មន្ត្រី​អប់រំ​មួយ​ចំនួន​ថា​ពួក​គាត់​​កាន់​តែ​មមាញឹក​ខ្លាំង​ ក្រោយ​សិស្ស​ចូល​រៀន​នៅ​សាលា​តាម​របត់​ថ្មី​

យុវសិស្សម្នាក់ធ្វើការវាស់កម្ដៅនិងលាងសម្អាតដៃនឹងអាល់កុល មុននឹងធ្វើដំណើរចូលទៅថ្នាក់រៀននៅសាលារៀនមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

មន្ត្រីអប់រំនៅតាមសាលាមួយចំនួនលើកឡើងថា ការបើកដំណើរការរៀននិងបង្រៀននៅតាមសាលាជាថ្មីនេះបានជួយឱ្យសិស្ស​រៀនពេញលេញ​ជាង​រៀនតាមអនឡាញ ខណៈពួកគេ​កាន់តែមមាញឹកខ្លាំងជាងមុន​ ដោយសារ​ត្រូវ​តាម​​ដាន​សកម្មភាពសិស្សស្ទើរគ្រប់ជំហាន មិនថាក្នុងថ្នាក់និងក្រៅថ្នាក់ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩។

ការលើកឡើងនេះក្រោយពេលរដ្ឋាភិបាលប្រកាសឱ្យបើកដំណើរការរៀននិងបង្រៀននៅតាមសាលាឡើងវិញ តាមបណ្តាខេត្ត-រាជធានី ពិសេសតំបន់ដែលគ្មានការឆ្លងកូវីដ-១៩ ឬមានហានិភ័យទាបពីជំងឺនេះ បន្ទាប់ពីសកម្មភាពរៀននៅតាមសាលាត្រូវបានខកខាន​ជាច្រើនខែ ដោយសារវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

នាយករងវិទ្យាល័យជាស៊ីមបឹងកេងកង លោក ម៉ម ស៊ីម៉ាន មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃទី២០ ខែកញ្ញា ថាសាលានេះទើបតែបានចូលរៀននៅថ្ងៃចន្ទនេះទេ ដោយសារទីតាំងសាលាត្រូវបានដាក់ជាមណ្ឌលធ្វើតេស្ត​រក​កូវីដ-១៩ តាំងពីសប្តាហ៍មុន។

យ៉ាងណា សម្រាប់ការចូលរៀនថ្ងៃដំបូងនេះ លោកនិងមន្ត្រីអប់រំបាន​រៀបចំតុសិស្សចម្ងាយ១ម៉ែត្រ​កន្លះពីតុមួយទៅតុមួយទៀត ដើម្បីរក្សាគម្លាតទុកជាមុន។ ហើយចំណែក​ថ្នាក់រៀនវិញ ​គឺបើក​បន្ទប់​មួយរំលងមួយ ទើបបើកបន្ទប់មួយទៀត។ ក្រៅពីនោះ លោកថា សាលា​បាន​ពង្រាយអាល់កុលតាមមុខ​បន្ទប់រៀនដើម្បីរក្សាអនាម័យ និង​តាមដាន​​សកម្មភាព​សិស្ស​ស្ទើរគ្រប់​ជំហានព្រោះបារម្ភពីសុវត្ថិភាព ដែលកត្តានេះធ្វើឱ្យលោកនិងគ្រូបង្រៀនកាន់តែ​មមាញឹក​ជាង​មុន។

លោក ម៉ម ស៊ីម៉ាន បន្តថា៖ «ខ្ញុំបារម្ភ [ពីការឆ្លងកូវីដ-១៩ ក្នុងសាលារៀន] ដែរ គឺពីមួយម៉ោងទៅមួយម៉ោង ខ្ញុំតែងតែដើរមើលសិស្សគ្រប់ថ្នាក់ មើលពីសុវត្ថិភាពសិស្ស តើសិស្សអង្គុយរៀនពាក់ម៉ាសដែរឬទេ! ហើយអង្គុយមានគម្លាតគ្នាដែរឬទេ! គឺតាមដានមើលរហូត។ សូម្បីតែគាត់ដើរពីរបីនាក់ចូលបន្ទប់ទឹក ក៏ខ្ញុំហាមឃាត់ដែរ គឺអាចចូលម្តងបានតែម្នាក់ទេ មកវិញទើបចូលម្នាក់ទៀត។ ព្រឹកព្រលឹមឡើង [ខ្ញុំ] រៀបចំអាល់កុល វាស់កម្តៅ ជាដើម»។

នាយករងវិទ្យាល័យ​ព្រះស៊ីសុវត្ថិ លោក សៅ សុខា មានប្រសាសន៍​នៅថ្ងៃនេះដែរ​ថា សិស្សក្នុងវិទ្យាល័យនេះបានធ្វើតេស្តរកកូវីដ-១៩ កាលពីពេលថ្មីៗនេះ ហើយលទ្ធផលគឺអវិជ្ជមាន​ទាំង​អស់។ បែបនេះក្តី លោកថា តាំងពីមានរបត់ថ្មីនៃការសិក្សាមក លោកនិងគ្រូបង្រៀនផ្សេងទៀតមានការមមាញឹកក្នុងការតាម​ដានសកម្មភាពសិស្ស ដែលធ្វើឱ្យក្រុមគ្រូបង្រៀនទាំងអស់មានភាពហត់នឿយជាងធម្មតា។

លោក សៅ សុខា មានប្រសាសន៍ថា៖ «និយាយតាំងកកើតនៃជំងឺកូវីដ-១៩មក គឺហត់ជាងនៅពេលយើងចូលរៀនធម្មតាទៅទៀត។ ទី១ ត្រូវតាមដានមើលគាត់ជាប្រចាំ ព្រោះយើងអត់អាចនៅអង្គុយប៊ុយរ៉ូបាននោះទេ។ តាមមើលគាត់ជាប្រចាំ ខ្លាចគាត់មានបញ្ហាភ្លាត់ស្នៀតអីមួយ គឺយើងពិបាក។ នៅតែមានការបារម្ភ ហើយយើងតែងតែប្រកាសតាមមេក្រូនៅពេលចេញលេងម្តងៗ ហើយដើរតាមថ្នាក់។ ទី១ ឱ្យគាត់រក្សាគម្លាត ទី២ ឱ្យគាត់ពាក់ម៉ាស ទី៣ ឱ្យលាងសម្អាតដៃ ព្រោះយើងខ្លាចមានបញ្ហាចម្លងជំងឺកូវីដ-១៩ ហើយទី៤ ឱ្យគាត់រក្សាអនាម័យរបស់គាត់រហូតដល់ពេលប្រឡង»។

យុវតី លី​ ធីដា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ឱ្យដឹងថា ក្រោយចូលរៀនវិញ កញ្ញារៀនបានច្រើនមុខវិជ្ជា ជាពិសេសមុខវិជ្ជាវិទ្យាសាស្ត្រពិត សម្រាប់ត្រៀមប្រឡង​មធ្យមសិក្សាទុតិយ​ភូមិនៅឆ្នាំនេះ។ ក្នុងនោះ ធីដា ថាការរៀនដោយផ្ទាល់មានភាពងាយស្រួលក្នុងការសួរមេរៀនផ្សេងទៅកាន់​លោកគ្រូ​-អ្នកគ្រូ។

យុវតី លី ធីដា ថា៖ « [រៀនដោយផ្ទាល់យ៉ាងណាដែរ?] អត់អីផងបង! ព្រោះនៅពេលរៀនអនឡាញ អ្នកគ្រូគាត់បានបង្រៀនច្រើនដែរ។ ហើយនៅពេលចូលវិញ យើងរៀនតពីហ្នឹង អត់អីទេបង! ធម្មតាតើបង! គ្រាន់តែយើងអង្គុយឆ្ងាយពីគ្នា។ ហើយអត់មានអ្វីលក់ដូរដូចពីមុន យើងបានត្រឹមតែទៅទិញទឹកអីជាដើម ត្រូវដាក់បាយពីផ្ទះមកញ៉ាំនៅសាលា។ ហើយនៅពេលចេញលេង នៅក្នុងថ្នាក់ដដែលឬក៏ចេញដើរទៅក្រៅតិចតួចតែប៉ុណ្ណឹង»។

យុវតី តាយ ច័ន្ទម៉ូនីកា សិស្សថ្នាក់ទី៩ នៃវិទ្យាល័យព្រះ​ស៊ី​​សុវត្ថិ ប្រាប់ វីអូឌី ថាពេលបាន​ចូល​រៀនផ្ទាល់ កញ្ញារៀនបានយល់ច្បាស់ ជាពិសេសលើមុខវិជ្ជាវិទ្យាសាស្ត្រ​ពិត។ ម៉ូនីកា បន្តថា ក្តីបារម្ភសម្រាប់នាងនិងឪពុកម្តាយគឺនៅតែមាន ដោយសារបន្ទាប់ពីចូល​សិក្សាផ្ទាល់នៅសាលា​បាន​តែ២​ថ្ងៃ ស្រាប់តែលេចឮ​ថា​​មានការ​ឆ្លង​កូវីដ-១៩នៅសាលាក្បែរសាលារបស់ខ្លួន។

យ៉ាណា យុវតីរូបនេះថា គាត់នៅតែមានសុទិដ្ឋិនិយមចង់រៀនផ្ទាល់ ស្របពេលឃើញថា​លោកគ្រូ​-អ្នកគ្រូ​មាន​ភាពហត់នឿយ និងប្រឹងប្រែងបង្រៀនខ្លួននិងមិត្តភក្តិផ្សេងទៀត។

យុវតី តាយ ច័ន្ទម៉ូនីកា៖ «ពេលគាត់ [គ្រូបង្រៀន] និយាយ គាត់និយាយខ្លាំងជាងមុន ដោយសារពេលបង្រៀនឥលូវត្រូវដាក់កាមេរ៉ានៅកណ្តាល ដើម្បីបង្រៀនអ្នកអនឡាញបន្ថែមទៀត។ ពួកគាត់ហត់ ដោយសារពីមុនគាត់បង្រៀនមួយថ្នាក់ហើយគាត់បានទៅផ្ទះ ប៉ុន្តែបច្ចុប្បន្ននេះ គាត់ត្រូវទៅបង្រៀននៅថ្នាក់ផ្សេងបន្ថែមទៀត»។

អ្នកស្រី ម៉ី ចន្ថា អាជីវករលក់សម្លៀកបំពាក់នៅផ្សារកណ្តាល រាជធានីភ្នំពេញ ដែលត្រូវជាម្តាយរបស់យុវតី តាយ ច័ន្ទម៉ូនីកា បានលើកឡើងថា កូនស្រីរបស់គាត់បង្ហាញ​ក្តីពេញ​ចិត្តចំពោះ​ការទៅរៀនផ្ទាល់។ បែបនេះក្តី អ្នកស្រីនិងស្វាមីនៅតែមានក្តីកង្វល់ ដោយ​ចង់​ឱ្យកូន​​រៀនតាម​អនឡាញវិញ ព្រោះបានឮថាមានការឆ្លងជំងឺកូវីដ-១៩នៅ​ក្នុង​សាលារៀន​ក្បែរៗសាលារៀនរបស់កូន។

អ្នកស្រី ម៉ី ចន្ថា៖ «គ្រាន់តែចូលរៀនបាន២ថ្ងៃ មានព័ត៌មានថា គ្រូៗក៏មានកើត [វិជ្ជមានកូវីដ-១៩] ដល់ថ្នាក់សិស្សសាលាមួយចំនួនក៏មានកើត។ ហើយបិទសាលាវត្តភ្នំផង បិទសាលាវត្តកោះផង។ ហើយវានៅកៀកនឹងសាលាស៊ីសុវត្ថិពេក បងចេះតែខ្លាច។ ប៉ាវានិយាយថា បើចេះតែមានការកើតឡើងបែបនេះទៀត ចង់ឱ្យកូនរៀនតាមអនឡាញវិញ។ សាលាស៊ីសុវត្ថិនៅហ្នឹង សាលាវត្តកោះក៏មិននៅឆ្ងាយពីគ្នាប៉ុន្មានដែរ បងខ្លាចសិស្សនិងសិស្ស គ្រូនិងគ្រូ ពួកគាត់មានសម្ព័ន្ធភាព [ប្រាស្រ័យទាក់ទងគ្នា] ជាមួយគ្នា ដែលធ្វើឱ្យបារម្ភ […]»។

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មាន​ហេង មានប្រសាសន៍​​នៅ​ថ្ងៃទី២០ កញ្ញានេះថា​ ករណី​សិស្ស​ឆ្លង​ជំងឺ​កូ​វីដ-​១៩កាលពីសប្តាហ៍មុន​នេះ​ មិនមែន​ទើប​ឆ្លង​ពេល​ចូលរៀន​នេះ​ទេ​ ពោល​គឺ​ពួកគាត់​បាន​ឆ្លង​មុន​ពេល​បើក​សាលារៀន​ទៅទៀត​។

លោក ងី មានហេង មានប្រសាសន៍ថា៖ «ខ្ញុំចង់បញ្ជាក់ថា ករណីចូលរៀនបាន២ថ្ងៃមានករណីបិទសាលាមួយចំនួននោះ គឺមិនមែនឆ្លងដោយសារការចូលរៀនឡើងវិញនោះទេ គឺពួកគាត់បានឆ្លងនៅក្នុងសហគមន៍មុនពេលពួកគាត់ចូលរៀន»។

លោក ងី មានហេង បន្ថែមថា ការអនុវត្តវិធានការសុខាភិបាល គឺជារឿងចាំបាច់សម្រាប់ទាំងមន្ត្រីអប់រំនិងសិស្សត្រូវតែអនុវត្តដាច់ខាត មិនមែនទាល់តែប្រើពាក្យថា «លើកទឹកចិត្តឱ្យធ្វើ» នោះទេ។

លោក ងី មានហេង បន្ថែមថា៖ «ទាំងកូនសិស្ស ទាំងគ្រូបង្រៀនទាំងអស់ ត្រូវតែអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ត្រូវតែ! មិនមែនលោកគ្រូត្រូវលើកទឹកចិត្តនោះទេ ពួកគាត់ត្រូវតែធ្វើនិងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវបំផុត»។

លោក សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​ប្រាប់ វីអូឌី ថាការអនុញ្ញាតឱ្យសិស្សបានចូលរៀនវិញនេះ គឺជាការបង្រៀនពួកគេឱ្យស្គាល់ពីបរិបទ​បន្សាំក្នុង​ស្ថានភាព​កូវីដ-១៩។ លោកថា នេះ​ជា​មេរៀនដ៏ល្អមួយសម្រាប់សិស្ស ហើយជួយឱ្យពួកគេមានបទពិសោធន៍ក្នុងជីវិត ព្រមទាំងបានរៀន​សូត្រពីរបៀបនៃការបត់បែនបែបច្នៃប្រតិដ្ឋ។

លោក សន ជ័យ មានប្រសាសន៍ថា៖ «ខ្ញុំហៅថា ការវិលត្រលប់ទៅវិញរបស់កូនសិស្សនិងគ្រូ ទៅរៀននិងរៀនសូត្រតទល់មុខគ្នាក្នុងមធ្យោបាយរក្សាគម្លាត គឺជាការវិលត្រលប់មួយភ្ជាប់ជាមួយនូវលក្ខខណ្ឌ​បន្សាំនៅក្នុងបរិបទនៃកូវីដ-១៩។ ការបន្សាំនេះ គឺជាមេរៀនដ៏ល្អមួយសម្រាប់កូនសិស្ស ដើម្បីឱ្យ​ពួកគេអាចឆ្លងកាត់ការរៀនសូត្រនៅក្នុងបរិបទថ្មីនេះ»។

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៧ ខែកញ្ញា បញ្ជាក់ថា មន្ត្រីជំនាញរកឃើញថា មានករណីវិជ្ជមានជំងឺកូវីដ-១៩ ទៅលើសិស្សមួយចំនួននៅវិទ្យាល័យចំនួន៥ រួមមាន វិទ្យាល័យពញាពន់ វិទ្យាល័យបឹងប្រិយ៍ វិទ្យាល័យបឹងធំ វិទ្យាល័យវត្តភ្នំ និងវិទ្យាល័យវត្តកោះ។ ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ទៅលើសិស្សនេះ ក្រសួង​បានស្នើឱ្យផ្អាកដំណើរការថ្នាក់រៀននៅសាលារៀនទាំង៥នោះជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ និងយកអ្នកពាក់ព័ន្ធផ្ទាល់ទៅធ្វើចត្តាឡីស័កផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការសាលារដ្ឋនិងឯកជនកម្រិតចាប់ពីថ្នាក់ទី៧រហូតដល់ថ្នាក់ទី១២ ចំនួន១៤២សាលា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងនោះមានសាលារដ្ឋចំនួន៦៨ទីតាំង និងសាលាឯកជនមាន១៥៩ទីតាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ