អង្គការ​អន្ដរជាតិ​ស្នើ​ដោះលែង​អ្នក​សារ​ព័ត៌មាន​ម្នាក់​ជុំវិញ​ការ​ផ្សាយ​រិះគន់​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩

លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មានមួយរូបប្រចាំខេត្តបាត់ដំបង។ (ហ្វេសប៊ុកលោក កៅ ពិសិដ្ឋ)

អង្គការអន្ដរជាតិមួយទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកសារព័ត៌មានឱ្យមានសេរីភាពវិញ បន្ទាប់ពីពួកគេបានផ្សាយព័ត៌មានអំពីជំងឺកូវីដ-១៩ ហើយថា រដ្ឋាភិបាលប្រើលេសនេះដើម្បីបិទមិនឱ្យមានសំឡេងប្រឆាំងនឹងខ្លួន។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ អ្នកសារព័ត៌មានគ្មានព្រំដែន ឬ Reporters with Borders ទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែង​អ្នកសារពត៌មាន​មួយ​រូប គឺ​លោក កៅ ពិសិដ្ឋ ដែលអាចត្រូវរងការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ជុំវិញការរិះគន់លើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩។

អ្នកសារព័ត៌មានគ្មានព្រំដែន និយាយក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា រដ្ឋាភិបាលកំពុង​ប្រើ​លេសទប់ស្កាត់ជំងឺកូវីដ-១៩ ទៅបំបិទសំឡេងអ្នករិះគន់តែប៉ុណ្ណោះ។

ក្នុងសេចក្ដីថ្លែងការណ៍ អ្នកសារព័ត៌មានគ្មានព្រំដែន បញ្ជាក់ថា៖ «លោក កៅ ពិសិដ្ឋ នេះ​ គឺ​ជា​ជន​រង​គ្រោះ​ចុង​ក្រោយ ក្រោម​ប្រព័ន្ធដឹកនាំ​របស់​លោក ហ៊ុន សែន ដើម្បី​យក​លេស​បង្ក្រាប​ក្រុម​អ្នក​រិះគន់ដែល​ហ៊ាន​ផ្សព្វផ្សាយព័ត៌មានអំពី​ជំងឺកូវីដ-១៩»។

សមត្ថកិច្ចខេត្តបាត់ដំបង បានចាប់ខ្លួនលោក កៅ ពិសិដ្ឋ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីអ្នកសារព័ត៌មានរូបនេះបាន​សរសេរ​សារ​នៅលើ​ហ្វេសប៊ុក​រិះគន់​អំពី​វិធានការ​ទប់ស្កាត់​ជំងឺកូវីដ-១៩​ កាលពី​ថ្ងៃទី១២ ខែកក្កដា ដោយសុំ​ឱ្យ​សហគមន៍​អន្តរជាតិជួយអន្ដរាគមន៍។ លោកត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជា​អាទិ៍» និងពុំទាន់​មាន​មេធាវី​ការពារក្តី​នៅ​ឡើយ​ទេ។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកគាំទ្រឱ្យមានការដោះលែងអ្នកសារព័ត៌មាន ដោយថា ពួកគេគ្រាន់តែអនុវត្តសិទ្ធិសារព័ត៌មាននិងសិទ្ធិក្នុងការបញ្ចេញមតិដែលធានាដោយច្បាប់ជាតិនិងអន្ដរជាតិប៉ុណ្ណោះ។

លោកថា៖ «ខ្ញុំយល់ថា សមត្ថកិច្ចគួរតែដោះលែងលោក ពិសិដ្ឋ ដោយសារតែគាត់គ្រាន់តែបានបញ្ចេញយោបល់ផ្ទាល់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ប៉ុណ្ណោះ។ គាត់មិនបានធ្វើអ្វីខុសច្បាប់នោះទេ។ ក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋមានសិទ្ធិបញ្ចេញមតិ។ មួយវិញទៀត គាត់បានរិះគន់អ្នកដឹកនាំ ដែលជាការពិត អ្នកដឹកនាំគួរតែពិចារណា បើចំណុចណាល្អ គួរទទួលយក ចំណុចណាមិនល្អ គួរតែកុំទទួលយក»។

ក្នុងរបាយការណ៍របស់ខ្លួនស្ដីពី «សន្ទស្សន៍សេរីភាពពិភពលោកឆ្នាំ២០២១» ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២១នេះ អង្គការអ្នកកាសែតគ្មានព្រំដែន បានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជានៅលេខ១៤៤ ក្នុង​ចំណោម​១៨០ប្រទេសនៅ​លើពិភពលោក ពោលគឺធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នាតាំងពីឆ្នាំ២០១៧មក។

ក្នុងរបាយការណ៍របស់ខ្លួនដដែល អង្គការអ្នកកាសែតគ្មានព្រំដែន បានចោទរដ្ឋាភិបាលកម្ពុជាថាបានយកលេសជំងឺកូវីដ-១៩ បំបិទសិទ្ធិសេរីភាព​សារព័ត៌មាននៅក្នុងប្រទេស ដូចជា ការបិទគេហទំព័រព័ត៌មានអនឡាញ ការចាប់ខ្លួនអ្នកកាសែត និងវិធានការដាក់ប្រទេសក្នុងភាពអាសន្ន ដែលបានផ្ដល់អំណាចលើសលុបដល់រដ្ឋាភិបាលក្នុងការត្រួតពិនិត្យនិងតាមដានលើប្រព័ន្ធផ្សព្វផ្សាយ៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ប៉ាន បូរិន   

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។