ថៃ​អនុញ្ញាត​ឱ្យ​ពលករ​ខ្មែរ​បន្ដ​ស្នាក់​នៅ​ស្រប​ច្បាប់​ ប៉ុន្ដែ​ខ្លះ​ទៀត​បង្ខំ​ចិត្ត​មក​ស្រុក​កំណើត​វិញ

ពលករចំណាកស្រុកកម្ពុជាវិលត្រលប់មកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់)

រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យពលករបរទេស រួមទាំងពលករកម្ពុជាផង បន្ដស្នាក់នៅនិងធ្វើការដោយស្របច្បាប់រហូតដល់ឆ្នាំក្រោយ ប៉ុន្ដែក៏មានពលករកម្ពុជាផ្សេងទៀតបានបង្ខំចិត្តត្រឡប់មកស្រុកកំណើតវិញ អំឡុងផ្ទុះជំងឺកូវីដ-១៩។   

កាលពីសប្ដាហ៍មុន កាសែតបាងកកប៉ុស្ដិ៍បានដកស្រង់សម្ដីរដ្ឋមន្ដ្រីក្រសួងការងារថៃ លោក Suchart Chomklin មកចុះផ្សាយថា គណៈរដ្ឋមន្ដ្រីថៃបានយល់ព្រមលើសំណើដែលស្នើសុំឱ្យមានការអនុញ្ញាតសម្រាប់ពលករបរទេសមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា អាចបន្ដស្នាក់នៅនិងធ្វើការក្នុងប្រទេសនេះរហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

បើតាមកាសែតបាងកកប៉ុស្ដិ៍ វិបត្តិកូវីដ-១៩ក្នុងប្រទេសថៃបានប៉ះពាល់ដល់ការងារ និងការផុតសុពលភាពបណ្ណការងាររបស់ពលករបរទេស ខណៈពួកគេមិនអាចរកការងារថ្មីបានធ្វើក្នុងរយៈពេល៣០ថ្ងៃដែលតម្រូវដោយច្បាប់។ 

រដ្ឋមន្ដ្រីក្រសួងការងារថៃ លោក Suchart Chomklin អះអាងថា នេះគឺជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលថៃទៅលើពលករបរទេស ដើម្បីកុំឱ្យពួកគេក្លាយជាពលកររស់នៅនិងធ្វើការខុសច្បាប់ក្នុងប្រទេសនេះ អំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩។

ប៉ុន្ដែកាសែតបាងកកប៉ុស្ដិ៍បានចុះផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដាផងដែរថា មានពលករកម្ពុជាជាង២ពាន់នាក់បានវិលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីនាយករដ្ឋមន្ដ្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានចេញវិធានការមួយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដោយបិទតំបន់ការដ្ឋានសំណង់របស់ពលករបរទេសនៅទីក្រុងបាងកក និងតំបន់ជុំវិញ។ វិធានការនេះក៏បានបង្ខំឱ្យពលករបរទេសដែលស្នាក់នៅក្រៅតំបន់បិទខ្ទប់ សម្រេចចិត្តភៀសទៅស្រុកកំណើតវិញចន្លោះពី១០០ ទៅ១៥០នាក់ក្នុងមួយថ្ងៃ។

មន្ត្រីសម្របសម្រួលផ្នែកពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ លោក លឹង សុផុន មានប្រសាសន៍ថា ក្រោយពីរដ្ឋាភិបាលថៃបានបិទខ្ទប់តំបន់ការដ្ឋានសំណង់នាពេលកន្លងមក ពលករបរទេស ពិសេសពលករខ្មែរជាច្រើនសែននាក់ បានរងគ្រោះដោយសារដាច់ស្បៀងអាហារហូបចុកនិងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។

អង្គការសង់ត្រាល់ កត់សម្គាល់ផងដែរថា ពលករខ្មែរភាគច្រើនប្រឈមការខ្វះស្បៀង រងការបណ្តេញចេញពីការងារ ការរើសអើង និងផុតកំណត់វីសារ ដោយសារស្ថានភាពកូវីដ-១៩ នៅប្រទេសថៃកំពុងកើនឡើងនិងចេះតែធ្ងន់ធ្ងរ។

អង្គការសង់ត្រាល់ ប​ន្ដថា ចាប់តាំងពីរដ្ឋាភិបាលថៃប្រកាសបិទខ្ទប់តំបន់មួយចំនួនមក មិនមានថៅកែក្រុមហ៊ុនសំណង់ឬភាគីរដ្ឋណាមួយជួយជ្រោមជ្រែងពលករខ្មែរឡើយ ដោយទុកពួកគេចោល និងមិនបានជួយផ្តល់កញ្ចប់ស្បៀងអាហារនិងជំនួយសង្គមផ្សេងៗឡើយ៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ប៉ាន បូរិន 

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។