សង្គម​ស៊ីវិល​បន្ដ​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​ពន្លឿន​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

បុរសជាអ្នកថតរូបបម្រើឱ្យស្ថាប័នសារព័ត៌មានមួយ ថតសកម្មភាពក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនិងអាជីវកររស់នៅនិងធ្វើអាជីវកម្មនៅផ្សារចាស់ ក្រុងភ្នំពេញ ដែលសង្ស័យថាបានពាក់ព័ន្ធនឹងការឆ្លងសហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អង្គការសង្គមស៊ីវិលបន្ដជំរុញឱ្យរដ្ឋាភិបាលពន្លឿនដំណើរការធ្វើច្បាប់ស្ដីពី«សិទ្ធិទទួលព័ត៌មាន» ដើម្បីឱ្យអ្នកសារព័ត៌មាននិងសាធារណជនអាចទទួលបានព័ត៌មានកាន់តែទូលំទូលាយ ខណៈច្បាប់នេះបានអូសបន្លាយជាច្រើនឆ្នាំមកហើយ។

ក្នុងកម្មវិធីវិទ្យុមួយដែលចាក់ផ្សាយលើទូរទស្សន៍អនឡាញ VOD នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមប្រធានបទ «ការលើកកម្ពស់សិទ្ធិពលរដ្ឋក្នុងការទទួលព័ត៌មាន» នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី មានប្រសាសន៍ថា សិទ្ធិទទួលបានព័ត៌មាន គឺជាសិទ្ធិរបស់ពលរដ្ឋក្នុងការទទួលបានព័ត៌មានពីមន្ដ្រីសាធារណៈទាក់ទងនឹងជីវភាពសង្គមនិងនយោបាយរបស់ពួកគេ លើកលែងតែព័ត៌មានណាដែលចាត់ចូលថាជាព័ត៌មានសម្ងាត់ប៉ុណ្ណោះ។

លោកថា ការពន្យារពេលអនុម័តច្បាប់ស្ដីពីរបបសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ការងាររបស់អ្នកសារព័ត៌មានផងដែរ ដោយថា អ្នកនាំពាក្យឬមន្ដ្រីស្ថាប័នរដ្ឋខ្លះបានបដិសេធផ្ដល់ព័ត៌មានដោយគ្មានមូលហេតុសមរម្យ និងថាការមិនផ្ដល់ព័ត៌មាននេះធ្វើឱ្យបាត់បង់ព័ត៌មានសំខាន់ជូនពលរដ្ឋ ដែលធានាដល់គោលការណ៍តម្លាភាពនិងគណេយ្យភាពសង្គមផងដែរ។ 

លោកបន្ដថា៖ «សិទ្ធិទទួលបានព័ត៌មាន គឺយើងនិយាយអំពីសិទ្ធិទទួលបានព័ត៌មានសាធារណៈដែលប្រជាពលរដ្ឋត្រូវដឹង។ ហើយប្រសិនជាពលរដ្ឋគាត់ស្នើសុំព័ត៌មានណាដែលមិនស្ថិតក្នុងប្រភេទព័ត៌មានសម្ងាត់ ឬត្រូវបានចែងដោយច្បាប់ ប្រជាពលដ្ឋត្រូវតែទទួលបាន»។ ​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ចន្លោះប្រហោងនៃច្បាប់ស្ដីពីរបបសារព័ត៌មាន ធ្វើឱ្យមន្ដ្រីសាធារណៈមួយចំនួនមានអំណាចក្នុងការគ្រប់គ្រងព័ត៌មានសាធារណៈ ហើយច្បាប់បច្ចុប្បន្នក៏មិនអាចចាប់បង្ខំពួកគេឱ្យបញ្ចេញព័ត៌មានជូនពលរដ្ឋបានឡើយ។

លោកថា ក្រុមអង្គការសង្គមស៊ីវិលបានព្យាយាមជំរុញឱ្យអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងធានាថា ខ្លឹមសារនៃច្បាប់នេះស្របទៅនឹងគោលការណ៍សកលនៃសិទ្ធិទទួលបានព័ត៌មាន ដើម្បីធានាគោលការណ៍តម្លាភាពនិងគណេយ្យភាពសង្គម។ 

លោកបន្ដថា៖ «ច្បាប់ដែលមានស្រាប់ គឺស្ម័គ្រចិត្ត។ ការស្ម័គ្រចិត្តនេះ គឺមិនមានគោលការណ៍គតិយុត្តឬក្របខណ្ឌច្បាប់ណាតម្រូវឱ្យស្ថាប័នសាធារណៈផ្ដល់ព័ត៌មានទេ។ ស្ថាប័នសាធារណៈដែលជាស្ថាប័នផ្ដល់ទំនុកចិត្តដល់ពលរដ្ឋ គាត់គ្មានសិទ្ធិលាក់ព័ត៌មាន អ្នកបម្រើរាស្ដ្រគ្មានសិទ្ធិលាក់ព័ត៌មានពីពលរដ្ឋទេ។ ប៉ុន្ដែយើងអត់ទាន់មានគោលការណ៍គតិយុត្តទេ»

លោក ប៉ិច ពិសី លើកឡើងថា ដំណើរការបើកឱ្យភាគីពាក់ព័ន្ធបានចូលរួមបញ្ចេញមតិយោបល់មានភាពល្អប្រសើរ។ ប៉ុន្ដែលោកកត់សម្គាល់ថា ការអនុម័តច្បាប់នេះមានភាពអូសបន្លាយពេលយូរ និងឆ្លងកាត់នីតិវិធីធ្វើច្បាប់ដ៏ស្មុគស្មាញ។  

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន បានឆ្លងផុតក្រុមការងារបច្ចេកទេសនិងអន្ដរក្រសួងរួចហើយ និងបានបញ្ជូនទៅក្រសួងយុត្តិធម៌ដើម្បីពិភាក្សាពាក់ព័ន្ធនឹងបញ្ហាទោសប្បញ្ញត្តិដែលផ្អែកទៅលើក្រមព្រហ្មទណ្ឌជាមូលដ្ឋាន​និងអន្ដរបញ្ញត្តិ។

លោក មាស សុភ័ណ្ឌ លើកឡើងថា កម្ពុជាអាចជាប្រទេសទី៥ក្នុងតំបន់ដែលនឹងមានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ ដែលច្បាប់នេះមានការអនុញ្ញាតឱ្យមានការផ្ដល់មតិយោបល់ពីភាគីពាក់ព័ន្ធផងដែរ។

លោកថា ការអូសបន្លាយពេលវេលាអនុម័តច្បាប់នេះ គឺដោយសារក្រសួងពាក់ព័ន្ធចាំបាច់ត្រួតពិនិត្យខ្លឹមសារនៃច្បាប់នេះ ព្រមទាំងពិនិត្យលើស្ថានភាពសង្គមនិងនយោបាយនៅកម្ពុជា និងបញ្ហាកូវីដ-១៩ដែលកំពុងរីករាលដាលនៅក្នុងប្រទេស។

លោកបន្ដថា៖ «ដំណើរការនៃការពិភាក្សាហ្នឹង គឺយើងត្រូវពិនិត្យទៅលើខ្លឹមសារនៃច្បាប់ ឱ្យវាសមស្របទៅតាមក្រមព្រហ្មទណ្ឌ ក៏ដូចជាឱ្យស្របទៅតាមស្ថានភាពសង្គមនិងនយោបាយនៅកម្ពុជា នៅពេលដែលច្បាប់ដាក់ចេញទៅ ហើយអាចអនុវត្តបាន។ យើងត្រូវការពេលវេលាមួយចំនួន ដើម្បីពិនិត្យទៅលើសេចក្ដីព្រាងច្បាប់នេះ»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា លោក ណុប វី មានប្រសាសន៍ថា ច្បាប់នេះហាក់មានការរៀបចំតាក់តែងនិងអនុម័តយូរជាងច្បាប់ផ្សេងទៀត ដោយសារថា ច្បាប់មួយនេះនឹងផ្ដល់សិទ្ធិអំណាចកាន់តែច្រើនដល់ពលរដ្ឋ និងកាត់បន្ថយអំណាចមន្ដ្រីសាធារណៈ។

លោកបន្ដថា៖ «ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ គឺច្បាប់ដែលគាំទ្រខាងអ្នកក្រ គាំទ្រខាងប្រ​ជាពលរដ្ឋ គាំទ្រដល់ការប្រើប្រាស់សិទ្ធិរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយ ច្បាប់គាំទ្រខាងប្រ​ជាពលរដ្ឋ មិនងាយចេញទេ! ចេញស្រួលមិនស្រួល អាចប៉ះពាល់កិច្ចការងារឬដាក់ទោសទណ្ឌលើមន្ដ្រី»។

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមអង្គការសង្គមស៊ីវិល និងអ្នកធ្វើការលើវិស័យសារព័ត៌មាន បាន​ចេញលិខិតចំហរួមគ្នាមួយទាមទារឱ្យរដ្ឋាភិបាលលុបចោលចំណុច៧ មាត្រា២០​ នៃច្បាប់នេះ ដោយថា ចំណុច​នោះមានន័យទូលំទូលាយពេក និងខ្វះនូវភាពជាក់លាក់ក្នុងការលាតត្រដាងព័ត៌មានសាធារណៈ។

ចំណុច៧ មាត្រា២០ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ចែងថា «ព័ត៌មានសម្ងាត់ដទៃទៀតដែលស្ថិតក្នុងបទប្បញ្ញត្តិត្រូវហាមឃាត់» ដែលមានន័យថា ព័ត៌មានសម្ងាត់ដែលមានចែងក្នុងច្បាប់ផ្សេងៗត្រូវបាន​ហាមឃាត់ក្នុងការបញ្ចេញទៅឱ្យអ្នកដែលស្នើសុំ។

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមាន៩ជំពូក ៣៧មាត្រា ត្រូវបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សានិងពង្រាងជាច្រើនឆ្នាំមកហើយ ដោយ​មានការចូលរួមផ្តល់យោបល់ពីអង្គការយូណេស្កូ (UNESCO) វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការតម្លាភាព (TI) ជាដើម៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក វ៉ា សុភានុត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។