តាលីបង់៖​ អាមេរិក​ត្រូវតែ​បញ្ឈប់​ការ​បង្ហោះ​យន្ដហោះ​ដ្រូន​ចូល​ក្នុង​អាហ្វហ្គា​នីស្ថាន

យន្តហោះជម្លៀសជនភៀសខ្លួនអាហ្វហ្គានីស្ថានរបស់អាមេរិក C-17 Globemasters នៅអាកាសយានដ្ឋានអន្តរជាតិ ហាមីដកាហ្សៃ (Hamid Karzai) ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Department of Defense)

ក្រុមតាលីបង់ នៅថ្ងៃពុធនេះ បានព្រមានចាត់វិធានការណាមួយ ប្រសិនបើសហរដ្ឋអាមេរិក​មិនព្រម​បញ្ឈប់ការបង្ហោះ​យន្ដហោះដ្រូន (drone) របស់ពួកគេនៅលើដែនអាកាសរបស់អាហ្វហ្គានីស្ថាន​ទេ​នោះ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់ក្រុមតាលីបង់​នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​ដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា៖ «សហរដ្ឋអាមេរិកបានរំលោភសិទ្ធិ​និង​ច្បាប់​អន្តរជាតិ​នានា ព្រមទាំងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះក្រុមតាលីបង់នៅទីក្រុងដូហា ប្រទេសកាតា តាមរយៈប្រតិបត្តិការនៃយន្ដហោះដ្រូនទាំងនេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។

ក្រុមតាលីបង់ បន្តថា៖ «យើងសូមធ្វើការអំពាវនាវសារជាថ្មីដល់ប្រទេសទាំងអស់ ជាពិសេសសហរដ្ឋអាមេរិកឱ្យមានការគោរពដល់អាហ្វហ្គានីស្ថានតាមរយៈសិទ្ធិ ច្បាប់ និងការប្តេជ្ញាចិត្តជាអន្តរជាតិ ដើម្បីការពារសកម្មភាពអវិជ្ជមានណាមួយកើតមានឡើង»។

ទាក់ទិននឹងករណីនេះ មន្រ្តីអាមេរិកមិនអាចធ្វើការទំនាក់ទំនង ដើម្បីសុំការអត្ថាធិប្បាយបានភ្លាមៗនោះទេ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមតាលីបង់ បានដណ្តើមអំណាចយកមកគ្រប់គ្រងវិញនៅអាហ្វហ្គានីស្ថានកាលពីខែមុន បន្ទាប់ពីកងទ័ពអាមេរិកនិងបស្ចិមប្រទេសមួយចំនួនផ្សេងទៀតបានចាក​ចេញ ​ដោយបញ្ចប់បេសកកម្មយោធានិងការទូតរបស់ខ្លួន។

ជាមួយគ្នានេះ សហគមន៍អន្តរជាតិមួយចំនួនកាលពីពេលកន្លងទៅ ក៏បានសម្រេចបញ្ឈប់ផ្ដល់ជំនួយនានា​ដល់អាហ្វហ្គានីស្ថានផងដែរ ក្រោយពីប្រទេសមួយនេះធ្លាក់ចូលទៅក្នុងការគ្រប់គ្រងដោយពួកតាលីបង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ