ពលរដ្ឋ​មិន​អស់​ចិត្ត​រឿង​អាជ្ញាធរ​ខេត្ត​កំពត​កាត់​ឆ្វៀល​ដី​សហ​គមន៍​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩

ទីតាំងបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកឈូក ខេត្តកំពត។ (ពលរដ្ឋអ្នកសារព័ត៌មាន CCIM)

ប្រជាសហគមន៍នៅឃុំស្ទឹងកែវ ស្រុកឈូក ខេត្តកំពត សម្ដែងការមិនពេញចិត្តចំពោះអាជ្ញាធរខេត្តនេះដែលសម្រេចកាត់ឆ្វៀលដីរបស់សហគមន៍បន្ថែមទៀត ក្រោមហេតុផលទុកដីបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយបារម្ភខ្លាចដីសហគមន៍ត្រូវបានគេយកទៅធ្វើជាកម្មសិទ្ធិឯកជន។

អនុគណៈកម្មការសហគមន៍ព្រៃឈើភ្នំទទឹង លោក ទូច យ៉ុន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អាជ្ញាធរខេត្តកំពតគួរស្វែងរកទីតាំងផ្សេង និងមិនគួរយកដីសហគមន៍ដ៏ច្រើនលើសលុបបែបនេះនោះទេ ដោយថា ការកាប់ទន្ទ្រានយកដីធ្វើកន្លែងបូជាសាកសពនោះ អាចប៉ះពាល់ដល់ដីនិងព្រៃរបស់សហគមន៍ដែលបានខិតខំការពារនិងថែរក្សាយូរមកហើយ។

ម្យ៉ាងទៀត លោកបារម្ភថា ដីរបស់សហគមន៍អាចនឹងត្រូវបានគេបំពានយក ដើម្បីបម្រើផលប្រយោជន៍បុគ្គលនាពេលអនាគត ខណៈខេត្តនេះកំពុងញាំញីដោយសារបញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃរវាងពលរដ្ឋ ឈ្មួញ និងអ្នកមានអំណាចផងនោះ។

លោកបន្ដថា៖ «ធនធានទាំងនេះ គឺយើងខំការពារយាមល្បាត មានការប្ដឹងផ្ដល់ មានការគាបសង្កត់ពីសំណាក់បុគ្គលផ្សេងៗ។ ដូច្នេះអ្វីដែលនៅសេសសល់ គួរតែខំជួយថែរក្សាទាំងអស់គ្នា។ បើក្នុងលក្ខណៈកាត់វាលអស់ច្រើនបែបនេះ មិនមែនជារឿងល្អសម្រាប់អ្នកគ្រប់គ្រងនិងអាជ្ញាធរមូលដ្ឋានឡើយ»។

មេភូមិកំពង់ចិន ឃុំស្ទឹងកែវ លោក នួន វឿន ឱ្យពលរដ្ឋអ្នកសារព័ត៌មានដឹងថា រដ្ឋបាលខេត្តកំពត និងមន្ទីរពាក់ព័ន្ធគួរចាត់ចែងទីកន្លែងបូជាបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅឃុំស្រុកផ្សេងជំនួសវិញ ព្រោះថា ដីសហគមន៍ភ្នំទទឹងនេះមានផ្ទៃដីតូច ហើយបើកាត់ឆ្វៀលដល់ទៅចំនួន៥០ហិកតា វានឹងបំផ្លិចបំផ្លាញព្រៃឈើនិងដីសហគមន៍អស់គ្មានសល់ឡើយ។

លោកបន្ដថា៖ «យើងខំការពារយាមល្បាតជាច្រើនឆ្នាំមកនេះ ប្រយោជន៍ដើម្បីទុកឱ្យពលរដ្ឋនៅក្នុងភូមិក្នុងឃុំស្ទឹងកែវទាំងមូលដែលជាជនក្រីក្រ ជាសមាជិក បានប្រើប្រាស់ដកហូតអាស្រ័យផលនូវសម្បត្តិធនធានរបស់ខ្លួន»។

នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រាច លោក គាម ទិព្វ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ពលរដ្ឋគួរធ្វើលិខិតស្នើសុំមករដ្ឋបាលព្រៃឈើ ដើម្បីដោះស្រាយបញ្ហានេះ ប្រសិនបើពួកគេមានក្ដីកង្វល់ណាមួយ។

លោកបន្ដថា៖ «គួរផ្ដិតមេដៃស្នើសុំមកសង្កាត់ រដ្ឋបាលព្រៃឈើ ដើម្បីធ្វើការជាមួយគ្នា។ យើងមិនត្រូវចំណាយផ្ទៃដីដ៏ច្រើនហិកតាបែបនេះបានទេ ព្រោះយើងខំការពារច្រើនឆ្នាំណាស់ទម្រាំបានសល់ដីព្រៃនេះ។ យើងគួរណាត់ជជែកគ្នានៅសាលាខេត្តកំពតឱ្យបានល្អិតល្អន់។ ប្រជាសហគមន៍ឃុំគួរគិតគូរមើលថែការពារឱ្យបានគង់វង្សយូរអង្វែងថែមទៀត»។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោក នាក់ យិតថូ មានប្រសាសន៍ថា នេះជាគោលការណ៍របស់រដ្ឋដែលបានសម្រេចបរិច្ចាគដីទៅសមាគមខ្មែរអ៊ីស្លាម សមាគមចិន និងគ្រិស្ដសាសនិក ដើម្បីបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។ លោកថា មិនមានបុគ្គលណាអាចធ្វើអ្វីលើសពីនេះបានទេ ដោយអះអាងថា អាជ្ញាធរត្រឹមតែអាចឱ្យសមាគមទាំងនេះបញ្ចុះសាកសពសាច់ញាតិរបស់ពួកគេនៅលើដីនេះទៅតាមប្រពៃណីនិងសាសនាប៉ុណ្ណោះ។

លោកបន្ដថា៖ «ការសង្ស័យ រឿងមិនអស់ចិត្តរបស់ពលរដ្ឋ មកពីគាត់មិនយល់អ្វីដែលយើងធ្វើ។ គ្មាននរណាម្នាក់ហ៊ានបំពានដីរបស់សហគមន៍ ដីបរិច្ចាគទីបញ្ចុះសព បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នេះឡើយ»។

បើតាមតំណាងសហគមន៍ លោក ទូច យ៉ុន សហគមន៍ព្រៃឈើភ្នំទទឹងមានផ្ទៃដីសរុប១១៥ហិកតា ហើយសហគមន៍បានផ្ដល់ដីចំនួន៥ហិកតាទៅអាជ្ញាធរម្ដងរួចមកហើយ និងបន្ថែម៤៥ហិកតាតាមសំណើរបស់អាជ្ញាធរខេត្តនេះ ដើម្បីរៀបចំទីតាំងទុកដាក់សាកសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ សម្រាប់សាកសពទាំងជនជាតិខ្មែរ និងខ្មែរអ៊ីស្លាម។ 

សេចក្ដីជូនដំណឹងរប​ស់រដ្ឋបាលខេត្តកំពតឱ្យដឹងថា គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន១៤៧នាក់ ស្រី៨៦នាក់ និងស្លាប់ចំនួន៦៩នាក់ ក្នុងនោះស្រី៤៣នាក់។ តួលេខនេះធ្វើឱ្យអ្នកកើតជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពតកើនដល់៣ ៨០០នាក់ ក្នុងនោះស្រី២ ២០៦នាក់ និងជាសះស្បើយចំនួន៣ ៥៨៤នាក់៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក អុំ វិចិត្រ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។