លោក ហ៊ុន​ សែន​ ថា​ការ​ឆ្មក់​ចូល​​ក្នុង​​កិច្ច​​ប្រជុំ​ Zoom ​ជាមួយ​ក្រុម​អតីត​បក្ស​​ប្រឆាំង​​​មិន​មែន​ចង់​ចរចា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោលទៅលើការវិភាគមួយចំនួនដែលថា ការឆ្មក់ចូលក្នុ​​ង​​​កិច្ចប្រជុំតាមប្រព័ន្ធ Zoom ដើម្បីនិយាយតទល់ជាមួយមនុស្សជំនិតនឹងលោក សម រង្ស៊ី នាពេល​ថ្មីៗនេះ មិ​ន​មែនជា​ការ​ស្វែង​រក​ការ​ចរចា​នយោបាយ​ណាមួយ ឬ​ខ្លាចសម្ពាធ​អ​ន្ត​​រជាតិ​នោះទេ។

កាលពីថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ២០២១នេះ កិច្ចប្រជុំមួយនៅឯក្រៅប្រទេសតាមប្រព័ន្ធបណ្តាញសង្គម Zoom ដែលរៀបចំឡើងដោយលោក ឡុង រី ត្រូវបាន​គេ​ស្គាល់​ថាជា​មនុស្ស​ជំនិត​នឹងលោក សម រង្ស៊ី ប្រធានអតីត​​គណបក្សសង្គ្រោះជាតិ។ តែកិច្ចប្រជុំផ្ទៃក្នុងនោះក៏មានការភ្ញាក់ផ្អើល ដោយសារតែគេប្រទះឃើញលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញមុខ និយាយជាមួយលោក ឡុង រី រួមទាំងរំឭកការដែល​លោក​ធ្លាប់បង្កើត​វប្បធម៌សន្ទនាជាមួយលោក សម រង្ស៊ី ផងដែរ។

ចាប់ពីពេលនោះមក ទាំងលោក សម រង្ស៊ី និងអ្នកវិភាគមួយចំនួនបានធ្វើការអត្ថាធិប្បាយ​ថា ការដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្មក់ចូលក្នុងកិច្ចប្រជុំ​ផ្ទៃក្នុង​របស់ក្រុមអ្នកនយោបាយ​ជំទាស់​នេះ អាចជាសញ្ញាវិជ្ជមានទៅរកការចរចានយោបាយ​ដើម្បីផ្សះផ្សាជាតិឡើង​វិញ ខណៈសហគមន៍អន្តរជាតិដែលនាំមុខ​គេ​ដោ​​យ​សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប កំពុងទាមទារឱ្យកម្ពុជា​វិលទៅស្តារប្រជាធិបតេយ្យវិញ ក្រោ​​យមា​នការរំលាយគណបក្សសង្គ្រោះជាតិចេញពីឆាកនយោបាយជាង៤ឆ្នាំមកនេះ។ 

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បាន​សរសេរសារនៅលើហ្វេសប៊ុករបស់លោក​ថា ការចូលក្នុងកិច្ច​ប្រជុំ​តាម ​​​Zoom​ នៅពេលនោះ ជាការផ្ញើសារថា កន្លែងណា​ក៏​មាន​មនុស្ស​រប​ស់លោក​ ហ៊ុន សែន ដែរ។

លោ​កបានគូសបញ្ជាក់ថា គ្មានការចរចា​នយោបាយ​ណាមួយត្រូវធ្វើឡើងទេ ហើយអ្វីដែលត្រូវធ្វើនោះ គឺ​អ្នក​​មាន​ទោស​ត្រូវ​ជាប់ពន្ធនាគារ​ឱ្យបាន២ភាគ៣សិន ចាំគិតដល់ការលើកលែងទោស ​ឬបន្ធូរ​បន្ថយទោស។

លោកថា៖ «សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ! ហ៊ុន សែន នឹងលើ​ក​លែង​ទោស​ឱ្យ! ហ៊ុន សែន នឹងបើកការចរចា​រកដំណោះស្រាយ​នយោបាយ!​ ហ៊ុន សែន ខ្លាចអន្តរជាតិ។ល។ សង្ឃឹមថា ការបកស្រាយនេះនឹង​ឱ្យអ្នកវិភាគ​ល្ងង់ទូ និងអ្នករង់ចាំការយោគយល់ពី ហ៊ុន សែន ឬ ​ហ៊ុន សែន ភ័យខ្លាច បានភ្លឺស្វាងឡើងវិញ បន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយ Zoom»។

យ៉ាងណា ការលើកឡើង​​នេះហាក់បានឆ្លើយតបទៅនឹងការថ្លែង​របស់​លោក សម រង្ស៊ី ក្នុងពិធីសំណេះ​សំណាល​ជាមួយ​អ្នក​គាំទ្រ​នៅទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វរញ៉ា (California) សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ​២០២១។

ក្នុងពិធីនោះ លោក សម រង្ស៊ី បាននិយាយថា នៅឆ្នាំ២០១៤ លោក ហ៊ុន សែន ធ្លាប់​ប្រាប់លោក​ឱ្យ​​​គណបក្ស​​សង្គ្រោះជាតិ ស្នើច្បាប់​កុំ​កាត់​ទោស​មេដឹកនាំកំពូល ៣រូប ក្នុងជួរគណបក្សប្រជាជនកម្ពុជា​ ពេល​បា​ត់បង់​​អំណាច ដែល​ថា ​ក្នុងនោះមា​នប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី។ 

មួយវិញទៀត លោកថា លោក ហ៊ុន សែន បច្ចុប្បន្នកំពុងព្រួយបារម្ភពីការបាត់បង់អំណាចទៅលើបញ្ហាធំ៣ រួមមាន បញ្ហា​វ័យកាន់តែចាស់ ការផ្ទេរតំណែងទៅកូន និងសម្ពាធអន្តរជាតិ ទៅលើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលការនេះ លោក សម រង្ស៊ី ថាការឆ្មក់ចូលប្រជុំជាមួយក្រុមលោក ឡុង រី អាច​ជាការបោះ​ដៃ ដើម្បីស្វែងរកការចរចានយោបាយ។

លោកថា៖ «គាត់និយាយនេះ ហាក់ដូចជាគាត់ចង់​បង្ហាញ​ថា គាត់អត់មានអ្វីដែលត្រូវរារាំង​មិន​ឱ្យ​យើងជជែក​គ្នា​រាប់​អាន​គ្នា ដើម្បីរកច្រកណាមួយចេញ […] ហើយខ្ញុំសូមឆ្លើយទៅវិញ ឆ្លើយតាម ឡុង រី ថាខ្ញុំឥតមានអីជំទាស់ទេ»។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា អ្នកនយោបាយតែងតែស្វែងរកប្រៀបពីគ្នាទៅវិញទៅមក ដើម្បីទាក់ទាញប្រជាប្រិយភាព។ ប៉ុន្តែលោកផ្តល់ជាយោបល់ថា ដើម្បីធានា​ផល​ប្រយោជន៍​ជាតិ មានតែវិលទៅរកការផ្សះផ្សាជាតិ ហើយចាប់ផ្តើមប្រកួតអំណាចគ្នាតាមគន្លងប្រជាធិបតេយ្យក្រោ​មដំ​បូលរដ្ឋធម្មនុញ្ញទេ ទើបមានការគាំទ្រពីប្រជា​ពលរដ្ឋនិងសហគមន៍អន្តរជាតិ។

លោកថា៖ «ខ្ញុំគិតថា វាល្មមដល់ពេលអ្នកនយោបាយដែលមានភាពចាស់ទុំហ្នឹង គួរតែគិតអំពីឧត្តមប្រយោជន៍​ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ ហើយរកវិធីយ៉ាងណាដើម្បីការឯកភាពជាតិ ហើយប្រកួត​ប្រជែងអំណាចតាមបែបប្រជាធិបតេយ្យ។ អាហ្នឹងជារឿងល្អបំផុតសម្រាប់កម្ពុជា វាល្អទាំងស្ថានភា​ព​នយោបាយ ល្អទាំងស្ថានភាពសិទ្ធិមនុស្ស ហើយកម្ពុជាទទួលបានផលចំណេញដែរ»។

មាត្រា៥២ នៃរដ្ឋធម្មនុញ្ញចែងថា៖ «រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារអធិបតេយ្យ បូរណភាព​ទឹក​ដីនៃ​​ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារការឯកភាពជាតិ […] រដ្ឋយ​​ក​ចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ