មន្ត្រី​ថា​មាន​តែ​តុលាការ​ទើប​មាន​សិទ្ធិ​ដក​បទ​ចោទ​លើ​លោក​ យឹម ស៊ីណន​ និង​បក្ខពួក

លោក យឹម ស៊ីណន អតីតប្រធានប្រតិបត្តិនៃចលនាយុវជនអតីតបក្សសង្រ្គោះជាតិនៅកូរ៉េខាងត្បូង។ (ហ្វេសប៊ុក៖ Yim Sinorn )

មន្ត្រីក្រសួងយុត្តិធម៌លើកឡើងថា ការសម្រេចដករាល់ការចោទប្រកាន់ទាំងឡាយទៅលើលោក យឹម ស៊ីណន និង​បក្ខពួក ដែលជាអតីតសកម្មជនបក្សប្រឆាំង បាន​ឬមិនបានអាស្រ័យលើសិទ្ធិសម្រេចរបស់តុលាការតែប៉ុណ្ណោះ។

កាលពីថ្ងៃពុធម្សិលមិញ អតីតប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន ​និងបក្ខពួកចំនួន​៩នាក់ផ្សេងទៀត បានផ្ញើលិខិតមួយស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយស្នើដល់អាជ្ញាធរមានសមត្ថកិច្ចដកការចោទប្រកាន់ទាំងឡាយទៅលើរូបលោកនិងបក្ខពួកដែលជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍វិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ 

ជាការឆ្លើយតបលិខិតស្នើសុំរបស់លោក យឹម ស៊ីណន កាលពីយប់មិញ តាមរយៈសារព័ត៌មានស្និទ្ធ​រដ្ឋាភិបាល​ Fresh News លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា លោកទទួលបានលិខិត​​នោះ​រួចហើយ។ ​ជាមួយគ្នានេះ ​លោកក៏បានផ្ញើលិខិតរបស់អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិរូបនេះ ជូន​ទៅ​លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យមើលបញ្ហាទាំងឡាយ និងខិតខំរកដំណោះស្រាយឱ្យពួកគេទទួលបានយុត្តិធម៌ ខណៈតុលាការបានចោទប្រកាន់ពួកគេពាក់ព័ន្ធនឹងព្រឹត្តិការណ៍វិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់ វីអូឌី តាមតេឡេក្រាមនៅថ្ងៃ​​ទី៣០ ខែកញ្ញានេះថា ក្រសួងបានទទួលលិខិតរបស់លោក យឹម ​ស៊ីណន តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ។ ប៉ុន្តែលោកពន្យល់តាមនីតិវិធីច្បាប់ថា ការសម្រេចដកការចោទប្រកាន់ទាំងឡាយណាបាន អាស្រ័យលើជនល្មើសចូលខ្លួនមកសារភាព និងសហការជាមួយតុលាការ ដើម្បីចាប់មេខ្លោងមកអនុវត្តទោសតាមច្បាប់។

លោក​ថា៖ «ជាគោលការណ៍ច្បាប់ សំណុំរឿងដែលនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ ការ​សម្រេចយ៉ាងណាជាឆន្ទានុសិទ្ធិរបស់តុលាការ។ ហើយគ្រប់ភាគីទាំងអស់មានសិទ្ធិស្នើ ទាំងរដ្ឋាភិបាល សង្គមស៊ីវិល ឬមួយមេធាវី ឬមួយជនជាប់ចោទគ្រប់រូបក៏មានសិទ្ធិស្នើសុំឱ្យទម្លាក់បទចោទឬការបន្ធូរបន្ថយណាមួយ ក៏ប៉ុន្តែការសម្រេចយ៉ាងណានោះ គឺនៅលើតុលាការដែលជាស្ថាប័នឯករាជ្យ»។

លោកពន្យល់​ទៀតថា៖ «ក៏ប៉ុន្តែជានីតិវិធីរបស់តុលាការ កាលណាមានការសហការពីជនជាប់ចោទមានការចូលរួម មានការសារភាព មានការដឹងកំហុស ជួយដល់តុលាការក្នុងការស៊ើបអង្កេត​បំបែកសំណុំរឿងផ្សេងៗទៀតបាន បើផ្អែកលើទិដ្ឋភាពច្បាប់ គេអាចពិចារណាអាចទម្លាក់ចោលបទចោទ ឬប្តូរបទចោទ ឬការអនុគ្រោះតាមផ្លូវច្បាប់ណាមួយ»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ ខណៈលោក យឹម ស៊ីណន ក៏មិនអាចសុំការបំភ្លឺបន្ថែមបានដែរ។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ​ មានប្រសាសន៍ថា សំណុំរឿងលោក យឹម ស៊ីណន និងបក្ខពួក ពាក់ព័ន្ធនឹងរឿងនយោបាយ ដូច្នេះ​បើចង់ដកការចោទប្រកាន់វិញ​បាន លុះត្រាតែរដ្ឋាភិបាលស្នើទៅតុលាការផ្ទាល់ ដូចករណីលោកបណ្ឌិត សេង សេរី ជាដើម។

លោកមានប្រសាសន៍ថា៖ «ការចោទប្រកាន់ពីដើមទីមក ពាក់ព័ន្ធនឹងរឿងនយោបាយរួចទៅហើយ ដូច្នេះមានតែការចរចា​ក្នុងផ្លូវនយោបាយទេ ទើបអាចមានដំណោះស្រាយល្អប្រសើរជាង​នេះ ពីព្រោះតុលាការ កាលណាមានការដាក់ពាក្យឬក៏មានការដកពាក្យពីម្ចាស់ដើមបណ្តឹងហើយ អ្វីៗតុលាការនឹងរៀបចំតាមនីតិវិធីហ្នឹង។ ហើយខ្វះខាតកន្លែងណា គេច្បាស់ជាជជែកត្រូវរ៉ូវគ្នាក្នុងកម្រិតណា ហើយខាងតុលាការនឹងប្រាប់ទៅខាងដើមបណ្ដឹងនិងចុងបណ្ដឹងហ្នឹងហើយ ថាតើពួកគាត់ត្រូវដោះស្រាយគ្នារបៀបម៉េច ដើម្បីរំលត់បណ្ដឹងអាជ្ញានោះ»។

ព្រឹត្តិការណ៍៩វិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានបង្កើតឡើងដោយលោក សម រង្ស៉ី ប្រធានអតីត​​គណបក្សសង្រ្គោះជាតិ ដោយ​កំណត់​ពេលវិលត្រលប់មកប្រទេសកម្ពុជាវិញ ជាមួយនឹងការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល និងអំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោរ។

ព្រឹត្តិការណ៍នេះបណ្ដាលឱ្យមានការចាប់ខ្លួនអតីតសកម្មជននិងមន្ត្រីអតីតបក្សប្រឆាំង​ជាច្រើន​នាក់ ​ប៉ុន្តែអ្នកខ្លះក៏ត្រូវបានដោះលែងវិញ ហើយខ្លះទៀតកំពុងជាប់ឃុំនៅឡើយ និង​មួយចំនួនទៀតកំពុងរត់ភៀសខ្លួនទៅក្រៅប្រទេសថែមទៀតផង។

ក្រោយពី​បរាជ័យ​ក្នុងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៩នោះ​ ​នៅដើមឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងមួយនេះដែលដឹកនាំដោយ លោកស្រី មូរ សុខហួរ ក៏​បានបរាជ័យ​ក្នុងការ​ធ្វើដំណើរមកមាតុប្រទេស​វិញដែរ​ ដែល​កាល​ណោះ ពួកគេ​មានគម្រោង​មកកម្ពុជាវិញ ដើម្បីជួបចរចានយោបាយជាមួយលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ