ណាហ្គាវើលដ៍​សង្ស័យ​បើក​ទ្វារ​​ឡើង​វិញ​ ខណៈ​បម្រាម​​ក្រុង​បន្ត​​២​សប្តាហ៍​ទៀត​

ពលរដ្ឋម្នាក់ធ្វើដំណើរតាមដងផ្លូវនៅពីមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍នៅក្រុងភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អាគារកាស៊ីណូណាហ្គាវើលដ៍ទាំង២សាខា ត្រូវបានរាយការណ៍ថា បានបើកដំណើរការឡើងវិញជាងមួយ​ស​​​​ប្តាហ៍មកហើយ ខណៈ​រដ្ឋបាល​រាជធានីភ្នំពេញទើបចេញសេចក្តីសម្រេចនៅថ្ងៃពុធម្សិល​មិញ ឱ្យ​បន្ត​ផ្អាក​អាជីវកម្មប្រភេទ​នេះ​រ​យៈពេ​​ល២សប្តាហ៍បន្ថែម​។

ក្នុងសេចក្តីប្រកាសចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាល​រាជធានីភ្នំពេញសម្រេចបន្តផ្អាកជា​បណ្តោះអាសន្ននូវសកម្មភាពកា​រងារ មុខរបរ និងអា​ជីវកម្ម ដែលងាយប្រឈមហានិភ័យឆ្លងរាលដាលជំងឺកូវីដ-១៩ រាប់ទាំងអាជីវកម្មកាស៊ីណូ រហូតដល់ថ្ងៃទី៧ ​ខែតុ​លា​ ​ឆ្នាំ២០២១។

ណាហ្គាវើលដ៍ទាំង២សាខា ស្ថិតនៅខណ្ឌចំការមន​ ត្រូវបានបិទទ្វារជាបណ្តោះអាសន្ននៅខែមីនា ឆ្នាំ២០២១ ដើម្បី​ចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បើតាមរបាយការ​ណ៍របស់ក្រ​សួងសុខាភិបាល តួលេខករណីឆ្លងសរុបបានកើនដល់ជាង១សែន​៦ពាន់​នាក់ និងស្លាប់ជាង២ ០០០នាក់។

ពាក់ព័ន្ធបញ្ហានេះ ក្រុមហ៊ុនណាហ្គាវើលដ៍ បានសម្រេច​រំសាយ​បុគ្គលិក​ទ្រង់ទ្រាយធំជាង១ ០០០ នាក់ រួមមានទាំងថ្នាក់ដឹកនាំស​ហជីព និងប្រតិភូបុគ្គលិក ដែលនាំឱ្យមានការប្តឹងជំទាស់ពីថ្នាក់ដឹកនាំសហជីពទៅក្រសួងការងារ និងរហូតដល់ក្រុមប្រឹក្សាអា​ជ្ញាកណ្តាល។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីប្រធានប្រតិបត្តិបុគ្គលិកនៃក្រុមហ៊ុន ណាហ្គាវើលដ៍ លោក Mike Ngai បានទេ នៅថ្ងៃ​ព្រហស្បតិ៍នេះ។

យ៉ាងណា បុគ្គលិករង់ចាំឆ្លើយតបសំណួររបស់ក្រុមហ៊ុនតាមទូរសព្ទមួយរូប បានប្រាប់ VOD នៅថ្ងៃពុធ ទី២២ ខែកញ្ញា​ ថាកាស៊ីណូណាហ្គាវើលដ៍បានបើកដំណើរការឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ប៉ុន្តែលោកបដិសេធឆ្លើយតបនឹងសំណួរប​ន្ថែ​ម ដោយរុញឱ្យទៅសួរផ្នែកទីផ្សារ។

បុគ្គលិកទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុនណាហ្គាវើលដ៍ លោក ចាន់ ប្រុស បានប្រាប់ ​វីអូឌី​ ថាក្រុមហ៊ុនបានធ្វើ​តេស្តរហ័ស​លើ​បុគ្គលិកទូទៅ ដើម្បីប៉ា​ន់ប្រមាណមើលករណីវិជ្ជមានកូវីដ-១៩ ក្នុងចំណោមពួកគេ​ ដោយបានធ្វើក្នុងទ្រង់ទ្រាយតូច​ប្រមាណ​១​០​០នាក់​ក្នុងមួយថ្ងៃ។ 

ប្រភពដដែលបន្ថែមដោយមិនបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ឬមូលហេតុនៃការធ្វើតេស្តថា ថ្មីៗនេះក្រុមហ៊ុន​បានបង្កើនការធ្វើតេស្តក្នុងទ្រង់ទ្រាយធំ៥០​០នាក់​ក្នុងមួយថ្ងៃ ហើយ​បុគ្គលិកម្នាក់ៗ​ត្រូវ​ធ្វើតេស្ត​ជា​ប្រចាំ​ក្នុង​មួយ​សប្តាហ៍​ម្តង។

លោកបន្តថា អ្នក​ដែល​រកឃើញវិជ្ជមានកូវីដ-១៩​មួយចំនួន ត្រូវបញ្ជូនទៅមណ្ឌលថែទាំ​នៅ​កោះ​ពេជ្រ និង​មួយចំនួនដែលរកឃើញអវិជ្ជមានត្រូវនៅសម្រាកនៅក្នុងអាគារ។

លោក ចាន់ ប្រុស បន្ថែមថា​៖ «មុនៗយើងយករាល់ថ្ងៃដែរ ប៉ុន្តែមុនៗយើងទ្រង់ទ្រាយតូច តែ១០០ [ឬ] ២០០នាក់ ទៅ៣០០នាក់ ដល់ឥលូវ យើងយកដល់៥០០នាក់ យកសំណាកហ្នឹង។ ពួកគាត់ឡើងមក យើងចេះតែអញ្ជើញគាត់មក ដល់ពេលអ៊ីចឹង ឥលូវវិលជុំហើយ។ វិលជុំអ៊ីចឹង គឺយើង១ថ្ងៃប្រហែលជា៥០០​នាក់​អី យើងយកសំណាក»

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឱ្យដឹង​ថា ក្រុមហ៊ុនណាហ្គាវើលដ៍ ពិតជាបានបើកទ្វារឡើងវិញមែន ដោយចាប់បើកទទួលភ្ញៀវចូល​នៅថ្ងៃទី១៤ ខែកញ្ញា បន្ទាប់ពីបើកឱ្យបុគ្គលិកចូលធ្វើការវិញនៅមួយថ្ងៃមុន។

ថ្នាក់ដឹកនាំសហជីពដែលមានឈ្មោះក្នុងបញ្ជីជម្រុះបុគ្គលិក​ជាង១ ០០០​​នាក់​រូបនេះ បន្ថែមថា ការបើក​ឡើងវិញ​នេះ ក្រុមហ៊ុនអនុវត្តវិធានការតេស្តរហ័សវិលជុំ​សម្រាប់​បុគ្គលិកមួយសប្តាហ៍ម្តង និងសម្រាប់ភ្ញៀវមុនពេលអនុញ្ញាត​ឱ្យចូលមួយសប្តាហ៍មួយលើក។

ប្រភពដដែលបន្ថែម​ថា ការបើកឡើងវិញនេះ គឺល្អសម្រាប់បុគ្គលិកកម្មករដែលបានបាត់បង់ការងារចាប់ពីប្រតិបត្តិការរបស់ក្រុ​មហ៊ុនបានផ្អាកតាំងពីខែមីនា។ យ៉ាងណា កញ្ញានៅ​បារម្ភបញ្ហា​សុវត្ថិភាព​ពីជំងឺ​រា​តត្បាតកូវីដ-១៩ និងសិទ្ធិការងារផ្សេងៗទៀត​របស់បុគ្គលិកកម្មករ នៅពេលបញ្ហាបញ្ឈប់​ថ្នាក់ដឹកនាំ​សហជីពនិងប្រតិភូតំណាងបុគ្គលិកពីការងារមិនទាន់ត្រូវបានដោះស្រាយ។

កញ្ញា ឈឹម ស៊ីថរ និយាយថា៖ «នៅពេលដែលការតវ៉ាបញ្ហាហ្នឹងមិនទាន់ត្រូវបានបញ្ចប់ ជាពិសេសតំណាងកម្មករ និយោជិត មានថ្នាក់ដឹកនាំសហជីពទាំងអស់ អត់ទាន់បានចូលធ្វើការវិញ អ៊ីចឹងនៅពេលបើកដំណើរការ អ៊ីចឹងកម្មករគាត់អត់មានតំណាងរបស់គាត់នៅក្នុងការទៅជជែកជាមួយក្រុមហ៊ុន ពាក់ព័ន្ធជាមួយនឹងបញ្ហាសុវត្ថិភាព បញ្ហាការរៀបចំវេនធ្វើការ បញ្ហាផ្សេងៗទៀត។ ហើយអនាគតទៅ ពាក់ព័ន្ធជាមួយរឿងអត្ថប្រយោជន៍អីផ្សេងៗរបស់កម្មករនិយោជិតហ្នឹង ក៏មិនមាននរណាម្នាក់នៅក្នុងការទៅជជែក​ឱ្យបាន គេហៅថា Check and balance ឬក៏ស្មើគ្នាជាមួយខាងនិយោជកទេ គឺវាជាការចាត់ចែងទាំងស្រុង​របស់​និយោជក​តែម្តង»

ទាក់ទងនឹងការបើកឡើងវិញនេះ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ នៅ​មិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ។ លោកបានថ្លែង​ថា ការបើកទ្វាររបស់អាគារកាស៊ីណូនេះ អាចជាការបើកសម្រាប់​សេវាកម្មភោជនីយដ្ឋាន ឬទទួលបុគ្គលិកឱ្យចូលធ្វើចត្តាឡីស័ក ដែលមិនមែ​នជាការល្មើសនឹងបម្រាមនោះទេ។ យ៉ាងណា លោកថា សាលារាជធានីនឹងចុះស្រាវជ្រាវលើព័ត៌មាននេះ។

លោក កើត ឆែ មានប្រសាសន៍ថា៖ «ចុះគេបើកទ្វារ ជួនកាលគេបើកទ្វារទទួលបុគ្គលិកគេធ្វើចត្តាឡីស័កអីទៅ […] ជួនកាលគេបើក Restaurant [ភោជនីយដ្ឋាន] មានអីខុស មិនអ៊ីចឹង? យើងឱ្យបើក Restaurant ទេតើ! មិនអ៊ីចឹង? ឥលូវចាំខ្ញុំស្រាវជ្រាវសិន ថាគេបើកអីសិន»

ក្រុមហ៊ុន NagaCorp បានចេញរបាយការណ៍បណ្តោះអាសន្នស្តីពីប្រាក់ចំណូលក្នុងរយៈពេល៦ខែដើមឆ្នាំ​២០២១ នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ របស់អាជីវកម្មក្រុមហ៊ុនសាខាណាហ្គាវើលដ៍។ តាមរបាយការណ៍កម្រាស់៥៦ទំព័រនោះ ណាហ្គាវើលដ៍ រកចំណូលបានជាង១៣០លានដុល្លារ នៅពាក់កណ្តាលដើមឆ្នាំ២០២១ ដោយធ្លាក់ចុះជិត៣០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានជាង៣៧៧លានដុល្លារ ខណៈប្រាក់ចំណេញដុលទទួលបានជាង៧៤លានុដល្លារ ធ្លាក់ចុះជាង២៣០ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ