សហភាព​ការងារ​កម្ពុជា​ ស្នើ​រដ្ឋ​មន្ត្រី​​ដោះស្រាយ​​បញ្ចប់​​វិវាទ​​ការងារ​​នៅ​​ព្រលាន​​យន្ត​ហោះ​​ខេត្ត​​សៀមរាប​

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល VINCI បន្តទាមទារ​ឱ្យក្រុមហ៊ុនផ្តល់ការ​ងារ​ឡើងវិញ រួ​មទាំងគោលការណ៍មួយចំនួនទៀតដូចមានកំណត់​នៅក្នុងច្បាប់ស្តីពីការងារ ក្រោយពីត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារដោយហេតុផលមិនសមរម្យ។ (បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល VINCI)

សហភាពការងារកម្ពុជា ស្នើ​សុំកិច្ច​អន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​​បណ្ដាល​វិជ្ជាជីវៈ ជួយដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារនៅ​ក្រុមហ៊ុនអាកាសចរណ៍​ស៊ីវិល (VINCI) នៅខេត្តសៀមរាប​ ក្រោយមន្ត្រីចុះ​ផ្សះផ្សាមិនសះជាគ្នា។

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សហភាព​ការងារ​កម្ពុជា បានដាក់លិខិតមួយទៅរដ្ឋមន្ត្រីក្រសួងការ​ងារ​ លោក អ៊ិត សំហេង សុំឱ្យជួយបញ្ជូន​ចំណុចទាមទារទី៥ របស់​សហជីព​ព្រលាន​យន្តហោះទាំង​៣ ក្នុងខេត្ត​សៀមរាប ទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយបន្ត។

ក្នុងលិខិតនេះ សហភាពការងារកម្ពុជា លើកឡើង​ថា កាលពីថ្ងៃទី​១២ ខែ​កក្ក​ដា ឆ្នាំ២០២១ សហជីព​ទាំង៣​ប្រចាំ​នៅ​ព្រលាន​យន្ត​ហោះ​​ក្នុ​ង​ខេត្តសៀម​រាប បាន​ដាក់​បណ្តឹង​អំពីវិវាទរួម​មួយទៅនាយកដ្ឋានដោះស្រាយ​វិវាទ​ការ​ងារ ដើម្បី​សុំ​ជួយ​ផ្សះផ្សា​ការទាមទារ​ចំនួន​៥ចំណុច​ជា​មួយភាគី​ក្រុម​ហ៊ុន។

សហ​ភាព​ការងារ​ ឱ្យដឹង​ទៀត​ថា នៅថ្ងៃទី៩ ​ខែ​កញ្ញា​នេះ មន្ត្រីទទួល​បន្ទុក​ផ្សះ​ផ្សាវិវាទ បាន​សម្រប​សម្រួលផ្សះ​ផ្សារវាងសហជីពនិងភាគីក្រុមហ៊ុន​លើការទាមទារទាំង៥ចំណុចនោះ ប៉ុន្តែសះជាបានតែ៤ចំណុចប៉ុណ្ណោះ ខណៈចំណុចទី៥ ដែលសហជីពទាមទារឱ្យក្រុមហ៊ុនសងប្រាក់ឈ្នួល ប្រាប់ឧបត្ថម្ភ​ខែ​ទី​១៣ និងប្រាក់​បន្ទាប់​បន្សំ​ផ្សេងៗដែលថាក្រុមហ៊ុនបានកាត់ដោយខុសច្បាប់ គឺមិនសះជាគ្នាឡើយ ដោយ​លើក​ហេតុ​​ផល​​ថា បាន​ដោះស្រាយនៅក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល​រួច​ហើយ​។

លិខិតដដែលនេះបានលើកឡើងថា ការបដិសេធមិនបញ្ជូនចំណុចទាមទារទី៥ ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល​ដោះស្រាយ​បន្ត​នេះ បានចោទជាបញ្ហាដ៏ធំពាក់ព័ន្ធនឹងការអនុវត្តតួនាទីរបស់មន្ត្រីទទួលបន្ទុកផ្សះ​ផ្សា​វិវាទ។

ពាក់​ព័ន្ធករណីនេះ សហភាពការងារកម្ពុជា បានស្នើដល់រដ្ឋមន្ត្រីក្រសួងការងារ ជួយអន្តរាគមន៍​ដោយ​ធ្វើយ៉ាង​ណាបញ្ជូន​ចំណុច​ទាម​ទារ​ទី៥​ដែលមិន​សះ​ជា​គ្នា​នេះ​ ទៅដោះស្រាយតាមនីតិវិធីនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលបន្ត។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍បន្ថែមលើលិខិតនេះ​ថា មូលហេតុដែលសហភាពការងារ​កម្ពុជាទាមទារឱ្យបញ្ជូនសំណុំរឿងវិវាទការងារនៅព្រលានយន្តហោះខេត្តសៀមរាប ទៅដោះស្រាយបន្តនៅក្រុមប្រឹក្សាអាជ្ញា​កណ្ដាល ដោយ​សារ​តែ​ការដោះស្រាយរបស់មន្ត្រីក្រសួងការងារនាពេលកន្លង​​មក​ ភាគី​ក្រុមហ៊ុន​មិន​យល់​ព្រម ហើយ​​​ក្រសួងការងារព្យាយាមទុកសំណុំរឿងនេះចោល មិនបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ដោះ​ស្រាយ​បន្ត។

មេសហជីពរូបនេះបន្តថា ប្រសិន​បើ​សំណុំរឿង​នេះបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយបន្ត​នោះ​ កម្មករ​មាន​ឱកាស​ឈ្នះ​ច្រើន។

លោកបន្ថែមថា៖ «ក្រសួងការងារ គួរតែយកចិត្តទុកដាក់ដោះស្រាយឱ្យមានប្រសិទ្ធភាពបន្តិច ពីព្រោះមួយរយៈនេះ ​ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិករហូត។ កិច្ចព្រមព្រៀងមាន ក្រុមហ៊ុនមិនអនុវត្ត ហើយបុគ្គលិកបានខាតប្រយោជន៍ជាហូរហែ។ ពេលដែលដោះស្រាយទៅ នៅតែមិនមានប្រសិទ្ធភាពអីសោះ ហើយ​ក្រសួងដូច​ជាមិនមានឥទ្ធិពលអីជំរុញ​ឱ្យក្រុមហ៊ុនអនុវត្តសោះ»

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បាន​បញ្ជាក់តាម​តេឡេក្រាម​ថា ក្រសួង​ការងារមានតួនាទីផ្សះផ្សា តែ​​ប្រសិនបើការ​ផ្សះផ្សានោះ​មិនត្រូវគ្នា​ទេ ខាង​ក្រសួង​នឹង​បញ្ជូន​សំណុំរឿង​នោះទៅ​ដោះស្រាយបន្ត​នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលទៀត។

លោកបន្ថែមថា៖ «យើងបានបំពេញតួនាទីនេះយ៉ាងខ្ជាប់ខ្ជូន ត្រង់ថាភាគីណាមួយទទួល​ឬអត់ វាគឺជាការសម្រេចចិត្តរបស់ភាគីនោះ»

វីអូឌី មិនអាចស្វែងរកការឆ្លើយតបពីតំណាងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល VINCI បានទេ នៅថ្ងៃសុក្រនេះ។

ប៉ុន្តែនាយកប្រតិបត្តិទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល វីនស៊ី (VINCI) លោក ខែក នរីនដា ប្រាប់ វីអូឌី តាមសារអ៊ីម៉ែលកាលពីខែកក្កដា ឆ្នាំ២០២១ ថាក្រុមហ៊ុនសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនច្រើនបែប​នេះ​ ដោយសារវិបត្តិកូវីដ-១៩ និង​ការធ្លាក់​​ចុះ​​​នៃ​​ចំនួន​​ភ្ញៀវ​​​ទេសចរផង។ លោកបន្តថា ចំនួន​អ្នកដំណើរ​នៅ​អាកាស​យានដ្ឋាននេះបានធ្លាក់ចុះ៨៤​ភាគ​​រយ​ក្នុងឆ្នាំ២០២០ ហើយ​ក្រុមហ៊ុនបារម្ភថា នៅឆ្នាំ២០២១ ចំនួនភ្ញៀវនឹង​បន្តធ្លាក់​ចុះ​បន្ថែម​ទៀត។

លោកបន្តថា ស្ថានការណ៍នេះកាន់តែអាក្រក់ទៅៗ ដោយគិតក្នុងរយៈពេល៦ខែដំបូងក្នុងឆ្នាំ២០​២១ ក្នុងនោះ​ ការធ្វើដំណើររបស់​​ភ្ញៀវទេសចរ​បាន​បន្ត​​ធ្លាក់​ចុះ ៩៩,៩% ហើយភាព​មិនប្រាក​ដប្រជាអាចនឹងមានជាច្រើនទៀតនៅពេលខាងមុខ។

គួរ​រម្លឹកថា កាលពីខែធ្នូ ឆ្នាំ២០២០ បុគ្គលិក១៦១នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល VINCI នៅខេត្តសៀមរាប ដែលភាគច្រើន​មានអតីតភាពការងារយូរឆ្នាំ ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ដែលបុគ្គលិក​ទាំង​នោះអះអាងថា ការបញ្ឈប់នេះគឺក្រុមហ៊ុនមិនបាន​ផ្តល់​សំណងឬ​អត្ថប្រយោជន៍​ផ្សេងដល់​ពួកគេ​ទៅតាម​នីតិវិធី​ច្បាប់​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ