របាយ​ការណ៍​សង្គម​ស៊ីវិល​៖​ ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​ជីវភាព​នយោ​បាយ​មាន​ការ​ធ្លាក់​ចុះ  

ស្ត្រីជា​ភរិយា​និង​សាច់ញាតិ​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់ឃុំ តវ៉ា​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​ស្វាមី​ឬសាច់ញាតិ​របស់​ពួក​គេ នៅ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

របាយការណ៍អង្គការសង្គមស៊ីវិលបង្ហាញថា សេរីភាពជាមូលដ្ឋាននៅកម្ពុជាបានបន្ដធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយ ដោយសារស្ថានភាពនយោបាយតានតឹង ដែលធ្វើឱ្យការចូលរួមរបស់ពលរដ្ឋមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

ក្នុងកម្មវិធី «សិទ្ធិមនុស្ស៣៦៥» ដែលចាក់ផ្សាយលើទំព័រហ្វេសប៊ុក វីអូឌី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក្រោមប្រធានបទ «សិទ្ធិមូលដ្ឋានរបស់មនុស្ស» នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព កត់សម្គាល់ថា រយៈពេល៥ឆ្នាំចុងក្រោយនេះ សិទ្ធិបញ្ចេញមតិ សិទ្ធិជួបជុំដោយសន្ដិវិធី និងការបង្កើតសមាគម បានរងការរឹតត្បិតជាបន្ដបន្ទាប់ ពោលគឺចាប់តាំងពីការបោះឆ្នោតថ្នាក់ជាតិកាលពីពេលកន្លងទៅ ដូចជា ការបង្ក្រាបលើអតីតមន្ត្រីនិងសកម្មជនគណបក្សប្រឆាំង សង្គមស៊ីវិល និងពលរដ្ឋដែលមាននិន្នាការនយោបាយប្រឆាំង។

លោកស្រី ចក់ សុភាព ក៏បានលើកឡើងអំពីរបាយការណ៍ឆ្នាំទី៥ ស្ដីពីការឃ្លាំមើលការអនុវត្ដសិទ្ធិជាមូលដ្ឋានគិតត្រឹមចុងឆ្នាំ២០២០ ដែលបានស្ទង់មតិសាធារណជនអំពីការចូលរួមរបស់ពលរដ្ឋក្នុងជីវភាពសង្គមនិងនយោបាយ។

បើតាមលោកស្រី ចក់ សុភាព របាយការណ៍បង្ហាញថា ការចូលរួមរបស់ពលរដ្ឋមានលក្ខណៈកាន់តែទាបទៅៗ ពោលគឺមានការធ្លាក់ចុះពីចំនួន៤៥ភាគរយ រហូតដល់២៥ភាគរយ នៅឆ្នាំ២០២០។

លោកស្រីបន្ដថា៖ «ចំពោះការស្ទង់មតិសាធារណជនពាក់ព័ន្ធហ្នឹង ថាតើយល់ថាខ្លួនឯងមានសេរីភាពចូលរួមក្នុងជីវភាពនយោបាយកម្រិតណា! គឺមានការធ្លាក់ចុះមែនទែន! រាប់ពីឆ្នាំទី១ ដល់ឆ្នាំទី៥ [ក្នុងនោះ] ឆ្នាំទី១ គឺមាន៤៥ភាគរយ ដោយសារសាធារណជនថា គាត់មានសេរីភាពក្នុងការចូលរួមក្នុងជីវភាពនយោបាយ។ បើធៀបមកដល់ឆ្នាំទី៥នេះ សល់តែ២២ភាគរយ គឺតិចមែនទែន»។

ក្រៅពីនេះ លោកស្រី ចក់ សុភាព ក៏បានគូសបញ្ជាក់ដែរថា ថ្នាក់ដឹកនាំសង្គមស៊ីវិលនិងសហជីពបានបង្ហាញការខ្លាចរអារ និងលែងហ៊ានអនុវត្តសេរីភាពរបស់ពួកគេ នៅពេលនិយាយពីបញ្ហាសង្គមជាសាធារណៈឬបង្ហាញនិន្នាការផ្ទុយជាដើម។ 

លោកស្រីមានប្រសាសន៍បន្ដថា៖ «ភាគរយដែលយើងបានមកពីការស្ទង់មតិជាមួយថ្នាក់ដឹកនាំសង្គមស៊ីវិល យើងឃើញតួលេខហ្នឹងខ្ពស់មែនទែន។​ ភាគរយដែលគាត់ជាប់ពិរុទ្ធខ្លួនឯង គឺឆ្នាំទី១ ចំនួន៨១ភាគរយ ឆ្នាំទី២ ចំនួន៨១ភាគរយដែរ ឆ្នាំទី៣ ចំនួន៨៨ភាគរយ ឆ្នាំទី៤ ចំនួន៨៨ភាគរយដែរ ហើយឆ្នាំទី៥ ឡើងដល់៨៩ភាគរយ»។

ក្នុងកម្មវិធីនេះ នាយ​ករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថា​ កត្ដាជំរុញឱ្យការចូលរួមរបស់ពលរដ្ឋក្នុងជីវភាពនយោបាយមានការធ្លាក់ចុះ គឺមកពីភាពតានតឹងផ្នែកនយោបាយ និងការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានធ្វើឱ្យសហគមន៍អន្ដរជាតិថ្កោលទោស និងព្រមានដាក់ទោសទណ្ឌជាបន្ដបន្ទាប់។

លោកបន្ដថា៖ «ស្ថានភាពនយោបាយនេះមានការរឹតត្បិតខ្លាំងតែម្ដង ទាក់ទងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ ពោលគឺចាប់តាំងពីឆ្នាំ២០១៧ ចាប់តាំងពីមានការរំលាយអតីតគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិមក! យើងឃើញថា ភាពរឹតត្បិត ពិសេសសិទ្ធិពលរដ្ឋនិងនយោបាយជាបញ្ហាចម្រូងចម្រាសធ្ងន់ជាងគេ»។

សហគមន៍អន្ដរជាតិ រួមមាន​ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ បានលើកឡើងម្ដងហើយម្ដងទៀត ឱ្យរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញ ខណៈពេលពួកគេក៏ព្រមានដាក់ទណ្ឌកម្មទាំងផ្នែកការទូតនិងសេដ្ឋកិច្ច។

ប៉ុន្ដែរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានច្រានចោលក្ដីកង្វល់នានារបស់សហគមន៍អន្ដរជាតិ ដោយចាត់ទុកកង្វល់ទាំងនោះថា ជាការប៉ុនប៉ងជ្រៀតជ្រែកឯករាជ្យភាពរបស់កម្ពុជា និងបកស្រាយថា វិធានការលើអង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ និងអតីតបក្សប្រឆាំងកាលពីពេលកន្លងមក គឺជាការអនុវត្តច្បាប់៕ 


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ប៉ាន បូរិន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។