្ចប់ការងារបុគ្គលិកដោយរំលោភបំពាន មិនគោរពច្បាប់ស្ដីពីការងារ។ ជាពិសេសទៀត គឺជាចេតនារបស់ក្រុមហ៊ុនដែលចង់រំលាយសហជីពចោលមិនឱ្យមាននៅកន្លែងការងារ»។

បុគ្គលិកម្នាក់ទៀតដែលបម្រើការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ នេះផងដែរ លោក ជុប ចំណាប់ ថ្លែងថា លោកបានចូលបម្រើការងារនៅក្រុមហ៊ុននេះប្រមាណ៩ឆ្នាំ ហើយលោកក៏ជាសមាជិកសហជីពដែលធ្វើការសកម្មទៅលើការរំលោភសិទ្ធិការងារនិងសិទ្ធិមនុស្សផងដែរ។

លោកសង្កេតឃើញថា នៅពេលមានសហជីព គឺមានការគោរពសិទ្ធិការងារនិងសិទ្ធិមនុស្ស មិនមានការរំលោភបំពានពីសំណាក់និយោជកទៅលើបុគ្គលិក។ លោកបន្ថែមទៀតថា បុគ្គលិកដែលបម្រើការងារនៅក្នុងក្រុមហ៊ុន ណាហ្គាវើលដ៍ ស្ទើរតែទាំងអស់ជាសមាជិកសហជីព។​

លោកចោទថា ក្រុមហ៊ុនមួយនេះបានយកលេសជំងឺកូវីដ-១៩ មកបណ្ដេញបុគ្គលិកទាំងបំពាន និងយកលេសថា ខ្លួនមិនមានលទ្ធភាពជួយលុយទៅបុគ្គលិក ខណៈក្រុមហ៊ុនមួយនេះកំពុងសាងសង់សំណង់ ណាហ្គាវើលដ៍ទី៣ នោះ។ លោកយល់ថា ក្រុមហ៊ុនបានបង្កើតភាពរើសអើងនិងស្អប់មិនចង់ឱ្យមានសហជីពនៅក្រុមហ៊ុនមួយនេះ។

លោកបន្ដថា៖ «ក្រុមហ៊ុនបានយកបញ្ហាវិបត្តិកូវីដ-១៩ យកមកនិយាយថាអត់មានលុយជួយបុគ្គលិក គឺជារឿងមិនត្រឹមត្រូវនោះទេ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងសាងសង់ណាហ្គាទី៣ទៅទៀត។ ហើយនៅក្នុងឆ្នាំ២០២០ អំឡុងពេលជំងឺកូវីដ-១៩រីករាលដាល ក្រុមហ៊ុនបានចំណេញប្រាក់១០២លានដុល្លារ ហើយបានជួយរដ្ឋាភិបាល១៥លានដុល្លារទៀត។ នេះគឺជាការរើសអើងសហជីព មិនចង់ឱ្យមាននៅក្នុងក្រុមហ៊ុន»។  

អ្នកស្រី ខេង ចិន្ដា ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន ណាហ្គាវើលដ៍ មើលឃើញថា ចំពោះក្រុមហ៊ុនបញ្ឈប់រូបអ្នកស្រីនិងបុគ្គលិកផ្សេងទៀតរហូតដល់១ ៣២៩នាក់ គឺជាការរើសអើងសហជីព។ អ្នកស្រីចង់ឃើញក្រុមហ៊ុនបរទេសដែលមករកស៊ីនៅប្រទេសកម្ពុជា គោរពច្បាប់កម្ពុជាឱ្យបានខ្ជាប់ខ្ជួន។

អ្នកស្រីបន្ថែមថា៖ «នៅពេលខ្លះ មានបុគ្គលិកខលមកអ្នកស្រីទាំងទឹកភ្នែកថា អត់មានលុយទិញទឹកដោះគោកូន អត់លុយបង់បន្ទប់ជួល អត់លុយបង់ធនាគារ។ អ្នកខ្លះទៅស្រុករស់នៅជាមួយឪពុកម្ដាយរបស់ពួកគាត់»។  

កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន Naga Corp ដែលជាក្រុមហ៊ុនមេរបស់ NagaWorld បា​នជូនដំណឹងដល់ម្ចាស់ភាគហ៊ុនអំពីគម្រោងកាត់បន្ថយការចំណាយរបស់ខ្លួន ដែលថា «នឹងប៉ះទង្គិចដល់បុគ្គលិកមួយចំនួន»។ 

ក្នុងសេចក្ដីជូនដំណឹងនោះ ក្រុមហ៊ុនមិនបានបញ្ជាក់ថា បុគ្គលិក​ចំនួនប៉ុន្មាននាក់ត្រូវជម្រុះចេញនោះទេ ដោយថា មានបុគ្គលិកក្នុងចំនួនភាគច្រើនបានយល់ព្រមទទួលយកកញ្ចប់ប្រាក់សំណង ដើម្បីបញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន។

ក្រុមហ៊ុនបន្ថែមថា ខ្លួនក៏នឹងបញ្ចេញកញ្ចប់ទឹកប្រាក់បន្ថែមចំនួន២០០លានដុល្លារ ដើម្បីបង្កើតទុនបម្រុ​ងសម្រាប់ប្រើប្រាស់ក្នុ​ងប្រ​តិបត្តិការ៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួន វុត្ថា   

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។