វត្ថុ​បុរាណ​ជាង​១០០​រូប​នឹង​ត្រូវ​បញ្ជូន​ជា​បន្ត​បន្ទាប់​ពី​ប្រទេស​អង់គ្លេស​មក​កម្ពុជា

វត្ថុបុរាណខ្មែរដែលនឹងត្រូវបញ្ជូនពីប្រទេសអង់គ្លេសត្រលប់មកកាន់ប្រទេសកម្ពុជាវិញ។ (ហ្វេសប៊ុក៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:)

​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អះអាងថា វត្ថុបុរាណចំនួន៥ក្នុងចំណោម១០០រូប សាងពីថ្មនិងសំរឹទ្ធិ បានបញ្ជូន​​ពីប្រទេសអង់គ្លេសត្រលប់មក​ដល់កម្ពុជាដាក់ជាសម្បត្តិវប្បធម៌ខ្មែរវិញ។

យោងតាមសេចក្ដីជូនព័ត៌មាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អះអាងពីការបញ្ជូនវត្ថុបុរាណជាង១០០រូបពីអង់គ្លេសមកកម្ពុជា ដើម្បីដាក់ជាសម្បត្តិវប្បធម៌ខ្មែរ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាចហ្វត (Douglas Latchford) ស្តីពីការបញ្ជូនវត្ថុបុរាណត្រឡប់មកធ្វើជាសម្បត្តិវប្បធម៌ខ្មែរវិញ ក្នុងនោះបដិមាជាង១០០អង្គ សាងពីថ្មនិងសំរឹទ្ធិ។

ក្រសួងបន្តថា៖ «ក្នុងដំណាក់កាលនេះ វត្ថុបុរាណដ៏ល្អឯក រួមមាន បដិមាថ្មព្រះសិវស្កន្ទ [ព្រះឥសូរនិងព្រះស្កន្ទ] មកពីប្រាសាទកោះកេរ្តិ៍ បដិមាថ្មព្រះអឌ្ឍនារីស្វរៈ [ព្រះឥសូរ និងនាងឧមា] និងកន្សៃទូកសំរឹទ្ធិ នឹងត្រូវបញ្ជូនពីប្រទេសអង់គ្លេសមកដល់កម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញានេះ នឹងយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ រង់ចាំរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនៅពេលវេលាណាមួយដែលសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល»។

​កាលពីខែមករា ឆ្នាំ២០២១ កម្ពុជា​ធ្លាប់បានទទួលបុរាណ​វត្ថុខ្មែរជាង១០០ពីសហរដ្ឋអាមេរិកដែលមានអាយុកាល​ច្រើនសតវត្សរ៍ ក្រោយមានការឯកភាពពីកូនស្រីរបស់លោក Douglas Latchford ដែល​ជាអ្នកជំនាញបុរាណវត្ថុ​ និងជាជនជាតិអង់គ្លេសមួយរូបផងដែរ។

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ភាគីកម្ពុជា-អាមេរិកបានចុះកិច្ចព្រមព្រៀងមួយដោយសហរដ្ឋអាមេរិក​​បានសម្រេចបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូបដែលរឹបអូសបានពីបទកាន់កាប់បុរាណវត្ថុដោយខុសច្បាប់ នៅទីក្រុងញូវយ៉ក ប្រគល់ជូនកម្ពុជាវិញ។ ​សម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូបនោះ មានរូបបដិមាផ្នែកពុទ្ធសាសនានិងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗដូចជា ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធិ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតា សាងពីថ្មភក់ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ