សហជីព​និង​កម្មករ​មួយ​ចំនួន​ខកចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់ខែ​គោល​ត្រឹម​តែ​២ដុល្លារ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិត ចំនួន១៧រូប តំណាងភាគីនិយោជក ចំនួន១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាល ចំនួន១៧រូប បានបើកកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីកំណត់ប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

សហជីពនិងកម្មករមួយចំនួនខកចិត្តចំពោះការសម្រេចដំឡើងប្រាក់ខែគោលកម្មករសម្រាប់ឆ្នាំ២០២២ ត្រឹមតែ២ដុល្លារ ខណៈភាគីថៅកែរោងចក្របានចាត់ទុកថា ការសម្រេចដំឡើង២ដុល្លារនេះ គឺពិសេសសម្រាប់កម្ពុជាទៅហើយ។

ប្រធាន​សហព័ន្ធ​សហជីពកម្ពុជា ​អ្នកស្រី ​យ៉ាង សោភ័ណ្ឌ បានថ្លែងថា អ្នកស្រីមិនពេញចិត្តចំពោះការសម្រេចនេះទេ។ អ្នកស្រីថា អ្វីដែលសហជីពទាមទារចង់បានគឺ២១៤ដុល្លារ ហើយបន្ទាប់មកភាគីសហជីពបានទម្លាក់មកនៅត្រឹម២០៤ហើយ ក៏ប៉ុន្តែលទ្ធផលនៅតែមិនអាចដូចអ្វីដែលភាគីសហជីពរំពឹងនោះឡើយ។

អ្នកស្រីមានប្រសាសន៍ថា៖ «យើងទាំងភាគីកម្មករ ទាំងភាគីនិយោជក ទាំងភាគីរដ្ឋាភិបាល សុទ្ធតែដឹងថា ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាមានការកើនឡើង ទាំងតម្លៃទំនិញតាមទីផ្សារមានការកើនឡើងខ្ពស់ដែលធៀបទៅនឹងឆ្នាំមុន។ ហើយដោយឡែក បើយើងមើលទៅលើការរស់នៅរបស់កម្មករ ការហូបចុក បងប្អូនកម្មករជំពាក់បំណុល ស្ថានភាពកូវីដ ហើយការកាត់បន្ថយថ្ងៃបុណ្យកម្មករ៦ថ្ងៃទៅ៧ថ្ងៃទៀត។ ខ្ញុំគិតថា វាជាចំណុចមួយដែលពិបាកក្នុងការទទួលយក ដោយសារអី! ដោយសារតែបើយើងក្រឡេកទៅមើលច្បាប់ ច្បាប់យើងបានសរសេរថា ប្រាក់ឈ្នួលអប្បបរមាជាប្រាក់ឈ្នួលមួយដែលធានាទៅដល់ការរស់នៅរបស់បងប្អូនកម្មករ ប៉ុន្តែបើយើងមើលការដំឡើង ហាក់ដូចជាអត់បានឡើងសោះ។ យើងមើលទៅអត់មានឡើងទេ ព្រោះបើយើងប្រៀបធៀបទៅតម្លៃទំនិញលើទីផ្សារ ហើយយើងធៀបទៅនឹងការកាត់បន្ថយថ្ងៃបុណ្យផ្សេងៗហ្នឹង សួរថាប្រាក់ឈ្នួលកម្មករមានការកើនឡើងឬអត់?»

ចំណែកប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី បានថ្លែងដែរថា សហជីពរបស់លោកក៏ខកចិត្តចំពោះការសម្រេចនេះដែរ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ការដំឡើង២ដុល្លារនេះ វាពិតជាតិចតួចបំផុតសម្រាប់បងប្អូនកម្មករ-កម្មការិនីយើង។ ហើយជាការពេញចិត្តនោះ យើងមិនពេញចិត្តទេ ក៏ប៉ុន្តែអ្វីដែលយើងឃើញការខិតខំប្រឹងប្រែងរបស់សហជីព គឺយើងបានខិតខំប្រឹងប្រែងណាស់ ទើបជាលទ្ធផល យើងសម្រេចបាន២ដុល្លារនេះ។»

រដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកញ្ញា បានចេញសេចក្ដីប្រកាសមួយស្តីពីការដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ចំនួន២ដុល្លារសម្រាប់ឆ្នាំ២០២២ខាងមុខ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករកើនពី ១៩២ដុល្លារ ដល់ ១៩៤ដុល្លារ។ ក៏ប៉ុន្តែកម្មករមួយចំនួនមិនពេញចិត្តចំពោះការដំឡើងនេះទេ។

កម្មករផ្នែកម៉ាស៊ីននៅរោងចក្រទួលសង្កែទី១ លោក ឯក សារុន បានថ្លែងថា លោកខកចិត្តចំពោះសេចក្តីសម្រេចនេះ។

លោកថ្លែងយ៉ាងដូច្នេះថា៖ «ហ្នឹងហើយៗ ខ្ញុំបានប្រាប់មកថ្នាក់ជាតិដែរ ដើម្បីឱ្យជួយទាមទារដំឡើងប្រាក់ខែឱ្យបានខ្ពស់។ តែឮថា ថ្ងៃហ្នឹងគេសម្រេចមកអ៊ីចឹងទៀត ចង់ធ្លាក់ថ្លើមក្ដុកតែម្តង បង! ខាងសហព័ន្ធទាមទារ២១៤ តែលទ្ធផលបាន១៩៤វិញ។»

ចំណែកកម្មការិនីម្នាក់ទៀតធ្វើការនៅរោងចក្រ W&D Co.LTD នៅភ្នំពេញ បានថ្លែងដោយសុំមិនបញ្ចេញឈ្មោះថា ការដំឡើងប្រាក់ខែគោលត្រឹមតែ២ដុល្លារនេះ គឺមិនមានតុល្យភាពនឹងការឡើងថ្លៃមុខទំនិញលើទីផ្សារនិងថ្លៃផ្ទះជួលនោះទេ។

កម្មការិនីដែលធ្វើការនៅរោងចក្រភ្នំពេញជិត១០ឆ្នាំរូបនេះ ថ្លែងថា៖ «អ៊ីចឹងម្នាក់ៗពិបាករឿងផ្ទះជួល អ៊ីចឹងឥលូវថ្លៃជាងមុនទ្វេថ្លៃ សុទ្ធតែ៥០ដុល្លារឡើងទៅ ហើយទំនិញឡើងថ្លៃក៏ខ្លាំងទៀត ដល់ពេលប្រាក់ខែឡើងតិចតួច វាឡើងដែរ មិនថាប្រាក់ខែអត់ឡើងអ៊ីចឹង វាអត់ឡើងទេណា៎! ឱ្យតែប្រាក់ខែឡើង ទំនិញឡើងបានមុនភ្លាម ដូចលើកមុនៗអ៊ីចឹង ប្រាក់ខែឡើង ប្រាក់ខែបើកអត់ទាន់បានមួយខែផង អ៊ីវ៉ាន់ឡើងមុនបាត់។ សំណូមពរៗ មិនអាចទទួលយកបានហ្នឹង ប៉ុន្តែកាលៈទេសៈសព្វថ្ងៃ វាពាក់ព័ន្ធនឹងកូវីដអ៊ីចឹងណា៎។»

យ៉ាងណាក្តី លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងថា ការសម្រេចដំឡើងប្រាក់ខែគោល២ដុល្លារនេះ គឺពិសេសសម្រាប់កម្ពុជាទៅហើយ ខណៈដែលប្រទេសកំពុងជួបវិបត្តិជំងឺកូវីដ-១៩នេះ។ លោកបន្តថា ប្រទេសមួយចំនួននៅលើពិភពលោក មិនមានការដំឡើងប្រាក់ខែគោលនៅឆ្នាំនេះទេ។

លោក វ៉ាន់ ស៊ូអៀង បានពន្យល់ថា៖ «ដល់អ៊ីចឹងខ្ញុំពិបាកនិយាយជាមួយសហជីពណាស់ គាត់យល់តែរឿងគាត់ រួចហើយគាត់ភ្លេចថា ថ្ងៃណាគាត់អត់មានការងារធ្វើ យ៉ាប់ជាងមានការងារធ្វើទៀត។ ឥលូវជាក់ស្តែងនៅស្រុកខ្មែរ នៅកន្លែងអូតែល នៅកន្លែង Resonance [ភោជនីយដ្ឋាន] គេកាត់ប្រាក់ខែ ២០% [ឬ] ៣០% [ឬ] ឬ៥០% គេនៅតែធ្វើទៀតណា៎! ហើយយើងគេឱ្យគ្រប់ដូចគ្នា ហើយសម្តេចថែម២រៀល [ដុល្លារ] ហ្នឹងគឺពិសេសហើយណា៎។ នៅស្រុកគេវិញ អត់មានអ្នក Outside ថែមទៀតទេណា៎! ហើយទី២ មើលពិភពលោក មើលប្រទេសណាឡើងប្រាក់ខែ?»

ការប្រកាសដំឡើងប្រាក់ឈ្នួលកម្មករថ្មីនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន១៧រូប, តំណាងភាគីនិយោជកចំនួន១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន១៧រូប បានជួបប្រជុំលើកចុងក្រោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីបោះឆ្នោតកំណត់តួលេខដំឡើងប្រាក់ខែគោលកម្មករ ​លើតួលេខចំនួន៣។ ក្នុងនោះ ភាគីនិយោជកឬថៅកែរោងចក្របានស្នើតួលេខ ១៨៨ដុល្លារ ភាគីសហជីពបានស្នើតួលេខ ២០៤ដុល្លារ និងភាគីរដ្ឋាភិបាលបានស្នើតួលេខ ១៩២ដុល្លារ

តួលេខដែលស្នើដោយរដ្ឋាភិបាល ១៩២ដុល្លារ បានទទួលការគាំទ្រច្រើនជាងគេ គឺ៤៥សំឡេង លើ៥១សំឡេង ខណៈតួលេខដែលស្នើដោយភាគីសហជីពទទួលបាន៦សំឡេង និងតួលេខដែលស្នើដោយភាគីថៅកែរោងចក្រមិនទទួលបានសូម្បីតែ១សំឡេង។ ចុងក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបន្ថែម២ដុល្លារលើតួលេខ១៩២ដុល្លារនេះ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ ប្រាក់ខែគោលថ្មីរបស់កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ