ក្រសួង​ហិរញ្ញ​វត្ថុ​អាហ្វហ្គា​នីស្ថាន​កំពុង​ដោះ​ស្រាយ​បញ្ហា​ប្រាក់​ខែ​ដល់​មន្រ្តី​សាធារណៈ​របស់​ខ្លួន

អ្នកប្តូរប្រាក់ម្នាក់កាន់រូបិយបណ្ណអាហ្វហ្គានីស្ថាននៅតាមដងផ្លូវមួយនៅកណ្តាលទីក្រុងកាប៊ុល ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ ។ (REUTERS/Tim Wimborne)

ក្រសួងហិរញ្ញវត្ថុអាហ្វហ្គានីស្ថាន បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋាភិបាលរបស់ខ្លួនកំពុងតែធ្វើកិច្ចការងារមួយចំនួនក្នុងការដោះស្រាយបញ្ហាបើកប្រាក់ខែដល់មន្រ្តីក្នុងវិស័យសាធារណៈរបស់ខ្លួន ស្របពេលដែលរដ្ឋបាលតាលីបង់ថ្មីបច្ចុប្បន្នប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។

មុនពេលដែលក្រុមតាលីបង់ដណ្តើមបានទីក្រុងកាប៊ុលកាលពីខែមុន មន្រ្តីសាធារណៈជាច្រើនបានលើកឡើងថា ពួកគេមិនបានទទួលប្រាក់ខែអស់រយៈពេលជាច្រើនសប្តាហ៍ ខណៈដែលធនាគារក៏ដាក់ចេញនូវវិធានការតឹងរ៉ឹងក្នុងការដកសាច់ប្រាក់ ហើយតម្លៃទំនិញនានាកើនឡើង ដែលធ្វើឱ្យពួកគេជាច្រើនប្រឈមនឹងការលំបាកធ្ងន់ធ្ងរក្នុងជីវភាព។

ឆ្លើយតបទៅនឹងករណីនេះ ក្រសួងបានឱ្យដឹងថា «បញ្ហាបច្ចេកទេស» បានបណ្ដាលឱ្យមានការពន្យារពេលក្នុងការបើកប្រាក់ខែដល់មន្រ្តីក្នុងវិស័យទាំងនេះ ប៉ុន្តែក្រុមការងារពិសេសកំពុងតែធ្វើការលើបញ្ហានេះហើយ ខណៈដែលពួកគេនឹងដោះស្រាយឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងហិរញ្ញវត្ថុអាហ្វហ្គានីស្ថានដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក យកមកចុះផ្សាយថា៖ «បុគ្គលិកទាំងឡាយនៃរដ្ឋបាលសាធារណៈអាចបន្តការងាររបស់ពួកគេបាន ដោយមិនត្រូវមានការព្រួយបារម្ភនោះទេ»។

ទោះជាយ៉ាងណាក្ដី សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់លម្អិតបន្ថែមពីពេលវេលាច្បាស់លាស់ដែលប្រាក់ខែនេះអាចនឹងត្រូវបានផ្ដល់ជូននោះទេ ស្របពេលដែលរដ្ឋាភិបាលថ្មីក៏កំពុងតែប្រឈមមុខនឹងការខ្វះខាតសាច់ប្រាក់យ៉ាងធ្ងន់ធ្ងរផងដែរ។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ កាលពីដើមសប្ដាហ៍នេះ ក៏បានព្រមានពីវិបត្តិមនុស្សធម៌ដែលអាចកើតមានឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ចូលកាន់កាប់អំណាច ខណៈដែលចំនួនប្រជាជនពាក់កណ្តាលរបស់ប្រទេសនេះ ឬប្រមាណ១៨លាននាក់រស់នៅដោយពឹងផ្អែកលើជំនួយ ហើយតួលេខនេះអាចនឹងកើនឡើងបន្ថែមទៀតដោយសារតែគ្រោះរាំងស្ងួត កង្វះខាតសាច់ប្រាក់ និងស្បៀងអាហារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ