ពលរដ្ឋ​ចោទ​ថា​ អាជ្ញាធរ​​គប់គិត​ជាមួយ​ឈ្មួញ​ដើរ​រំលោភ​យក​ដី​អាស្រ័យ​ផល​របស់​សហ​គមន៍​ទុក​ឱ្យ​ក្រុម​ហ៊ុន​

ពលរដ្ឋប្រមូលផ្ដុំតវ៉ាដោយចោទថា ក្រុមឈ្មួញបានកាត់ផ្ដាច់ផ្លូវលើដីមានជម្លោះ ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ (ពលរដ្ឋអ្នកសារព័ត៌មាន CCIM)

ពលរដ្ឋនៅស្រុកឈូក ខេត្តកំពត អះអាងថា ឈ្មួញបានឈូសឆាយវាទីទៅលើដីស្រែចម្ការដែលពួកគេអាស្រ័យផល និងថែមទាំងធ្វើសកម្មភាពគំរាមកំហែងលើពលរដ្ឋ ដើម្បីរកដីទុកឱ្យក្រុមហ៊ុនចូលមកអភិវឌ្ឍ ហើយក៏បានចោទអាជ្ញាធរថាជាប់ពាក់ព័ន្ធនឹងការបញ្ជាក់លិខិតទិញលក់ដីខុសប្រក្រតីផងដែរ។

ពលរដ្ឋម្នាក់រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក លោក ជុំ ង៉ែត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កាលពីខែសីហាកន្លងទៅថ្មីៗនេះ ក្រុមឈ្មួញបានដាក់គ្រឿងចក្រជាច្រើនគ្រឿង ដើម្បីព្យាយាមឈូសឆាយម្ដងហើយម្ដងទៀតលើដីស្រែចម្ការប្រជាពលរដ្ឋ ដែលពួកគេបានអាស្រ័យផលនៅទីនេះអស់ជាច្រើនឆ្នាំមកហើយនិងបានដាំដុះបង្កបង្កើនផលលើដីនោះទៀតផង។

លោកថា ឈ្មួញកណ្ដាលដែលរកទិញដីទុកឱ្យក្រុមហ៊ុននោះ ចេះតែបំពានយកដីស្រែចម្ការឥតឈប់ឈរ និងមិនមានដំណោះស្រាយ ឬការចរចាណាមួយឡើយ។ លោករិះគន់ថា អាជ្ញាធរមូលដ្ឋានក៏មិនហ៊ានជាមួយពួកគេដែរ គឺបានត្រឹមតែចុះមកពិនិត្យនិងធ្វើកំណត់ហេតុប៉ុណ្ណោះ ហើយក្រុមឈ្មួញទាំងនោះក៏នៅបន្ដធ្វើសកម្មភាពបង្ខិតព្រំដីដដែល។

លោកបន្ដថា៖ «រារាំងខ្លាំង ប៉ុន្ដែគេអត់ស្ដាប់! គេកាយនេះ កាយយកដីតែម្ដង គេអត់មានលើកព្រំទេ ព្រំគេខាងនោះ យើងអត់មានទៅតវ៉ាអីដល់ខាងនោះទេ។ ពេលគេលូកចូលមកដល់ខាងនេះ បានប្រជាជនផ្ទុះឡើងតវ៉ា»។

តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លី អ្នកស្រី ម៉ន កែវ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រុមឈ្មួញដែលកំពុងត្រួសត្រាយបំពានយកដីស្រែចម្ការរបស់ពលរដ្ឋទុកឱ្យក្រុមហ៊ុននោះ បានដាក់គ្រឿងចក្រឈូសឆាយលើករបង និងបង្ខិតព្រំដីវាទីចូលខាងដីរបស់សហគមន៍ដែលពួកគេបានខិតខំតស៊ូនិងអាស្រ័យផលនៅតាំងពីយូរមកហើយ។

អ្នកស្រីថា ពលរដ្ឋក្រីក្រនិងគ្មានអំណាចគឺចាំតែខុសប៉ុណ្ណោះ ចំណែកអ្នកមានលុយមានអំណាច គឺពួកគេអាចធ្វើអ្វីតាមទំនើងចិត្ត ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋានទៀតផង។

អ្នកស្រីបន្ដថា៖ «ឥលូវ វារញ៉េរញ៉ៃ ដូចថាចេះតែមានអ្នកមកបំពានប៉ះពារបន្ដិចបន្ដួចៗមក ហើយពលរដ្ឋដូចថានៅមានហានិភ័យក្នុងខ្លួនរហូត។ ដូចថា គេជំទាវ គេក្រុមហ៊ុនអ៊ីចឹង គេមានលុយ តែងតែឈ្នះអ្នកអត់លុយ។ គាត់អាស្រ័យផលដីរបស់រដ្ឋ អត់មានប៉ះពាល់ដីក្រុមហ៊ុនណាទេ ហើយក្រុមហ៊ុនចង់ក្រវាត់ហ្នឹង ដែលប៉ះពាល់ដីគាត់អាស្រ័យផល»

អ្នកស្រីរៀបរាប់ថា តាំងពីឆ្នាំ២០០៤មក ប្រជាពលរដ្ឋប្រមាណ១៨៩គ្រួសារបានស្នាក់នៅអាស្រ័យផលនៅតំបន់នេះ ដោយពួកគេបានតស៊ូនិងទាមទាររហូតដល់បច្ចុប្បន្ន ដែលសព្វថ្ងៃមានចំនួនជាង៣០០គ្រួសារ នៅលើដីទំហំជាង២ពាន់ហិកតា។

បើតាមតំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីរូបនេះ ទោះបីចំនួនប្រជាពលរដ្ឋកើនឡើង ក៏ពួកគេបង្កបង្កើនផលនៅត្រឹមដីសហគមន៍ដែលពួកគេទាមទារប៉ុណ្ណោះ និងមិនទៅកាន់កាប់លើដីរបស់ក្រុមហ៊ុននោះទេ។ ប៉ុន្ដែថា ភាគីក្រុមឈ្មួញទៅវិញទេ ដែលបានបង្ខិតបង្ខំនិងគំរាមកំហែងពលរដ្ឋឱ្យប្រគល់ដីឱ្យខ្លួន និងចេះតែពង្រីកព្រំដីឥតឈប់ឈរ។

តំណាងពលរដ្ឋមានជម្លោះដីធ្លីម្នាក់ទៀត លោក សោ ភី រៀបរាប់ថា ក្រុមឈ្មួញនិងអ្នកមានអំណាចបានប្រើគ្រប់មធ្យោបាយ មានទាំងហិង្សានិងការក្លែងបន្លំឯកសារ ដើម្បីយកដីទុកឱ្យក្រុមហ៊ុនអភិវឌ្ឍ រហូតមានពលរដ្ឋខ្លះបាត់បង់ជីវិតក៏មាន។

លោកថា ពលរដ្ឋខ្លះដែលមិនព្រមលះបង់ដីឱ្យក្រុមហ៊ុន គឺសុទ្ធសឹងរងការគាបសង្កត់ឬគំរាមសម្លាប់ពីក្រុមឈ្មួញដែលមានឈ្មោះ «អាំ ផល្លីន» និង «ហ៊ាង គន្ធី»។

លោកថា ក្រុមឈ្មួញអាចរំលោភយកដីរបស់ពលរដ្ឋបាន ដោយសារមានការគប់គិតពីអាជ្ញាធរ ដែលពួកគេក៏ទទួលបានផលប្រយោជន៍ផងដែរ។  

លោកបន្ដថា៖ «ខាងស្រុក ខាងខេត្តអី ខាងគាត់ចងប្រព័ន្ធអ៊ីចឹងណា! ហើយប្រជាជនមិនដឹងប្ដឹងទៅណា វាចេះតែមានអំពើហិង្សារហូត មានវាយ ដូចឈ្មោះ អ៊ឹង លី ឈ្មោះ សំ ឌីម។ ចេះតែឈូសឆាយបំពានយក […] ពលរដ្ឋមិនមានអ្នកណាព្រមព្រៀងលក់ដីឱ្យក្រុមហ៊ុននោះទេ មានតែគេបង្ខិតបង្ខំនិងលក់ក្នុងតម្លៃថោកៗ។ ប្រជាជនគ្មានព្រមព្រៀងទេ តែដោយសារខ្វះខាតខ្លាំងផង ហើយគេបង្ខំផង»។

អភិបាលរងស្រុកឈូក លោក ហេង ពៅ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការឈូសឆាយនិងលើកព្រំដីនៅតំបន់នោះ គឺស្ថិតនៅរង្វង់ព្រំដីកម្មសិទ្ធិរបស់ឈ្មោះ «អាំ ផល្លីន» និង «ហ៊ាង គន្ធី» ប៉ុណ្ណោះ ដែលមានទំហំជាង៤០០ហិកតា។ លោកថា ភាគីពលរដ្ឋទៅវិញទេដែលជាអ្នកលួចទៅដាំដំណាំលើដីរបស់គេ និងត្រូវបានគេឈូសឆាយកម្ទេចចោល។

អភិបាលរងស្រុកឈូករូបនេះអះអាងទៀតថា ចំណុចដែលកំពុងមានជម្លោះនិងប្រទាញប្រទង់គ្នា ដោយសារភាគីពលរដ្ឋចេះតែបន្ដអាស្រ័យផលលើដីរបស់ក្រុមហ៊ុន។ លោកស្នើឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដើម្បីបង្ការកុំឱ្យមានការប្រឈមដាក់គ្នា និងការប្រើប្រាស់អំពើហិង្សាណាមួយ។

លោកបន្ដថា៖ «ដីហ្នឹង គឺគាត់ [ក្រុមហ៊ុន] បានទិញពីប្រជាពលរដ្ឋទេ។ ហើយគេកាយហ្នឹង ហើយគេកាយធ្វើរបងត្រឹមព្រំដីរបស់គាត់។ តាមការពិតដីហ្នឹងក្រុមហ៊ុនមិនមែនទិញត្រឹមហ្នឹងទេ គឺហួសហ្នឹងទៅទៀត ដែលគាត់បានឈូសឆាយកន្លងមក។ […] ពលរដ្ឋហ្នឹង! បើយើងស៊ើបឱ្យច្បាស់ទៅ ពួកគាត់សុទ្ធតែមកពីចម្ងាយ ក៏មានខ្លះនៅក្នុងភូមិឃុំហ្នឹង ខ្លះមកពីដងទង់ ខ្លះមកពីអី ពួកគាត់ហ្នឹងមកនៅលើទីតាំងដីគេ»។ 

ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារឬឈរឈ្មោះលើដីជាន់គ្នានោះ លោកចោទប្រកាន់ទៅពលរដ្ឋថា ពួកគេខ្លួនឯងជាអ្នកលក់ដីឱ្យក្រុមហ៊ុន ហើយពួកគេចេះតែបន្ដចូលកាន់កាប់អាស្រ័យផលជាបន្តបន្ទាប់ និងបំពានទៅលើដីរបស់ឈ្មួញ ដែលជំរុញភាគីឈ្មួញនិងអាជ្ញាធរចេញគោលការណ៍ឆ្វៀលដីនោះឱ្យភាគីប្រជាពលរដ្ឋអាស្រ័យផលតែម្ដង ដើម្បីបញ្ចប់ជម្លោះ។

លោកបន្ដថា៖ «មិនមែនឈរឈ្មោះក្លែងក្លាយទេ ដោយសារតែពួកគាត់ហ្នឹងចេះតែថាគេ។ បើយើងចង់ដឹង យើងសួរប្រជាពលរដ្ឋឱ្យច្បាស់ទៅ ប្រជាពលរដ្ឋដែលគាត់អះអាងដីគាត់នៅទីតាំងហ្នឹង ៣២គ្រួសារហ្នឹង! […] មិនមែនការទិញលក់ទេ ធម្មតាទេ ដីនៅពេលគេមកទន្ទ្រានលើ យើងមិនចង់ឱ្យមានជម្លោះ យើងសុខចិត្តដោះស្រាយគោលនយោបាយផ្នែកណាមួយ ដើម្បីបញ្ចប់បញ្ហា ដោយសារដីគេអត់ទាន់មានបណ្ណកម្មសិទ្ធិ»។

ការលើកឡើងរបស់អភិបាលរងស្រុកឈូក លោក ហេង ពៅ ត្រូវបានតំណាងពលរដ្ឋមានជម្លោះដីធ្លី អ្នកស្រី ម៉ន កែវ បដិសេធចោល ព្រោះថា មិនមានពលរដ្ឋណាយល់ព្រមលក់ដីឱ្យទៅក្រុមហ៊ុនឡើយ គឺមានតែឈ្មួញដែលបង្កើតឯកសារខុសច្បាប់និងគំរាមកំហែងឱ្យពលរដ្ឋលក់ឱ្យប៉ុណ្ណោះ។ អ្នកស្រីបន្ដថា អាជ្ញាធរក៏បានរើសអើងលើពួកគាត់ ហើយថែមទាំងបានកោះហៅនិងបញ្ចុះបញ្ចូលពលរដ្ឋឱ្យយល់ព្រមលក់ដីទៅឱ្យក្រុមហ៊ុនទៀតផង។

អ្នកស្រីអះអាងថា ភាគីឈ្មួញបានក្លែងបន្លំឯកសារឬដាក់មនុស្សឱ្យឈរឈ្មោះក្លែងក្លាយ ដើម្បីមានសម្អាងរំលោភលើដីសហគមន៍ ដោយអាជ្ញាធរមូលដ្ឋានក៏បានជួយជ្រោមជ្រែងនិងបញ្ចុះបញ្ចូលពលរដ្ឋឱ្យលក់ដីទៅឱ្យក្រុមហ៊ុនទៀតផង។​

អ្នកស្រី ម៉ន កែវ អះអាងដូច្នេះថា៖ «តែបើតាមការពិត អ្នកដែលថាមានប្លង់ជាប្រជាពលរដ្ឋ គឺអត់មានប្លង់អីពិតប្រាកដទេ។ ប្រជាពលរដ្ឋគ្មានអ្នកណាលក់ឱ្យក្រុមហ៊ុនណាទេ។ ប៉ុន្ដែក្រុមហ៊ុននៅតែមានឯកសារ មិនដឹងពីថ្នាក់ណាមក នៅតែមានឯកសារក្លែងបន្លំថា ប្រជាពលរដ្ឋលក់ឱ្យគាត់! គាត់ថា ដីគាត់នៅកន្លែងនេះ ដីគាត់នៅកន្លែងនោះ។ […] ចុះគាត់មកតើ! ​ខាងភូមិឃុំគាត់ឱ្យប្រជាពលរដ្ឋលក់ដូរទៅ និយាយថា ក្រុមហ៊ុនគេល្អណាស់ ហើយប្រជាពលរដ្ឋគាត់មិនជឿ មិនទុកចិត្តអីអ៊ីចឹងចុះ»។

យ៉ាងណាមិញ ជុំវិញបញ្ហាដីធ្លីនៅស្រុកឈូក ខេត្តកំពតនេះ មេឃុំត្រពាំងភ្លាំង លោក ផាវ វណ្ណារ៉េត ធ្លាប់បានចេញលិខិតមួយកាលពីដើមខែសីហា ឆ្នាំ២០២១ ដោយបដិសេធចោលការចុះហត្ថលេខាដែលលោកបានបញ្ជាក់ទទួលស្គាល់លិខិតផ្ទេរសិទ្ធិ ពាក្យកាន់កាប់និងប្រើប្រាស់ដីធ្លី និងលិខិតទិញលក់ដីរដ្ឋនៅតំបន់ការពារធម្មជាតិនិងក្នុងរបៀងអភិរក្សជីវចម្រុះនៃ​ឧទ្យាន​ជាតិ​ «​ព្រះមុនីវង្ស​បូកគោ​»។

ក្នុងលិខិតនោះ លោកសរសេរបកស្រាយថា៖ «ខ្ញុំបាទពុំសូវយល់ដឹងពីច្បាប់ទម្លាប់ច្រើន ដោយឃើញពួកគាត់អាស្រ័យផលជាក់ស្ដែង»។

លោក ផាវ វណ្ណារ៉េត​ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានបន្ថែមថា លិខិតឆ្លើយបដិសេធរបស់លោកនេះ គឺមិនជាប់ពាក់ព័ន្ធនឹងតំបន់ដែលកំពុងមានជម្លោះ ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងផ្លាំង នោះទេ ដោយលោកថា លិខិតនេះគឺធ្វើតាមបញ្ជារបស់ថ្នាក់ខេត្តតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ចំពោះការទទួលស្គាល់លិខិតផ្ទេរសិទ្ធិនិងលិខិតទិញលក់ដីរដ្ឋនៅតំបន់ព្រៃពាយនេះវិញ លោក ផាវ វណ្ណារ៉េត​ ឆ្លើយយ៉ាងខ្លីថា លោកមិនជាប់ពាក់ព័ន្ធឡើយ។

លោកបន្ដថា៖ «ការពិត ការបញ្ជាក់ទិញលក់អីគ្មានទេ អត់មានការបញ្ជាក់ទេ […] មានសារាចររបស់ខេត្តឱ្យយើងធ្វើ។ តាមពិតទៅ ខ្ញុំអត់មានទៅពាក់ព័ន្ធកន្លែងឧទ្យានជាតិហ្នឹងទេ សូម្បីមួយហត្ថលេខាក៏គ្មានដែរ។ បាទ! ព្រៃពាយផ្សេង យើងនៅម្ខាងម្នាក់។ យើងយោងសារាចររបស់ខេត្ត អាហ្នឹងវាជាការបញ្ជាក់ជូន ហើយការបញ្ជាក់ហ្នឹងមិនមែនមានតែខ្ញុំទេ លោកជំទប់ទី១ និងទី២ ក៏លោកបានធ្វើ»។ 

អ្នក​សម្របសម្រួល​សមាគមអាដហុកប្រចាំខេត្តកំពត លោក យន្ដ ផល្លី មានប្រសាសន៍ថា ភាពចម្រូងចម្រាសរវាងដីរបស់ក្រុមហ៊ុននិងភាគីពលរដ្ឋអាស្រ័យផលនេះ បានកើតឡើងក្រោយពីក្រុមនិស្សិតបានចុះវាស់វែងដីនៅតំបន់នេះ ប៉ុន្ដែពួកគេមិនបានដោះស្រាយបញ្ហានៅទីតាំងមានជម្លោះឱ្យបានចប់សព្វគ្រប់ឡើយ។

លោកថា ភាគីក្រុមហ៊ុនបានសម្អាងទៅលើប្លង់កម្មសិទ្ធិដែលខ្លួនមាន និងវាទីលើដីរបស់សហគមន៍ ខណៈលោកក៏បង្ហាញចម្ងល់ផងដែរចំពោះការចេញបណ្ណទទួលស្គាល់ការលក់ទិញដីនៅតំបន់នេះដែលពោរពេញដោយភាពខុសប្រក្រតី។ 

លោកបន្ដថា៖ «ក្រុមហ៊ុនចេះតែថាជាដីគាត់បានទិញឬកក់ពីប្រជាពលរដ្ឋ ហើយចេះតែវាទីយកដីពីប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់បច្ចុប្បន្ន។ ហើយនៅពេលគេធ្វើយុទ្ធនាការក្នុងការធ្វើប្លង់លក្ខណៈជាប្រព័ន្ធ ឬការវាស់ ឬគេហៅ ០១ របស់និស្សិត មួយចំនួនអត់វាស់ឱ្យ មួយចំនួនវាស់ឱ្យ ដោយសារបញ្ហាប្រទាំងប្រទើសជាមួយក្រុមហ៊ុន។ […] ​បាទ! ដូចមិនច្បាស់លាស់ប៉ុន្មានទេ ព្រោះកន្លងមកហ្នឹង មានការទិញលក់ដីហ្នឹង មានការទទួលស្គាល់ពីណាពីណី ខ្លះមានមេដៃ ខ្លះអត់អីអ៊ីចឹងទៅ ថ្មីៗក៏កើតមានដែរការទិញដីហ្នឹង»។

បើតាមប្រភពពីអាជ្ញាធរមូលដ្ឋាន ឈ្មួញឈ្មោះ «អាំ ផល្លីន» និង «ហ៊ាង គន្ធី» បានចុះទិញដីពីពលរដ្ឋនៅតំបន់នេះ ប៉ុន្ដែក៏មានបញ្ហាចម្រូងចម្រាសជាមួយពលរដ្ឋចំនួន១៨៩គ្រួសារដែលកំពុងអាស្រ័យផលនៅទីនោះ។ ប៉ុន្ដែបើតាមប្រភពពីភាគីតំណាង​ពលរដ្ឋវិញ ប្រជាពលរដ្ឋបាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៩៣មក និង​ខ្លះ​ទៀតបាន​កាន់​កាប់​នៅ​ឆ្នាំ​២០០២ ហើយត្រូវ​បានក្រុមបក្ខពួក​ឈ្មួញទិញ​ដីទាំង​ពីរ​នាក់ខាងលើ ប្រើកម្លាំងសន្តិសុខ​ដើរ​គំរាមកំហែងនិង​ប្រើ​ហិង្សា​បង្ខំឱ្យ​ពួកគេ​ចាក​ចេញ​ពី​ដីធ្លី​របស់​ខ្លួន ​ដើម្បី​យក​ដី​នោះឱ្យ​ក្រុមហ៊ុន​ជប៉ុនមួយដាំ​ដំណាំ​ម្រេច៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM ខេត្តកំពត លោក អុំ វិចិត្រ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។