អ្នក​តវ៉ា​សិទ្ធិ​ដីធ្លី​ស្ដាយ​ស្រណោះ​សកម្ម​ជន​ជា​ស្ដ្រី​ម្នាក់​ទើប​ទទួល​មរណ​ភាព

អនុប្រធានសហគមន៍ និងជាសកម្មជនសិទ្ធិដីធ្លី អ្នកស្រី សុង សៀងហេង កាលពីចូលរួមកិច្ចប្រជុំមួយនាពេលកន្លងទៅ។ (ផ្ដល់ឱ្យ)

ក្រុមអ្នកមានជម្លោះដីធ្លីនៅខេត្តកំពង់ស្ពឺ បានសម្ដែងការអាឡោះអាល័យនិងស្ដាយស្រណោះស្ដ្រីសកម្មជនសិទ្ធិដីធ្លីម្នាក់ដែលបានទទួលមរណភាព ក្រោយពីតស៊ូនិងលះបង់ទាំងកម្លាំងកាយចិត្តដើម្បីទាមទារកម្មសិទ្ធិដីសហគមន៍។

អ្នកស្រី សុង សៀងហេង អនុប្រធានសហគមន៍ និងជាសកម្មជនសិទ្ធិដីធ្លីម្នាក់ បានស្លាប់បាត់បង់ជីវិតនៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមួយនារាជធានីភ្នំពេញ ក្រោយពីការវះកាត់ជំងឺពោះវៀនស្អិត និងធ្វើទុក្ខម្ដងទៀតហើយឈឺចាប់រហូតដល់ស្លាប់។ អ្នកស្រីកើតនៅឆ្នាំ១៩៧០ មានដើមកំណើតនៅខេត្តព្រៃវែង ហើយមកនៅជាមួយស្វាមីនៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រធានសហគមន៍ឃុំត្រពាំងជោ លោក សឹង សុខុម ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ដោយអារម្មណ៍ក្ដុកក្តួលថា គាត់មានការស្ដាយស្រណោះជាពន់ពេក ព្រោះកាលនៅរស់ អ្នកស្រីបានលះបង់ទាំងកម្លាំងកាយចិត្ត និងដឹកនាំពលរដ្ឋឯទៀតទាមទារសិទ្ធិដីធ្លីពីក្រុមហ៊ុននិងអ្នកមានអំណាច។ គាត់បានចូលបម្រើការងារក្នុងសហគមន៍តាំងពីឆ្នាំ២០១១ ហើយនៅឆ្នាំ២០១៦ គាត់បានក្លាយជាអនុប្រធានសហគមន៍ឃុំត្រពាំងជោ។  

លោក សឹង សុខុម រៀបរាប់ថា៖ «ខ្ញុំសោកស្ដាយគាត់ពេកណាស់! គាត់បានជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ ដំបូង ប្រជាពលរដ្ឋរងគ្រោះដោយសារដីធ្លីក្រុមហ៊ុនរំលោភដីយក គាត់បានធ្វើឯកសារ ធ្វើញត្តិ ដោយដំបូងមិនទាន់មានអង្គការណាមកជួយនោះទេ។ ជាពិសេស ពេលមេឃភ្លៀងរលឹមសស្រាក់ស្រស្រាំ គឺមានតែគាត់ជួយលះបង់ផលប្រយោជន៍ពេលវេលាផ្ទាល់ខ្លួន ហ៊ានពុះពារ ប្រឈមរឿងជាច្រើន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋរងគ្រោះ»។

លោក សឹង សុខុម រៀបរាប់បន្ដថា សហគមន៍ទាំងមូលបានបាត់បង់វរនារីដ៏ស្មោះត្រង់ម្នាក់ដែលបានពុះពាររាល់ឧបសគ្គ និងការគំរាមកំហែងទាំងឡាយរហូតដល់ជីវិតចុងក្រោយ។ ក្រៅពីធ្វើពលីកម្មការពារដីសហគមន៍ អ្នកស្រី សុង សៀងហេង ក៏ជាមនុស្សចេះជួយយកអាសានិងគិតគូរពីសុខទុក្ខអ្នកដទៃនិងអ្នករងគ្រោះដោយបញ្ហាដីធ្លី។

លោកបន្ដថា៖ «អ្នកស្រី សុង សៀងហេង មានជំងឺស្អិតពោះវៀន។ មកពីវះកាត់ពោះវៀនស្អិតវិញ គាត់គាំងបេះដូង វះកាត់ហើយបានជាង២០ថ្ងៃ។ យើងបាត់បង់គាត់មួយនៅក្នុងសហគមន៍របស់យើង ដូចបាត់បង់វរនារីដ៏ឆ្នើម ឆ្លាតវៃស្មោះត្រង់ការងារជូនដល់ប្រជាពលរដ្ឋរងគ្រោះ។ គាត់គឺជានារីដ៏ឆ្នើម តែងតែវែកញែកតស៊ូមតិចំណុចខាងក្រោយដោយមានការជោគជ័យធំៗជាច្រើន មានការទាមទារនូវប្រាក់កម្ចីពី អេអិនសេត ផ្ដល់ប្រាក់កម្ចីឱ្យ ពីក្រុមហ៊ុនឧកញ៉ាលីយ៉ុងផាត់ ប្រាក់ចំណេញបានមកពីអេអិនសេត មកជូនប្រជាពលរដ្ឋមានការផលប៉ះពល់»។

មន្ត្រីសម្របសម្រួលសហគមន៍របស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញ៉ិល ភាព ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ផងដែរថា ការលះបង់ធំរបស់គាត់ គឺការរួមចំណែកទាមទារសិទ្ធិដីធ្លីក្នុងសហគមន៍តាំងពីឆ្នាំ២០១០ បន្ទាប់ពីរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន លីយ៉ុងផាត់ ក្នុងគម្រោងកសិកម្មដាំអំពៅ។

លោករៀបរាប់បន្ដថា អ្នកស្រី សុង សៀងហេង បានចងក្រងសហគមន៍ក្នុងឆ្នាំ២០១៤ ដោយគាត់បានចេញតវ៉ានិងតស៊ូមតិនៅមូលដ្ឋាននិងថ្នាក់ជាតិប្រឆាំងនឹងក្រុមហ៊ុនដែលបានរំលោភបំពានដីក្នុងសហគមន៍។

លោកបន្ដថា៖ «គាត់មានតួនាទីសំខាន់ ជាអ្នកដឹកនាំ ធ្វើការស្មោះត្រង់ចំពោះប្រជាពលរដ្ឋដែលមានជម្លោះដីផ្លីដែលក្រុមហ៊ុនបានរំលោភបំពានយក។ គាត់បាននាំប្រជាពលរដ្ឋនៅក្នុងសហគមន៍តស៊ូបញ្ចេញមតិនៅថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ»។

បើតាមប្រភពដដែលនេះ អ្នកស្រី សុង សៀងហេង បានទាមទារដាក់ញត្តិឱ្យមានដំណោះស្រាយនិងទាមទារសំណងសមរម្យសម្រាប់ពលរដ្ឋដែលរងគ្រោះដោយជម្លោះដីធ្លីទៀតផង។

លោកបន្ដថា៖ «ការតស៊ូខិតខំរបស់អ្នកស្រីនិងគណៈកម្មការទាំងអស់ ឃើញថា ខាងអាជ្ញាធរសម្រុះសម្រួលគោលនយោបាយនៅក្នុងចាប់ពី១លានរៀល ដល់៥០០ដុល្លារ។ គ្រួសារខ្លះក៏បានទទួលយក ហើយគ្រួសារខ្លះទៀតក៏មិនបានទទួលយល់ព្រមដែរ»។

មន្ត្រីសម្របសម្រួលសហគមន៍របស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញ៉ិល ភាព បន្ដថា ពលរដ្ឋសហគមន៍នៅតែរក្សាជំហរការពារសិទ្ធិដីធ្លីបន្ដទៀត បើទោះបីជាបាត់បង់សកម្មជនដ៏ឆ្នើម អ្នកស្រី សុង សៀងហេង ក៏ដោយ៕


សេចក្ដីកែតម្រូវ៖ ឃ្លា «ប្រធានសហគមន៍សហព័ន្ធកសិករកម្ពុជា លោក ញ៉ិល ភាព […]» ទៅជា «មន្ត្រីសម្របសម្រួលសហគមន៍របស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញ៉ិល […]»


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួស ចាន់ឌឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។