អាមេរិក​ជួយ​ពលរដ្ឋ​ខ្លួន​យ៉ាង​តិច​៣៦​នាក់​ចេញ​ពី​អាហ្វហ្គា​នីស្ថាន​ចាប់​តាំង​ពី​ចុង​ខែ​​សីហា​

ពលរដ្ឋអាហ្វហ្គានីស្ថាន និងពលរដ្ឋជាជនបរទេសរស់នៅអាហ្វហ្គានីស្ថាន រង់ចាំឡើងយន្តហោះ Boeing C-17 Globemaster III អំឡុងពេលត្រៀមភៀសខ្លួនតាមអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Karzai) ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (U.S. Marine Corps/Staff Sgt. Victor Mancillal/Handout via REUTERS)

ក្រសួងការបរទេសអាមេរិក បានឱ្យ​​ដឹងនៅថ្ងៃពុធម្សិលមិញថា សហរដ្ឋអាមេរិក​បានជួយ​សម្រួលដល់​ការចាកចេញរបស់ពលរដ្ឋអាមេរិកយ៉ាងតិច៣៦នាក់ និងអ្នករស់នៅអចិន្ត្រៃយ៍​ស្របច្បាប់​ចំនួន២៤នាក់​ផ្សេងទៀត ចេញពី​អាហ្វហ្គានីស្ថាន​ចាប់តាំងពីថ្ងៃទី៣១ ខែសីហា តាមរយៈជើង​ហោះ​ហើរ​ពិសេស (charter flights) និងផ្លូវគោក។

បន្ទាប់ពីចំណាយរយៈពេលពីរទសវត្សរ៍នៅអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិកបានដក​កង​ទ័ព​ទាំងអស់​របស់ខ្លួន​នៅចុងខែសីហា ដែលបានបន្សល់ទុកនូវពលរដ្ឋអាមេរិកប្រមាណជា១០០​នាក់ និងជនជាតិអាហ្វហ្គានីស្ថានដែលមានហានិភ័យរាប់ពាន់នាក់ផ្សេងទៀតនៅក្នុងប្រទេស។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក Ned Price ដែលបានថ្លែងប្រាប់អ្នកយកព័ត៌មានថា ពលរដ្ឋអាមេរិកម្នាក់ និងអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ពីរនាក់ផ្សេងទៀត បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារតាម​រយៈ​ផ្លូវ​គោក ខណៈដែលជើងហោះហើរពិសេសក៏បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិកាប៊ុលកាលពីសប្តាហ៍មុន ជាមួយពលរដ្ឋអាមេរិកនៅលើយន្តហោះផងដែរ។

លោកបន្ថែមថា៖ «ដូចអ្វីដែលយើងបានលើកឡើង ក្រសួងការបរទេសបានព្យាយាមធ្វើអ្វីគ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបាន»។

លោកបន្តថា៖ «សម្រាប់ជើងហោះហើរ និងបុគ្គលទាំងនេះ វាគ្មានហេតុណាមួយដែលថាពួកគេមិនអាចចាកចេញបាននោះទេ ហើយវាជាអ្វីដែលយើងកំពុងបន្តផ្តោតការយកចិត្តទុកដាក់»។

គួរបញ្ជាក់ថា បណ្ដាប្រទេសជាង៦០ ក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីពេលកន្លងទៅ​ ដោយលើកឡើងថា ជនជាតិអាហ្វហ្គានី​ស្ថាន និងពលរដ្ឋអន្តរជាតិនានាដែលមានបំណងចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រូវ​តែ​ទទួលបាន​ការអនុញ្ញាតឱ្យចាកចេញពីប្រទេសនេះ ខណៈដែលអាកាសយានដ្ឋាននិងច្រកព្រំដែនទាំង​ឡាយ​ក៏ត្រូវតែបើកជានិច្ចផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ