អាជ្ញាធរ​​ខេត្ត​ព្រះសីហនុ​ រក​ឃើញ​កម្មករ​មួយ​ចំនួន​នៅ​​​រោងចក្រ​​ស្រាបៀ​រអង្គរ​​​ឆ្លង​​​កូវីដ-១៩

អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ ចុះអនុវត្តបិទខ្ទប់ការធ្វើដំណើរចេញចូលនៅតាមគោលដៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រចផ្អាកជាបណ្ដោះអាសន្ននូវដំណើរការមួយផ្នែកនៃរោងចក្រស្រាបៀរអង្គររយៈពេល១៤ថ្ងៃ បន្ទាប់ពីការរកឃើញកម្មករមួយចំនួន​​បានឆ្លងជំងឺកូវីដ-១៩។

​យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១៥ ខែកញ្ញា បាន​សម្រេច​​ផ្អាក​​ដំណើរ​​ការ​មួយ​ផ្នែក​នៃ​រោង​ចក្រ​ស្រាបៀរអង្គរនេះ ដោយគិតចាប់អនុវត្តពីថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ​២០២១ តទៅ ក្រោយពីក្រុមឆ្លើយ​តប​បន្ទាន់​នៃមន្ទីរសុខាភិបាលខេត្ត បានយក​សំណាក​ពី​បុគ្គលិក-កម្មករបម្រើការងារនៅរោងចក្រស្រាបៀរអង្គរ ហើយលទ្ធផលបញ្ជាក់ថា មានវិជ្ជមានមេរោគកូវីដ-១៩។

យោងតាមសេចក្ដីជូនដំណឹងដដែលនេះ បានតម្រូវឱ្យលោកនាយកក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូ (ស្រាបៀរអង្គរ) សហការជាមួយក្រុមការងារនៃមន្ទីការងារ​ ស្វែងរកអ្នកដែលមាន​ការពាក់ព័ន្ធជាមួយអ្នកវិជ្ជ​មាន​កូវីដ-១៩ តាមការកំណត់។

បន្ថែមពីនេះ លោកនាយករោង​ចក្រ​ត្រូវ​ទទួល​ខុស​ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័ក និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃចំពោះបុគ្គលិក-កម្មករចំនួន ៥០% នៃបុគ្គលិកទាំងអស់នៅក្នុងរោងចក្រ ដើម្បីបន្តសង្វាក់ផលិតកម្មដោយត្រូវផ្អាកការចេញចូលរោងចក្រ រង់ចាំរហូតដល់ការធ្វើវិភាគវត្ថុសំណាកចំពោះអ្នកដែលមានការពាក់ព័ន្ធបានគ្រប់ៗគ្នា និងមានលទ្ធផលជាផ្លូវការ​ ទើបអាចបញ្ចប់ការធ្វើចត្តាឡីស័ក​តាមការសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ។

នៅថ្ងៃទី១៦ ខែកញ្ញានេះ រដ្ឋបាលខេត្តព្រះសីហនុ ដែលជាខេត្តទេសចរណ៍​មាត់​សមុទ្រ​ បានបន្តដាក់វិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ