តាលីបង់​ រឹប​អូស​សាច់​ប្រាក់​និង​មាស​ចំនួន​១២,៤​លាន​ដុល្លារ​​ពី​អតីត​មន្រ្តី​កំពូល​អាហ្វហ្គា​នីស្ថាន

សមាជិកនៃក្រុមតាលីបង់កំពុងធ្វើការរាប់ចំនួនទឹកលុយដែលរឹបអូសបានពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលមុន – រូបភាពនេះ រ៉យទ័រ ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (រ៉យទ័រ)

ធនាគារកណ្ដាលដែលគ្រប់គ្រងដោយក្រុមតាលីបង់ ឱ្យ​ដឹងថា ខ្លួនបានរឹបអូសសាច់ប្រាក់​និង​មាសដែល​មានតម្លៃសរុបចំនួន១២,៤លានដុល្លារពីអតីតមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់មួយ​ចំនួនកាលពីថ្ងៃពុធ រួមទាំងអតីតអនុប្រធានាធិបតី លោក Amrullah Saleh ផងដែរ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់ធនាគារកណ្តាលនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាច់ប្រាក់និងមាសត្រូវបានរក្សាទុកនៅក្នុងផ្ទះរបស់អតីតមន្រ្តីនានា ខណៈដែល​ខ្លួនមិនទាន់ដឹងពីគោលបំណងនៃការរក្សាទុកនេះនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយផ្សេងទៀត ធនាគារកណ្តាល ក៏បានជំរុញឱ្យជនជាតិអាហ្វហ្គានីស្ថានប្រើប្រាស់រូបិយបណ្ណអាហ្វហ្គានីស្ថានក្នុងស្រុករបស់​ប្រទេស ស្រប​ពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង​ថា ធនាគារនិងក្រុមហ៊ុនរបស់ប្រទេសមួយចំនួនកំពុងតែខ្វះខាតថវិកា ជាពិសេសប្រាក់ដុល្លារដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយកាលពីពេលកន្លងទៅ។

នៅក្នុងសញ្ញាមួយដែលថា ក្រុមតាលីបង់បច្ចុប្បន្នកំពុងព្យាយាមយកទ្រព្យសម្បត្តិត្រលប់មកវិញដែលជាកម្មសិទ្ធិរបស់អតីតមន្រ្តីរដ្ឋាភិបាលនានា ធនាគារកណ្តាលក៏បានចេញសារាចរមួយទៅកាន់ធនាគារក្នុងស្រុកកាលពីសប្តាហ៍មុន ដោយស្នើសុំឱ្យពួកគេបង្កកគណនីធនាគាររបស់បុគ្គលទាំងឡាយ​ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលមុនផងដែរ។ នេះបើតាមការឱ្យ​​ដឹងពីធនាគារពាណិជ្ជចំនួនពីរនៅក្នុងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ