តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​​សកម្មជន​ខ្មែរ​ថាវរៈ​និង​សកម្មជន​សិទ្ធិ​មនុស្ស

ក្រុម​យុវជន​ខ្មែរ​ថាវរៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ចំនួន៣នាក់​ក្នុងចំណោម៧នាក់ ដើរចេញ​ពី​បន្ទប់​សវនាការ​ក្រោយ​បញ្ចប់​សវនាការ​សំណុំរឿង​ទាក់ទង​នឹង​ការ​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន នៅ​សវនាការ​សាលាឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ (ណាត សុភាព​)

សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមលើ​ក្រុមយុវជនខ្មែរថាវរៈ និងសមាគម​សម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ក្រោមបទចោទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»

ក្នុងសវនាការកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិ​ត​ សុទ្ធីបូរ៉ា​​ឆាត បានប្រកាសថា នឹងប្រកាសសាលក្រមក្រុមយុវជនខ្មែរថាវរៈនិងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន៧នាក់ នៅថ្ងៃទី២៨ ខែកញ្ញានេះ។ 

ប៉ុន្តែមេធាវីការពារក្ដីឱ្យសកម្មជនទាំង៧នាក់ លោក សំ ចំរើន ប្រាប់ វីអូឌី​ កាលពីម្សិលមិញថា  តុលាការបានលើកពេល​ប្រកាសសាលក្រមទៅថ្ងៃក្រោយ​វិញ ប៉ុន្តែមិនបានបញ្ជាក់​ពី​កាល​បរិច្ឆេទនៃ​ការ​ប្រកាស​សាល​ក្រមជាថ្មីនៅពេលណា​និង​​​មូលហេតុនៃការលើកពេលនេះទេ។

លោកថា៖ «តុលាការបានប្រាប់ខ្ញុំប្រហែលម៉ោង១០ព្រឹក ថាលើកពេលប្រកាសសាលក្រម តែគេមិនបានប្រាប់ពីមូលហេតុទេ»។

សមត្ថកិច្ចបានចាប់ខ្លួនក្រុមយុវជនខ្មែរថាវរៈ​ រួមមាន លោក ថា ឡា​វី, កញ្ញា អេង ម៉ាឡៃ ហៅ សូរ មេត្តា, លោក កើត សារ៉ាយ, កញ្ញា ឈឿន ដារ៉ា​វី និងលោក ហ៊ុន វណ្ណៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ រួមមាន លោក មាន ព្រហ្មមុនី និងលោក មួង សុភ័ក្រ្ត កាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០។

ក្រោយសមត្ថកិច្ច​ចាប់ខ្លួន ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ហើយគិតមកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ពួកគេបានជាប់ពន្ធនាគាររយៈពេលជាង១ឆ្នាំហើយ។

ការចោទប្រកាន់របស់​តុលាការធ្វើឡើងបន្ទាប់ពីពួកគេបានចូលរួមតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីពលេចធ្លោមួយរូប និងរៀបចំការជួបជុំដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ​អំឡុងខែសីហា និងកញ្ញា ឆ្នាំ២០២០​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ