ស្រីលង្កា​ចាប់​ផ្ដើម​ផលិត​ក្ដារ​មឈូស​ដែល​មាន​តម្លៃ​​ទាប​សម្រាប់​ដាក់​អ្នក​ស្លាប់​ដោយសារ​​​វីរុស​​កូវីដ-១៩

ក្ដារមឈូសដែលផលិតពីក្រដាសកាតុង សម្រាប់ដាក់អ្នកជំងឺដែលស្លាប់ដោយវីរុសកូវីដ-១៩ នៅប្រទេសស្រីលង្កា។ (A24 News)

ប្រជាពលរដ្ឋស្រីលង្កា បច្ចុប្បន្នកំពុងតែរងផលប៉ះពាល់ដែលបង្កដោយការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃសេដ្ឋកិច្ច និងស្ថានភាពនៃការបិទខ្ទប់ដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ខណៈដែលការឆ្លងថ្មីជាង៤ ០០០ករណី និងអ្នកស្លាប់ជាង២០០នាក់ ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃនៅក្នុងប្រទេស។

ជាការជួយសម្រួលបន្ទុកផ្នែកហិរញ្ញវត្ថុដែលប្រជាពលរដ្ឋជួបប្រទះនៅពេលដែលមានសាច់ញាតិស្លាប់បាត់បង់ជីវិតដោយសារជំងឺរាតត្បាត ជាមួយនឹងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន​ដែល​​បណ្តាលមកពីការកាប់ដើមឈើដើម្បីផលិតជាក្ដារមឈូស ក្រុមប្រឹក្សានៃទីក្រុង Dehiwala-Mount Lavinia បានណែនាំក្ដារមឈូសដែលមានតម្លៃទាបនិងមិនប៉ះពាល់ដល់បរិស្ថាន ធ្វើពីក្រដាស​កាតុងដែលបានមកពីការកែច្នៃឡើងវិញនៃកាកសំណល់ក្រដាស។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន A24 News សមាជិកក្រុមប្រឹក្សាទីក្រុង Dehiwala-Mount Lavinia លោក Priyantha sahabandu ថ្លែងថា៖ «គំនិតនៃការណែនាំឱ្យមានការប្រើប្រាស់ក្ដារមឈូសដែលមិនប៉ះពាល់ដល់បរិស្ថាននេះ គឺមានតាំងពីយូរយារណាស់មកហើយ ខណៈដែលវាមានតម្លៃទាបបំផុត ហើយអាចជួយសន្សំថវិការបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះផងដែរ យើងក៏មិនចាំបាច់កាប់ដើមឈើតទៅទៀត ដូច្នេះបរិស្ថានក៏ត្រូវបានការពារផងដែរ»។

លោកបន្តថា៖ «ក្នុងរយៈពេលចុងក្រោយនេះ ក្ដារមឈូសធម្មតាត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់»។

អ្នកត្រួតពិនិត្យគុណភាពមួយរូប លោក Isuru perera បានឱ្យដឹងថា៖ «បញ្ហាដែលចោទសម្រាប់មនុស្សគ្រប់រូប ថាតើក្រដាសកាតុងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើជាក្ដារមឈូសបានឬយ៉ាងណា! ទាក់ទិននឹងករណីនេះ យើងប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិត ដើម្បីភាពរឹងមាំនៃក្ដារមឈូស។ ប្រអប់ដែលប្រើសម្រាប់ក្ដារមឈូសទាំងនេះត្រូវបានផលិតចេញពីវត្ថុធាតុដើមដែលកែច្នៃឡើងវិញ។ ប្រអប់ទាំងនេះអាចរលាយក្នុងរយៈពេលដ៏ខ្លី និងកាត់បន្ថយការបំពុលបរិស្ថាន»។

សាច់ញាតិរបស់អ្នកជំងឺដែលស្លាប់ដោយសារវីរុសកូវី-១៩ម្នាក់ លោក Athula បានលើកឡើងផងដែរថា៖ «សព្វថ្ងៃនេះ មានមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ដោយសារវីរុសកូវីដ-១៩។ ខ្ញុំគិតថា គំនិតនៃការផលិតក្ដារមឈូសពីក្រដាសកាតុង ដែលដាក់ចេញដោយក្រុមប្រឹក្សាទីក្រុង Dehiwala-Mount Lavinia គឺជារឿងដ៏ល្អមួយ ខណៈដែលវាអាចជួយកាត់បន្ថយការចំណាយបានមួយផ្នែកសម្រាប់ប្រជាជន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ