តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​លោក​បណ្ឌិត​ សេង សារី

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ថ្លែង​ក្នុង​វេ​ទិ​ការ​សិទ្ធិមនុស្ស ក្នុង​ថ្ងៃខួប​ទី៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារនេះ បានចេញដីកាបញ្ឈប់ការតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវនិងឃ្លាំមើលការអភិវឌ្ឍសង្គម បន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

យោងតាមដីកាបញ្ឈប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្គាប់មកកងកម្លាំងមានសមត្ថកិច្ច​បញ្ឈប់ការចាប់ខ្លួនលោកបណ្ឌិត សេង សារី។

សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោកបណ្ឌិត សេង សារី ពីបទ «រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ការចេញដីកាបញ្ឈប់ការចាប់ខ្លួនលោកបណ្ឌិត សេង សារី នេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់​តុលាការ​ កាលពីថ្ងៃទី២០ ខែកញ្ញា ឱ្យ​ពិចារណា​​​ទម្លាក់​ចោលការចោទប្រកាន់​ទៅលើអ្នកស្រាវជ្រាវសង្គមនិងវិភាគនយោបាយ លោកបណ្ឌិត សេង សារី ដោយ​ថា ការ​អត្ថាធិប្បាយ​បែប​​វិភាគ​របស់​បណ្ឌិត​រូបនេះជាការវិភាគ​បែបសេណារីយ៉ូ មិនមែនគាំទ្រគំនិត​បង្កើតរដ្ឋាភិបាល​បង្រួប​​បង្រួម​ជាតិដែលផ្តួចផ្តើមដោយអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី នោះទេ។

លោកបណ្ឌិត សេង សារី បច្ចុប្បន្នត្រូវបានគេដឹងថា កំពុងស្ថិតនៅក្នុងប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ