អាជ្ញាធរ​ខេត្ត​ស្វាយរៀង​យក​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ពិន័យ​ជា​ប្រាក់​លើ​អ្នក​តវ៉ា​បញ្ហា​ដីធ្លី

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ប្រជាសហគមន៍ដែលមានជម្លោះដីធ្លីជាច្រើននាក់ រស់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រមូលផ្ដុំគ្នាតវ៉ាទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយដោយផ្តល់សំណងសមរម្យ​ ក្រោយ​ពួក​គាត់​អះ​អាង​ថា អាជ្ញាធរមូលដ្ឋាន​ផ្តល់សំណងត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ។ (ផ្ដល់ឱ្យ)

អាជ្ញាធរខេត្ដស្វាយរៀងបានអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយផាកពិន័យជាទឹកប្រាក់ចំនួន៤លានរៀលលើក្រុមអ្នកតវ៉ាសិទ្ធិដីធ្លី ដោយសារពួកគេឈរថតនៅលើវាលស្រែដោយមិនបានពាក់ម៉ាស់ការពារ។

នៅព្រឹកថ្ងៃទី៤ ខែសីហា ពលរដ្ឋមានជម្លោះដីធ្លីនៅសហគមន៍ចេកមាស ឃុំឈើទាល ស្រុកស្វាយជ្រុំ បានប្រមូលផ្ដុំគ្នានៅក្រៅសាលាឃុំឈើទាល ក្រោយពីតំណាងពួកគេ២នាក់ត្រូវបានអាជ្ញាធរកោះហៅទៅឆ្លើយបំភ្លឺទាក់ទងនឹងការបង្ហោះព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោមហេតុផលមិនគោរពវិធានការសុខាភិបាល។ តំណាងពលរដ្ឋទាំង២រូប ដែលរងការផាកពិន័យជាប្រាក់ក្នុងម្នាក់២លានរៀល រួមមាន ប្រធានសហគមន៍ចេកមាស អ្នកស្រី ឥន សូត្រ និងតំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី យស សុភ័ណ្ឌ។

ប្រធានសហគមន៍ចេកមាស អ្នកស្រី ឥន សូត្រ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អាជ្ញាធរក៏បានព្រមានចាប់វិធានការច្បាប់ ប្រសិនបើមិនព្រមបង់ប្រាក់ឱ្យបានមុនថ្ងៃទី៣០ សីហាទេនោះ។

អ្នកស្រីហៅការកោះហៅឱ្យចូលបំភ្លឺគ្រាន់តែរឿងពុំបានពាក់ម៉ាស់នេះ ថាជាការគំរាមកំហែងនិងបំបាក់ស្មារតីប្រជាពលរដ្ឋ ដែលចេញតវ៉ារឿងផ្ដល់សំណងមិនសមរម្យ។

អ្នកស្រីបន្ដថា៖ «ខ្ញុំដឹងតើថាសម័យនេះជាសម័យកូវីដ-១៩ កំពុងរីករាលដាល! ចុះហេតុអ្វីអាជ្ញាធរមកដោះស្រាយសំណងនៅពេលនេះ ហើយសំណងមិនសមរម្យ ពលរដ្ឋតែងតែតវ៉ាហើយ»។

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី យស សុភ័ណ្ឌ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា ការដែលអាជ្ញាធរយកជំងឺកូវីដ-១៩ មកអនុវត្តលើពលរដ្ឋមានជម្លោះដីធ្លីនេះ គឺជាលេសមួយដើម្បីគាបសង្កត់លើពលរដ្ឋប៉ុណ្ណោះ និងជាការរារាំងមួយមិនឱ្យពលរដ្ឋចេញតវ៉ាទាមទារសំណងសមរម្យលើបញ្ហាដីធ្លីរបស់ពួកគេ។

អ្នកស្រីបន្ដថា៖ «ជាចេតនាមិនចង់ឱ្យពលរដ្ឋចេញតវ៉ាទាមទារសំណងសមរម្យតែប៉ុណ្ណោះ។ បើសិនអាជ្ញាធរមិនហៅពលរដ្ឋមកឱ្យផ្ដិតមេដៃទទួលយកសំណងមុនទេ ក៏ពួកខ្ញុំមិនប្រមូលផ្ដុំតវ៉ាដែរ។ ហេតុអ្វីបានជាអាជ្ញាធរមិនខុស ខុសអីតែរាស្រ្ត»។

មន្ត្រីសម្របសម្រួលសហគមន៍របស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញ៉ិល ភាព ឱ្យពលរដ្ឋអ្នកសារព័ត៌មានដឹងថា សំណងដែលអាជ្ញាធរខេត្តផ្ដល់ជូនពលរដ្ឋឃុំឈើទាល គឺទាបជាងតម្លៃទីផ្សារ និងបង្កើតឱ្យមានភាពអយុត្តិធម៌ចំពោះពលរដ្ឋខ្លួនឯង។

លោកបន្ដថា៖ «បើទោះបីក្រឡេកទៅមើល២០ទៅ៣០ឆ្នាំមុន ក៏គ្មានតម្លៃដីមួយម៉ែត្រការ៉េ ៩០០រៀលដែរ»។  

លោក ញ៉ិល ភាព យល់ថា អាជ្ញាធរកំពុងយកលេសទប់ស្កាត់ជំងឺកូវីដ-១៩ ទៅរារាំងមិនឱ្យពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការការពារសិទ្ធិដីធ្លី ដោយថា អាជ្ញាធរគួរជួយអន្ដរាគមន៍ពន្លឿនការដោះស្រាយជូនពលរដ្ឋ ជាជាងប្រើវិធានការគំរាមកំហែងពលរដ្ឋ។

លោកបន្ដថា៖ «ការពិន័យទឹកប្រាក់២លានរៀល គឺធ្វើឱ្យពលរដ្ឋឈប់តវ៉ា ឈប់ប្រើប្រាស់សិទ្ធិរបស់ខ្លួន ព្រោះអីពលរដ្ឋទៅជួបជុំគ្នានៅកណ្ដាលវាលស្រែ មិនមែននៅកណ្ដាលទីផ្សារឬទីប្រជុំជនទេ។ អ៊ីចឹងបើត្រូវពិន័យដោយប្រើវិធានការច្បាប់ពាក់ព័ន្ធនឹងជំងឺកូវិដ-១៩ ឬជំងឺឆ្លងកាចសាហាវ គឺអត់ត្រឹមត្រូវទេ ដោយសារតែរឿងនេះបង្កឡើងដោយអាជ្ញាធរខ្លួនឯង»។

អភិបាលស្រុកស្វាយជ្រុំ លោក ហែម សារិត បកស្រាយថា វិធានការផាកពិន័យនេះ គឺជាយន្តការរបស់រដ្ឋាភិបាលដែលអនុវត្តលើអ្នកដែលមិនព្រមអនុវត្តតាមវិធានការសុខាភិបាល បើមានការជួបជុំណាមួយដែលគ្មានការសុំច្បាប់អនុញ្ញាត អាជ្ញាធរនឹងចាត់វិធានការ៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តស្វាយរៀង លោក សួន វុត្ថា  

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។