ក្រសួង​​បន្ត​ស៊ើប​អង្កេត​ករណី​ធ្វើ​ទារុណ​កម្ម​ជន​សង្ស័យ​រហូត​ស្លាប់​នៅ​ខេត្ត​បាត់ដំបង

លោក ពេជ្រ ធារ៉េត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅនឹងកន្លែង ក្រោយរងបណ្ដឹងថាបានសម្លាប់ភរិយាខ្លួន កាលពី​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​ចំណុច​ក្រុម​ទី​២៦​ ភូមិ​បោះ​ពោធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​​។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

នាយកដ្ឋានព្រហ្មទណ្ឌក​ម្រិត​ធ្ងន់ បានកោះហៅ​អធិការ​​ស្រុក​​​សង្កែ និ​​ង​​អ្ន​កពាក់ព័ន្ធមួយចំនួនទៀតនៅខេត្ត​បាត់​ដំបង ឱ្យចូលបំភ្លឺ​ករណីរងការ​​​ចោទ​ថាបា​ន​ធ្វើធ្វើ​​ទារុណកម្មជន​សង្ស័យ​​ម្នាក់រហូត​ដល់​ស្លាប់នាពេល​កន្ល​ងទៅ​​ ក្រោយ​គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មរកឃើញតម្រុយដូចពាក្យបណ្តឹងរបស់គ្រួសារ​ជន​រង​គ្រោះ។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មរបស់រដ្ឋាភិបាល ស្នើ​អគ្គស្នង​ការ​ដ្ឋាន​​នគរបាលជាតិបើក​ការ​ស៊ើប​អង្កេត​​បន្ថែម ដើម្បី​រក​ការ​ពិត​និងនាំខ្លួន​មន្ត្រី​ពាក់​ព័ន្ធ​មក​ទទួលទោស ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​ពី​ក្រុម​គ្រួសារ​សព។

បើតាម​ការ​វាយ​តម្លៃ​ជំហានដំបូង ក្រោយការចុះស៊ើបអង្កេតដល់កន្លែងកើតហេតុនិងសា​កសួរ​គ្រប់​ភាគីពាក់​ព័ន្ធ គណៈកម្មាធិការនេះ​បានសន្និដ្ឋាន​ថា ការ​ស្លាប់​​របស់​​ជន​សង្ស័យ ពេជ្រ ធារ៉េត អំឡុង​ឃុំ​ខ្លួន​នៅអធិការដ្ឋាន​​នគរបាល​ស្រុកសង្កែ ខេត្តបាត់ដំបង អា​ចជា​ប់ពាក់​ព័ន្ធនឹង​ការ​ធ្វើទារុណកម្ម។

គណៈកម្មាធិការនេះបញ្ជាក់ដូច្នេះថា៖ «ករណីនេះអាចមានការ​ធ្វើទារុណកម្ម​ស្រាលឬធ្ងន់ទៅលើជនសង្ស័យ​ អំឡុងពេលឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាលស្រុកសង្កែ ខណៈពេលដែលជនសង្ស័យ​កំពុងមានអាការឡេះឡះរំខានដល់ម​ន្ត្រី​​នគរ​បាល​​នៅទីនោះ»។

នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោក ជុំ ហឿន ឱ្យវីអូឌីដឹង​កាល​ពីថ្ងៃសុក្រ​ថា ដំណើរ​ការ​ស៊ើបបាន​ដំណើរ​ការ​ហើយ ដោយថា លោកបានកោះហៅអធិការ និង​មន្ត្រីពាក់ព័ន្ធមួយចំនួនរួម​ក្នុងកំណត់ហេតុ និងម្តាយឪពុកក្មេកជនរងគ្រោះ ឱ្យចូលមកនាយកដ្ឋាននេះ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ដើម្បីសួរនាំបន្ថែម។

អ្នកស្រី ពេជ្រ លីណា ដែលត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ និងជាដើមបណ្តឹងផងនោះ បាននិយាយថា គាត់ត្រូវបានមន្ត្រីជូនដំណឹងពីការចាប់ដំណើរការស៊ើបអង្កេតបន្តជុំវិញការស្លាប់របស់ប្អូនគាត់។

អ្នកស្រីថា៖ «ខ្ញុំសូមស្នើទៅដល់នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ សូមឱ្យលោកជួយពន្លឿន​រក​យុត្តិធម៌​ឱ្យ​ប្អូន​ខ្ញុំ ដោយសារ​ប្អូន​ខ្ញុំ​គាត់​ស្លាប់គឺអយុត្តិធម៌ខ្លាំងណាស់ ប្អូនខ្ញុំមិនមែន​ជា​អ្នក​ទោស ត្រឹម​តែ​ជា​ជន​សង្ស័យ ប៉ុន្តែត្រូវសមត្ថកិច្ចស្រុកសង្កែ​យក​ទៅ​សួរ​ចម្លើយ​តែជាង​៣ម៉ោង វាយប្អូន​ខ្ញុំ​រហូតស្លាប់ ស្លាក​ស្នាម​គឺ​វាយ​ប្អូ​នខ្ញុំ​សុសសាច់។ អ៊ីចឹង​ខ្ញុំចង់ឱ្យអ្នកពាក់ព័ន្ធ ត្រូវតែទទួល​ទោស»។

សូមរំឭកជូនថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មន្ត្រីនគរបាលស្រុកសង្កែ ខេត្តបាត់ដំបង បានចាប់ខ្លួនលោក ពេជ្រ ធារ៉េត ក្រោយពីមានតម្រុយថា គាត់ជាអ្នករៀបចំគម្រោងសម្លាប់ប្រពន្ធដោយ​ឆក់​ខ្សែ​ភ្លើង។ ប៉ុន្តែជនសង្ស័យរូបនោះបានស្លាប់នៅថ្ងៃដដែល ក្រោយពីបញ្ជូន​ចេញពីអធិការ​ដ្ឋាន​នគរបាល​ស្រុ​ក​សង្កែយក​ទៅ​សង្គ្រោះនៅមន្ទីរពេទ្យ។

ករណីនេះ ក្រុមគ្រួសារសព គឺអ្នកស្រី ពេជ្រ លីណា បានប្តឹងចោទមន្ត្រីនគរបាលពាក់ព័ន្ធថាបានធ្វើទារុណកម្មប្អូនរបស់ខ្លួនរហូតដល់​ស្លាប់ ដើម្បីស្វែងរកយុត្តិធម៌ ដោយសម្អាងទៅលើស្នាមជាំនៅលើដងខ្លួន និង​មាន​ឈាម​ហូរ​តាម​ត្រចៀកនិងមាត់ ពេលយកសពទៅដល់ផ្ទះ។ ក្រោយមក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៃក្រសួងមហាផ្ទៃ បានចុះស៊ើបករណី​នេះតាមពាក្យបណ្តឹងរបស់អ្នកស្រី ពេជ្រ លីណា។

បើទោះជាការស៊ើបអង្កេតបឋម​បាន​រកឃើញថា​ ការស្លាប់របស់ជនសង្ស័យ​អាចជាប់ពាក់​​ព័ន្ធនឹង​​ការ​ធ្វើ​ទារុណ​កម្មក៏ដោយ ក៏​គណៈ​កម្មាធិការជាតិរបស់រដ្ឋាភិបាលមួយ​​នេះនៅ​មិនទាន់បញ្ជូនករណីដែល​បាន​រកឃើញ​នេះ​ទៅតុលាការ ដើម្បីចាត់វិធានការច្បាប់នៅឡើយ​​ទេ ដោយស្នើទៅអគ្គស្នងការដ្ឋាននគរបាលជាតិបើក​ការស៊ើបអង្កេតបន្ថែម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ