ពលរដ្ឋ​ប្រកប​​របរ​ស៊ី​ឈ្នួល​រៀបរាប់​ទុក្ខ​លំបាកដោយសារ​ក្រុមហ៊ុន​ ផាន់ណា​គ្រីគ្រុប​ មិន​ព្រម​បើក​ប្រាក់​ខែ

អ្នកស្រី ស៊ន ស្រី អាយុ៤៥ឆ្នាំ និងស្វាមីឈ្មោះ នួន ឈាង អាយុ៥៥ឆ្នាំ។ (ពលរដ្ឋសារព័ត៌មាន)

ពលរដ្ឋប្រកបរបរស៊ីឈ្នួលនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ត្អូញត្អែរពីការជំពាក់បំណុលធនាគារ និងមិនមានការងារធ្វើនៅអំឡុងផ្ទុះជំងឺកូវីដ-១៩ ដោយសារក្រុមហ៊ុន ផាន់ណាគ្រីគ្រុប បានកិបកេងកម្លាំងពលកម្មនិងមិនបើកព្រមប្រាក់ខែដល់ពួកគេគ្រប់ចំនួន។ 

ពលរដ្ឋម្នាក់នៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត អ្នកស្រី ចំ​ សារឹម ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សមាជិកគ្រួសារចំនួន៤នាក់បានធ្វើការឱ្យក្រុមហ៊ុន ផាន់ណាគ្រីគ្រុប ដែលមានទីតាំងនៅភូមិព្រេកពាយ ឃុំត្រពាំងភ្លាំង ដោយពួកគាត់មានភារកិច្ចមើលគោនិងសត្វពពែនៅកសិដ្ឋានអស់រយៈពេល១៣ខែមកហើយ ដោយក្នុងម្នាក់ៗទទួលបានប្រាក់១៥០ដុល្លារក្នុងមួយខែ។

ប៉ុន្ដែតាំងពីខែមីនា ឆ្នាំ២០២១មក​ អ្នកស្រីថា ក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឱ្យគ្រប់ចំនួនឡើយ គិតមកទល់ពេលនេះ ក្រុមហ៊ុននៅជំពាក់គាត់ចំនួន៥លានរៀលទៀត។

អ្នកស្រី ចំ​ សារឹម ជាពលរដ្ឋម្នាក់នៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ (ពលរដ្ឋសារព័ត៌មាន)
អ្នកស្រី ចំ​ សារឹម ជាពលរដ្ឋម្នាក់នៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ (ពលរដ្ឋសារព័ត៌មាន)

អ្នកស្រីបន្តថា៖ «ខ្ញុំចង់ឱ្យ​ដោះស្រាយលុយហ្នឹងឱ្យបានដុំ ឱ្យខ្ញុំមក ដើម្បីបានសងគេ។ បើឱ្យខ្ញុំតិចៗអ៊ីចឹង ក៏ខ្ញុំទិញអង្ករហូបក៏អត់គ្រប់ផង ឱ្យខ្ញុំឡើង៨ម៉ឺន ឱ្យម្នាក់៥ឬ១០ម៉ឺន ​ខ្ញុំយកមកធ្វើអី គ្រាន់តែសាំងម៉ូតូទៅមកអស់ដែរ។ ចង់សុំឱ្យបើកខ្ញុំអស់មក សរុបមក ខ្ញុំបានឱ្យគេរួច បើមិនរួចម្នាក់ក៏ជិតដែរ ខ្ញុំជំពាក់គេច្រើន»

អ្នកស្រីរៀបរាប់បន្តថា គ្រួសារគាត់ក៏ជំពាក់បំណុលធនាគារ និងខ្ចីគេមួយចំនួនផងដែរ ខណៈប្តីត្រូវទៅធ្វើការឆ្ងាយពីផ្ទះ ដើម្បីរកប្រាក់ដោះបំណុល។ ចំណែកអ្នកស្រីត្រូវនៅផ្ទះគ្មានការងារឡើយអំឡុងពេលផ្ទុះជំងឺកូវីដ-១៩នេះ ដោយគ្រាន់តែអាចចេញទៅស៊ីឈ្នួលក្រងស្បូវលក់បានបន្តិចបន្តួចតែប៉ុណ្ណោះ។

អ្នកស្រីថា កន្លងមក រូបគាត់និងកម្មករស៊ីឈ្នួលផ្សេងទៀតធ្លាប់បានទៅតវ៉ាដល់កន្លែងក្រុមហ៊ុនដែរ ប៉ុន្ដែក្រុមហ៊ុនបានត្រឹមសងប្រាក់តិចតួចមកវិញ ដោយសន្យាថា នឹងបើកប្រាក់ឈ្នួលឱ្យទាំងអស់ តែមិនដឹងថ្ងៃណាពិតប្រាកដឡើយ។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ស៊ន ស្រី អាយុ៤៥ឆ្នាំ ប្រាប់អ្នកសារព័ត៌មានថា គាត់និងប្ដីគាត់ឈ្មោះ នួន ឈាង អាយុ៥៥ឆ្នាំ ក៏បានទៅស៊ីឈ្នួលធ្វើការឱ្យក្រុមហ៊ុន ផាន់ណាគ្រីគ្រុប ផងដែរ ដោយត្រូវមើលគោនិងសត្វពពែដូចគ្នាតាំងពីឆ្នាំ២០១៨មក។ អ្នកស្រីថា ពេលចូលធ្វើការដំបូង ក្នុងម្នាក់ទទួលបានប្រាក់៤០ម៉ឺនរៀល ក្រោយមក ក្រុមហ៊ុនដំឡើងដល់៦០ម៉ឺនរៀល។

អ្នកស្រីបន្តថា ក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឱ្យពួកគាត់ទេក្នុងរយៈពេល៨ខែចុងក្រោយ ដោយថា ក្រុមហ៊ុនបានសន្យាថា ទាល់តែលក់ពពែដាច់ ទើបបើកប្រាក់ឱ្យពួកគេគ្រប់ចំនួន។ អ្នកស្រីយល់ថា ក្រុមហ៊ុនកំពុងបោកប្រជាពលរដ្ឋនៅក្នុងភូមិឱ្យធ្វើការឱ្យខ្លួន និងកិបកេងកម្លាំងពលកម្ម។ 

អ្នកស្រីស្នើឱ្យក្រុមហ៊ុនសងប្រាក់ដែលជំពាក់ជិត៧លានរៀលទៀត ដើម្បីទប់ទល់បញ្ហាជីវភាពនិងសងបំណុលធនាគារអំឡុងផ្ទុះជំងឺកូវីដ-១៩នេះ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំមិនមានធ្វើការអីទេ ដើរស៊ីឈ្នួលគេទិញអង្ករហូប។ បើចេញពីក្រុមហ៊ុនមក អត់មានលុយផង។ ខ្ញុំសុំឱ្យក្រុមហ៊ុនបើកលុយឱ្យ»។ 

ពលរដ្ឋអ្នកសារព័ត៌មានបានព្យាយាមទាក់ទងភាគីតំណាងក្រុមហ៊ុន លោក ញ៉ែម ត្រេ ប៉ុន្ដែទូរសព្ទគ្មានអ្នកទទួល។

តំណាងកម្មករធ្វើការនៅក្រុមហ៊ុន ផាន់ណាគ្រីគ្រុប លោក យឹម ណុក ប្រាប់ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន ផាន់ណាគ្រីគ្រុប នៅមិនទាន់បានបើកប្រាក់ឈ្នួលឱ្យកម្មករគ្រប់ចំនួននៅឡើយទេ។ យ៉ាងណាក៏ដោយ លោកថា ក្រុមហ៊ុនធ្លាប់បានដាក់ចេញវិធានការដោះស្រាយបណ្ដោះអាសន្នមួយ ដោយផ្ដល់ជូនកម្មករក្នុងម្នាក់១០០ដុល្លារក្នុងមួយខែ ប៉ុន្ដែកម្មករនៅតែទាមទាររកដំណោះស្រាយសមស្របនិងអាចទទួលយកបានពិតប្រាកដ។   

លោក យឹម ណុក មានប្រសាសន៍បន្ដថា រឿងនេះជាជំងឺរ៉ាំរ៉ៃយូរណាស់មកហើយ ខណៈកម្មករទាំងអស់នោះមិនចង់បានអ្វីក្រៅតែពីប្រាក់ឈ្នួលដែលជាញើសឈាមរបស់ពួកគេ។

មេឃុំត្រពាំងភ្លាំង លោក ផាវ វណ្ណរ៉េត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រុមហ៊ុន ផាន់ណាគ្រីគ្រុប នេះ មិនមានអាជ្ញាបណ្ណទទួលស្គាល់ឡើយ។ លោកថា ក្រុមហ៊ុននេះបានមកទិញដីពីពលរដ្ឋនៅឆ្នាំ២០១៣ ដោយមានបញ្ហាចម្រូងចម្រាសដីធ្លីជាមួយប្រជាពលរដ្ឋនៅមិនទាន់ដោះស្រាយ ហើយមិនទាន់មានលើកស្លាកអ្វីឡើយ ដោយក្រុមហ៊ុនបានដាំដំណាំបន្លែ ផ្លែឈើហូបផ្លែនិងចិញ្ចឹមសត្វ។ ចំពោះបញ្ហាបើកប្រាក់ខែដល់កម្មករស៊ីឈ្នួល លោកថា ក្រុមហ៊ុននេះនៅមិនទាន់បានបើកឱ្យកម្មករពិតមែន។

លោកបន្ថែមថា៖ «ចំពោះប្រាក់ខែ ខ្ញុំបានទៅដោះស្រាយជាមួយសង្គមកិច្ច។ តាមពិតទៅ គាត់នៅខ្វះខាតអ៊ីចឹងមែន»។

បើតាមមេឃុំត្រពាំងភ្លាំងដដែល កន្លងមក មានពលរដ្ឋមួយចំនួនដែលជាអ្នកស៊ីឈ្នួលធ្វើការឱ្យក្រុមហ៊ុន បានដាក់ពាក្យប្ដឹងទៅសាលាស្រុក ហើយខាងអាជ្ញាធរស្រុកបានចុះមកជួយដោះស្រាយ ប៉ុន្ដែដំណោះស្រាយចុងក្រោយ លោកថា មិនបានដឹងនោះទេ។ មេឃុំរូបនេះក៏ស្នើឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលដល់កម្មករ ដែលបានសន្យាជាមួយប្រជាពលរដ្ឋ។

មន្ត្រី​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្សលីកាដូប្រចាំ​ខេត្ដ​កំពត លោក អ៊ុក សុវណ្ណចាន់ថន បានមានប្រសាសន៍ថា ករណីនេះ ពលរដ្ឋស៊ីឈ្នួលឱ្យក្រុមហ៊ុននេះ ត្រូវធ្វើការទាមទារតាមផ្លូវច្បាប់ទៅក្រសួងពាក់ព័ន្ធ ដើម្បីជួយអន្ដរាគមន៍រកដំណោះស្រាយសមស្រប។

បើតាមប្រភពតំណាងពលរដ្ឋ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ផាន់ណាគ្រីគ្រុប ដែលមានឧកញ៉ាឈ្មោះ សុខ សែនរ៉ាឌី ជាម្ចាស់ បានជួបបញ្ហាសេដ្ឋកិច្ច និងមិនអាចបើកប្រាក់ខែជូនកម្មកររបស់ខ្លួនបាន ខណៈក្រុមហ៊ុនមានកម្មករ-កម្មការិនីប្រមាណជិត៤០០នាក់។

កម្មករមួយចំនួនបានបញ្ឈប់ការតវ៉ាទាមទាររបស់ខ្លួន ដោយមើលឃើញក្រុមហ៊ុនគ្មានលទ្ធភាពបើកប្រាក់ឈ្នួលដល់ពួកគេ និងនៅសល់ប្រមាណ២៥នាក់ប៉ុណ្ណោះកំពុងបន្ដការតវ៉ា។ ប្រាក់ឈ្នួលឱ្យកម្មករដែលនៅសេសសល់ មានទឹកប្រាក់សរុប៣៥ ៤៩៣ ០០០រៀល ដោយកម្មករខ្លះទាមទារប្រាក់៧លានរៀល ខ្លះទាមទារ​៥លានរៀល និងខ្លះទៀតទាមទារ២លានរៀល៕


ពលរដ្ឋអ្នកសារព័ត៌មាន លោក សំ វិសាល និងអ្នកស្រី សូ ស្រីស្រស់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។