រដ្ឋា​ភិបាល​ថៃ​ដាក់​ចេញ​ផែនការ​បន្ទាន់​ដើម្បី​កាត់​បន្ថយ​គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដឹកនាំមន្ត្រីពាក់ព័ន្ធចុះមើលគម្រោងរៀបចំប្រព័ន្ធទប់ស្កា់តនិងការពារពីទឹកជំនន់។ (A24 News)

បន្ទាប់​ពីគ្រោះទឹកជំនន់បានវាយលុកទីក្រុងបាងកក ប្រទេសថៃ ដែលបណ្ដាលឱ្យកម្ពស់ទឹកឡើងដល់មួយម៉ែត្រ បន្ទាប់ពីមានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនម៉ោង នាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្ត្រីក្រសួង​ការពារជាតិថៃ លោក ​ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យមានការដាក់ពង្រាយម៉ាស៊ីនបូមទឹក ដើម្បីរំដោះទឹកចេញពីប្រឡាយនានានៅក្នុងទីក្រុង ក៏ដូចជា​ការប្រមូលយកកាកសំណល់និងស្មៅចេញ ដើម្បីធ្វើឱ្យប្រឡាយបង្ហូរទឹកមានភាពប្រសើរឡើងវិញផងដែរ។

ជាមួយគ្នានេះដែរ អគ្គលេខាធិការរងនៃនាយកដ្ឋានទឹក និងធារាសាស្ត្រ លោក Thaweesak Thanadechopon បានឱ្យដឹង​ថា ទឹកកម្ពស់៦៨ម៉ែត្រគូប ត្រូវបានបង្ហូរទៅកាន់ទន្លេ​ចៅប្រាយ៉ា និងឈូងសមុទ្រថៃ ខណៈដែលម៉ាស៊ីនបូមទឹកត្រូវបានដំឡើងបន្ថែមទៀតនៅតាមតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ ហើយមជ្ឈមណ្ឌលដោះស្រាយបញ្ហាទឹកជំនន់ក្នុងរាជធានីក៏ដំណើរការ២៤ម៉ោង​ក្នុងមួយថ្ងៃផងដែរ ដើម្បីធានាឱ្យបាននូវការឆ្លើយតបទាន់ពេលវេលា ក្នុងករណី​មាន​ទឹក​ជំនន់កើត​ឡើង​បន្ថែម​ទៀត។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន A24 News នាយករដ្ឋមន្រ្តី​ លោក ​ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា៖ «ទឹកដែលមានចំនួនច្រើនលើសលុបនៅភាគខាងជើង ត្រូវតែបង្វែរភ្លាមៗទៅកាន់តំបន់ខាងកើតនិងខាងលិច ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យមានការរាំងស្ទះនៅក្នុងតំបន់កណ្ដាល»។

ទាក់ទិននឹងករណីនេះ អភិបាលក្រុងបាងកក លោក Aswin Kwanmuang​ បានលើកឡើងថា៖ «បច្ចុប្បន្ន យើងកំពុងតែធ្វើទំនើបកម្មប្រព័ន្ធបង្វែរទឹក ដើម្បីឱ្យទឹកជាច្រើនគីឡូម៉ែត្រការ៉េអាចត្រូវបានបង្វែរលឿនជាងមុន»។

លោកបន្តថា៖ «ទឹកទាំងអស់ពីតំបន់ឆ្នេរខាងកើត ត្រូវបានបូមចេញមកកាន់ទន្លេ​ចៅប្រាយ៉ា និងឈូងសមុទ្រថៃ។ យើងបានបង្វែរទឹក៦៨ម៉ែត្រគូប។ ទ្វារទឹកនេះត្រូវបានសាងសង់ឡើង ដើម្បីការពារទឹកជំនន់នៅក្នុងទីក្រុងបាងកក»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ