នាយក​រដ្ឋ​មន្ត្រី​​ថា​ ពលករ​ខ្មែរ​នៅ​ថៃ​ជាង​៥​ម៉ឺន​​នាក់​បាន​ចាក់​វ៉ាក់សាំង​ការ​ពារ​​​កូវីដ​-១៩

ក្រុមមន្ត្រីសុខាភិបាល មន្ត្រីមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៃខេត្តបន្ទាយមានជ័យ ចុះយាមនិងចាំត្រួតពិនិត្យទៅលើពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ពលករខ្មែរប្រមាណ៥២ ០០០​នាក់​ដែល​កំពុង​ធ្វើការនៅ​ប្រទេស​ថៃ​បាន​​ចាក់​វ៉ាក់​សាំង​​ប្រ​ឆាំងនឹងជំងឺកូវីដ-១៩រួចហើយ​ ខណៈពលករខ្មែរ​មួយចំនួន​បាននាំគ្នាត្រលប់មកកម្ពុជាវិញ ដោយសារ​បារម្ភពីសុវត្ថិភាព បន្ទាប់ពីថៃកំពុង​ឆ្លងរាលដាល​វីរុសប្រភេទ ​”ដែលតា” ខ្លាំង។

ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ នៅថ្ងៃសុក្រនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កន្លងមក កម្ពុជា​មានការព្រួយបារម្ភចំពោះការវិលត្រលប់របស់​ពលករខ្មែរដែលមក​ពីថៃ ដោយសារតែ​ថៃកំពុងឆ្លងរីករាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ ​”ដែលតា” ហើយ​​ពលករខ្មែរ​ដែល​វិលត្រលប់មកពីថៃភាគច្រើន​រកឃើញមានផ្ទុកជំងឺកូវីដ-១៩ថ្មី​នោះ។

លោកថា៖ «​​មុននេះ យើងព្រួយបារម្ភធំណាស់ គឺពលករមកពីថៃ! ប៉ុន្តែដោយសារមានកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលកម្ពុជានិងរដ្ឋបាលថៃ ​ធ្វើឱ្យការវិលត្រលប់ដោយមានរបៀបរៀប​រយ​​រប​ស់ពលករយើង​នៅក្នុងប្រទេស​ថៃ​ បូកជាមួយនឹងវិធានការដែលបានប្រកាន់យកនៅក្នុងប្រទេសថៃ»។

ដោយឡែក ចំពោះពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែន​កម្ពុជា-ថៃ​វិញ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថា រហូត​មក​ដល់​ពេល​នេះ មានជាង៧ ០០០​នាក់​​ប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​ថា៖ «នៅក្នុងមណ្ឌលចត្តាឡីស័កតាមព្រំដែន សល់ដែលជាង៧ ០០០​នាក់​ទេ។ កាលមុន ឡើងជិត​ដល់១៥ ០០០​នាក់ តែ​ឥលូវនៅសល់តែជាង៧ ០០០​នាក់ទេ។ ​​ប៉ុន្តែឱ្យតែមកថៃភាគច្រើនឆ្លងសុទ្ធតែ”ដែលតា”ទាំងអស់។​ អ៊ីចឹងការ​ប្រឹងប្រែង​របស់យើងក្នុងការទប់ស្កាត់ការនាំចូល​និងទប់ស្កាត់ការរីករាលដាល តាមរយៈធ្វើចត្តាឡីស័ក​និងការធ្វើតេស្តរហ័ស។ ហើយការធ្វើតេស្តផ្ដល់ឱកាសឱ្យយើង​គ្រប់គ្រងបានមុខសញ្ញានិងកាត់បន្ថយការចម្លង»។

ពលករខ្មែរដែលធ្វើការនៅខេត្តឈុនបូរី ប្រទេសថៃ លោក កុយ ម៉េងលី ប្រាប់ វីអូឌី ថាចាប់តាំង​ពី​ថៃ​ផ្ទុះជំងឺកូវីដ-១៩មក ពួកគាត់បានទទួលស្បៀង​អាហារនិងការផ្ដល់ថ្នាំព្យាបាល​ជំងឺ​តែ​ពី​ខាង​អង្គការ​ប៉ុណ្ណោះ សម្រាប់ខាងរដ្ឋាភិបាលកម្ពុជាវិញ លោកថាមិនទាន់ទទួលបាន​ឡើយ។ លោក​ស្នើទៅរដ្ឋាភិបាលនិងមន្ត្រីស្ថានទូតឱ្យជួយផ្ដល់ស្បៀងអាហារ និងជួយធ្វើយ៉ាងណាឱ្យពួកគាត់បានទទួលវ៉ាក់សាំង ខណៈបច្ចុប្បន្នពួកគាត់មិនមានការងារធ្វើនោះទេ។

លោកថា៖ «ខ្ញុំចង់ឱ្យខាងរដ្ឋាភិបាលជួយជាថ្នាំនិងស្បៀងអាហារខ្លះៗអ៊ីចឹង។ ពលករឥលូវខ្វះច្រើន ជាប់កូវីដ-១៩ រាប់ខែ មិនទាន់ទទួលបានវ៉ាក់សាំងទេ តែអង្គការសង់ត្រាល់បានស្នើសុំទៅហើយ តែមិនដឹងពេលណាបានទេ បើឆាប់បាន គឺល្អ។ ខាងខ្ញុំអត់មានការងារច្រើនដែលគាត់ស្រង់ឈ្មោះ ខ្លះទៀតអត់មានលុយបង់បន្ទប់ទៀតផង»។​ ​

វីអូឌី មិនអាចសុំការឆ្លើយតបពី​អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា​ លោក កុយ គួង បានទេ​។

មន្ត្រីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក លឹង សុផុន សង្កេតឃើញថា ពលករដែលទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ភាគច្រើនពួកគេទៅស្របច្បាប់ ដោយមានថៅកែធានានិងនាំទៅចាក់វ៉ាក់សាំង ប៉ុន្តែពលករដែលមិនមានឯកសារគ្រប់​គ្រាន់​នោះ នឹង​មិនបានទទួល​វ៉ាក់សាំង​និងការព្យាបាលជំងឺឡើយ ខណៈការផ្ដល់ស្បៀងអាហារ​ដល់​ពួកគាត់នោះ​ អ្នកខ្លះបាន និងអ្នកខ្លះមិនទទួលបានទេ។

លោកថា៖ ​«​កន្លងមក អង្គការសង្គមស៊ីវិលគាត់​បានចុះ​ជួយ​ដែរ ដោយ​ជួយ​ជាស្បៀ​ងអា​ហារ​អ៊ីចឹង។ ផ្ទុយ​ទៅ​វិញ រឿង​​ការ​ចាក់វ៉ាក់សាំ​ង​សម្រាប់ពួកគាត់អត់មានឯកសារត្រឹមត្រូវ អត់ទាន់មានខាងណាមួយដើម្បីឱ្យពួកគាត់បានចាក់វ៉ាក់សាំងទេ»។

បើតាមរបាយការណ៍របស់​អង្គការ​​​សង់ត្រាល់ដែល​ចេញផ្សាយ​កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឱ្យដឹងថា ពលករខ្មែរនៅថៃចំនួនជាង២៤ ០០០​នាក់បានត្រលប់​មក​ស្រុកកំណើតវិញ នៅអំឡុងខែមិថុនា​ និងកក្កដា ឆ្នាំ២០២១ ដែលជាពេលវេលាប្រទេសថៃកំពុងផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ