គ្រោះ​ទឹក​ជំនន់​កើត​មាន​នៅ​ក្នុង​ខេត្ត​ចំនួន​១៦​ និង​ឆក់​យក​ជីវិត​មនុស្ស​៧​នាក់​នៅ​ថៃ

ស្ថានភាពទឹកជំនន់នៅតំបន់មួយក្នុងប្រទេសថៃ ដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ประยุทธ์ จันทร์โอชา Prayut Chan-o-cha)

នាយកដ្ឋានបង្ការ និង​កាត់បន្ថយគ្រោះមហន្តរាយថៃ (Department of Disaster Prevention and Mitigation) បានរាយការណ៍ឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះ​ទឹកជំនន់ដែល​បង្ក​ឡើង​​ដោយខ្យល់ព្យុះ​ត្រូពិក Dianmu បានកើនឡើងដល់៧នាក់ហើយ ខណៈ​ទឹកជំនន់នៅតែបន្តជន់លិចនៅក្នុងខេត្តចំនួន១៦ក្នុងប្រទេសនេះ។

គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ទឹកជំនន់ដែល​បង្ក​ឡើង​ដោយខ្យល់ព្យុះនេះបានប៉ះពាល់ដល់ពលរដ្ឋ​​ចំនួន១៩៧ ៧៩៥គ្រួសារ ក្នុងនោះបានឆក់យកជីវិតមនុស្សចំនួន៧នាក់ ខណៈដែលមនុស្សម្នាក់ទៀតកំពុងបាត់ខ្លួន។

សារព័ត៌មាន Bangkok Post បានផ្សព្វផ្សាយ​ថា ខេត្តចំនួន១៦ដែលនៅតែបន្តជន់លិចដោយសារទឹកជំនន់ គិតរហូតមកដល់ពេលនេះរួមមានខេត្ត ស៊ុឃោថ័យ (Sukhothai), ភិសនុលោក (Phitsanulok), ផេតឆាប៊ុន (Phetchabun), ភិជិត (Phichit), កាំភែងភេត (Kamphaeng Phet), ខនគែន (Khon Kaen), ឆៃយ៉ាភូមិ (Chaiyaphum), នឃុន រ៉ាដឆៈស៊ីម៉ា (Nakhon Ratchasima), ឧប៊ុន រ៉ាដឆៈថានី (Ubon Ratchathani), នឃុន សាវណ្ណ (Nakhon Sawan), ឧថ័យ ថានី (Uthai Thani), ឆ័យណាត (Chai Nat), លបប៊ុរី (Lop Buri), ស៊ុផាន់ប៊ុរី (Suphan Buri), ស៊ិងប៊ុរី (Sing Buri) និង អយុធ្យា (Ayutthaya)។

ជាមួយគ្នានេះ អាជ្ញាធរនៅទីក្រុងបាងកក ទីក្រុងនន់ថៈប៊ុរី (Nonthaburi) និងខេត្តបៈធុមថានី (Pathum Thani) ក៏ត្រូវបានជូនដំណឹងឱ្យត្រៀមទុកជាមុន ចំពោះករណីគ្រោះទឹកជំនន់ដែលអាចកើតមានឡើងផងដែរ ខណៈដែលភ្លៀងត្រូវបានរំពឹងថានឹងបន្តធ្លាក់បន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ