អ្នក​ជំនាញ​ផ្នែក​ព័ត៌មាន​ជំរុញ​ឱ្យ​គណ​កម្មការ​ទើប​បង្កើត​ថ្មី​កំណត់​និយម​ន័យ​«វិជ្ជាជីវៈ»ឱ្យបានច្បាស់ មុនអនុវត្ត

ក្រុមអ្នកកាសែតមកពីស្ថាប័នផ្សេងៗ ចូលរួមសន្និសីទអំពីស្ថានភាព​និង​បច្ចុប្បន្នភាព​នៃ​កូ​វីដ១៩ ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

អ្នកធ្វើការផ្នែកព័ត៌មាន គាំទ្រចំពោះយន្ដការពង្រឹងជំនាញវិជ្ជាជីវៈអ្នកសារព័ត៌មាននាពេលបច្ចុប្បន្ន ប៉ុន្ដែពួកគេបារម្ភថា ការកំណត់ស្ដង់ដារនិងការវាយតម្លៃមិនច្បាស់លាស់ អាចត្រូវបានគេយកទៅប្រើប្រាស់ប្រឆាំងនឹងអ្នកសារព័ត៌មានឯករាជ្យឬអ្នកសារព័ត៌មានហ៊ានផ្សាយរិះគន់រដ្ឋាភិបាល។

ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានសម្រេចបង្កើតគណកម្មការមួយសម្រាប់តាមដាននិងវាយតម្លៃចំពោះអ្នកសារព័ត៌មាននិងអង្គភាពសារព័ត៌មាន ដើម្បីពង្រឹងការបំពេញវិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ។

បើតាមសេចក្ដីសម្រេច គណកម្មការនេះនឹងដើរតួនាទីក្នុងការតាមដាន​និងវាយតម្លៃចំពោះអ្នកសារព័ត៌មាននិងអង្គភាពសារព័ត៌មានដែលអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌និងវិជ្ជាជីវៈ និងតម្រង់ទិសអ្នកដែលប្រព្រឹត្តនិងប្រាសចាកគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន។

ទន្ទឹមនឹងនេះ គណកម្មការក៏នឹងដាក់វិន័យចំពោះអ្នកសារព័ត៌មាននិងអង្គភាពសារព័ត៌មានណាដែលរកឃើញថាបានប្រព្រឹត្តខុសទៅនឹងក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មានផងដែរ។

នាយកវិទ្យុសំឡេងស្ត្រីសហគមន៍ FM 89.50 នៅខេត្តក្រចេះ លោក សំរិទ្ធ តូណា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកគាំទ្រចំពោះការបង្កើតគណកម្មការនេះ។ លោកយល់ថា នេះគឺជាការវិវត្តមួយនៃវិស័យសារព័ត៌មាននៅកម្ពុជា​ ដោយលោកសង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួននៅតាមបណ្ដាខេត្តពុំទាន់អនុវត្តការងារដោយវិជ្ជាជីវៈនៅឡើយ។

យ៉ាងណាមិញ លោកថា ស្ថាប័នរបស់លោកបានអនុវត្តការងារប្រហែល១០ឆ្នាំមកហើយ និងពុំទាន់មានការចោទប្រកាន់ពីអាជ្ញាធរជុំវិញការអនុវត្តខុសវិជ្ជាជីវៈឡើយ។ លោកក៏ជំរុញឱ្យក្រសួងនិងអង្គការពាក់ព័ន្ធ បើកវគ្គបណ្ដុះបណ្ដាលបន្ថែមដល់អ្នកសារព័ត៌មាន ដើម្បីពង្រឹងជំនាញរបស់ពួកគេឱ្យត្រឹមត្រូវតាមគោលការណ៍វិជ្ជាជីវៈ។

លោកបន្ដថា៖ «វាគឺជាការល្អ ដោយសារអ្នកសារព័ត៌មានយើងសព្វថ្ងៃ មួយចំនួនតូចអត់មានវិជ្ជាជីវៈ ព្រោះយើងមើលឃើញរាល់ថ្ងៃ នៅខាងក្រចេះខ្ញុំក៏មាន អ្នកដែលដេញតាមឡានគេយកលុយក៏មានដែរ»។

ស្ដ្រីអ្នកសារព័ត៌មានមួយរូប និងកំពុងបម្រើការងារឱ្យសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក​ (VOA) កញ្ញា កាន់ វិច្ឆិកា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កញ្ញាគាំទ្រការសម្រេចរបស់ក្រសួងព័ត៌មានចំពោះការបង្កើតគណកម្មការនេះឡើង ដើម្បីរួមចំណែកពង្រឹងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

ប៉ុន្ដែកញ្ញាបង្ហាញមន្ទិលសង្ស័យលើការកំណត់និយមន័យ «សារព័ត៌មានដែលមានវិជ្ជាជីវៈ» ពីសំណាក់មន្ដ្រីរដ្ឋាភិបាល ព្រោះកន្លងមក កញ្ញា និងសហការីជាអ្នកសារព័ត៌មានឯទៀត បានរងការចោទថា «លម្អៀង ឬគ្មានអព្យាក្រឹត្យភាព» ជាដើម។  

កញ្ញានៅតែមានមន្ទិលថា អ្នកសារព័ត៌មានដែលសរសេររឿងរ៉ាវក្នុងសង្គម អាចរងការចោទប្រកាន់ផ្សេងៗក្រោមហេតុផលថា មិនបានអនុវត្តតាមគោលការណ៍វិជ្ជាជីវៈ។

កញ្ញាបន្ដថា៖ «[ក្រសួង] ត្រូវធ្វើយ៉ាងណាធានាថា អ្នកដែលគាត់ជាមន្ត្រីឬជាសមាជិកគណកម្មការមានសមត្ថភាពគ្រប់គ្រាន់ រកឃើញថា អ្នកសារព័ត៌មានបែបណាដែលអត់មានវិជ្ជាជីវៈ និងអ្នកសារព័ត៌មានណាមានវិជ្ជាជីវៈ នេះជាអ្វីដែលខ្ញុំចង់ឃើញ។ គេអាចនិយាយថា អ្នកសារព័តមានវិជ្ជាជីវៈដែលសរសេរព័ត៌មានទាក់ទងបញ្ហាសង្គមទៅជាអត់វិជ្ជាជីវៈ នេះជារឿងដែលខ្ញុំបារម្ភ»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា​ លោក ណុប វី បារម្ភថា ក្រសួងអាចនឹងប្រើប្រាស់គណកម្មការនេះ ដើម្បីរឹតត្បិតសេរីភាពសារព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មានឯករាជ្យទៅវិញ។

លោកបន្ដថា៖ «ប្រសិនជាគណកម្មការទៅដើរតួនាទីក្នុងការរឹតត្បិត ដែលបង្ហាញអំពីឥទ្ធិពលនៃការងាររបស់ក្រសួងទៅលើការអនុវត្តទៅលើការងារសេរីភាពសារព័ត៌មាន ខ្ញុំគិតថា អាហ្នឹងគឺជាអ្វីមួយដែលយើងត្រូវពិភាក្សាគ្នាបន្តបន្ទាប់ទៀត»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស​ សុភ័ណ្ឌ ឱ្យពលរដ្ឋអ្នកសារព័ត៌មាន​ CCIM ដឹងថា គណកម្មការនេះបង្កើតឡើងដោយមានសមាសសភាពពីគ្រប់ភាគីពាក់ព័ន្ធចូលរួម ពិសេសអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យព័ត៌មាន ដើម្បីលើកកម្ពស់ឱ្យការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅប្រទេសកម្ពុជា ទទួលបានគុណតម្លៃនិងសេចក្ដីថ្លៃថ្នូរបន្ថែមទៀត។

លោកអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ដែលកំពុងអនុវត្តវិជ្ជាជីវៈមួយនេះ ធ្វើយ៉ាងណាកុំអនុវត្តវិជ្ជាជីវៈរបស់ខ្លួនហួសព្រំដែនដែលច្បាប់បានកំណត់។

លោកបន្ដថា៖ «តាមដាននិងវាយតម្លៃទៅលើការអនុវត្តវិជ្ជាជីវៈសារព័ត៌មានរបស់អ្នកសារព័ត៌មាន​ ក៏ដូចជាអង្គភាពសារព័ត៌មាន ថាតើការអនុវត្តរបស់ពួកគេនាពេលបច្ចុប្បន្ននេះបានកម្រិតណា»។

ក្នុងរបាយការណ៍របស់ខ្លួនស្ដីពី «សន្ទស្សន៍សេរីភាពពិភពលោកឆ្នាំ២០២១» ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២១នេះ អង្គការអ្នកកាសែតគ្មានព្រំដែន បានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជានៅលេខ១៤៤ ក្នុង​ចំណោម​១៨០ប្រទេសនៅ​លើពិភពលោក ពោលគឺធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នាតាំងពីឆ្នាំ២០១៧មក។

ក្នុងបរិបទនៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩នេះ អង្គការអ្នកកាសែតគ្មានព្រំដែន បានចោទថា រដ្ឋាភិបាលអាចប្រើលេសនេះបំបិទសិទ្ធិសេរីភាព​សារព័ត៌មាន ការបិទគេហទំព័រព័ត៌មានអនឡាញ និងការចាប់ខ្លួនអ្នកកាសែត និងប្រើច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន ដោយត្រួតពិនិត្យនិងតាមដានលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក វ៉ា សុភានុត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។