អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា​បុគ្គលិក​កាស៊ីណូ​ ដឹសេនជូរី ស្លាប់​ដោយសារ​ពុល​អាហារ​មិនមែន​ជំងឺ​កូវីដ-១៩​

អគារធំខ្ពស់ៗនៅក្រុងព្រះសីហនុ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។ (វណ្ណ វិចារ)

អាជ្ញាធរខេត្តព្រះសីហនុ បំភ្លឺជុំវិញការស្លាប់បុគ្គលិកធ្វើការ​នៅ​កាស៊ីណូ ដឹសេនជូរី បន្ទាប់ពីមានការផ្សព្វផ្សាយថា ការស្លាប់នោះដោយសារកើតជំងឺកូវីដ-១៩ និងបង្ខាំងបុគ្គលិកឱ្យធ្វើការងារទាំងឈឺ។

កាលពីម្សិលមិញនេះ បុគ្គលធ្វើការ​​នៅ​កាស៊ីណូ ដឹសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ​៤ ក្រុងព្រះសីហនុ បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានថា បុគ្គលម្នាក់​​បាន​ស្លាប់ និង​ជាង៤០០នាក់ផ្សេងទៀតត្រូវបានបង្ខាំង​ឱ្យធ្វើការងារទាំងមាន​ជំងឺកូវីដ-១៩។

ក្រោយ​មានការផ្សព្វផ្សាយនេះ រដ្ឋបាលខេត្តព្រះសីហនុ កាលពីល្ងាច​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បាន​ចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់ថា មូលហេតុ​នៃ​ការស្លាប់របស់បុគ្គលិកកាស៊ីណូ​ដឹសេនជូរី ឈ្មោះ ហៀ ស្រីនីច អាយុ២៨ឆ្នាំ​ កាលពីម្សិលមិញ​​ គឺ​ដោយ​​សារ​​ពុល​អាហារ។

រដ្ឋបាល​ខេត្តបានគូសបញ្ជាក់​ថា កាលពីថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០២១ ស្ត្រីរូបនេះ​មានអាការក្អួត ហើយក្រុមគ្រូពេទ្យ​បាន​ចុះ​ពិនិត្យនិងផ្តល់ថ្នាំសម្រាប់ព្យាបាល។ ហើយ​​នៅថ្ងៃបន្ទាប់ អ្នកជំងឺមានអាការមិនធូរស្រាលនិងបាត់បងជាតិទឹកច្រើន ក៏បានស្លាប់តែម្តង។ រដ្ឋបាលខេត្តបន្តថា តាមការ​បញ្ជាក់ពីក្រុមគ្រូ​ពេទ្យជំនាញ​ ការស្លាប់នេះគឺដោយសារពុលអាហារ។

រដ្ឋបាលខេត្តព្រះសីហនុបានបន្ថែមថា កាលពីថ្ងៃទី២៦ ខែកញ្ញានេះ អាជ្ញាធរខេត្តបានសម្រេចយកទីតាំងកាស៊ីណូ ដឹសេនជូរី ធ្វើជាមណ្ឌលធ្វើចត្តាឡីស័ក និងជា​កន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្រោយ​ពិនិត្យឃើញ​បុគ្គលិកបម្រើការងារនៅកាស៊ីណូនេះឆ្លង​ជំងឺកូវីដ-១៩​ច្រើន​ពេក ប៉ុន្តែក៏បានផ្តល់ជម្រើសដល់អ្នកជំងឺក្នុង​ការជ្រើសរើសកន្លែងព្យាបាលផងដែរថា ពួកគេចង់ព្យាបាលនៅទីនេះ ឬទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ខាង​ក្រៅ។

រដ្ឋបាលខេត្តអះអាងថា ចំពោះអ្នកជំងឺសម្រាកព្យាបាលនៅកន្លែងកាស៊ីណូនេះ ត្រូវបានក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ និងតាមដានសុខភាពអ្នកជំងឺជាប្រចាំ ហើយមានការផ្តល់អាហារ៤ពេលពីម្ចាស់កាស៊ីណូផងដែរ។ រដ្ឋបាលខេត្តក៏បានច្រានចោលចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលថា អាជ្ញាធរ​មិន​បាន​យក​បុគ្គលិកកាស៊ីណូដែ​លវិជ្ជមាន​ជំងឺកូវីដ-១៩ទៅព្យាបាល។

ចំពោះការលើកឡើងថា មានការបង្ខាំងឱ្យបុគ្គលធ្វើការងារទាំងឈឺដោយគ្មានការព្រមព្រៀងនោះ អាជ្ញាធរខេត្តនេះនឹងស៊ើបអង្កេតឱ្យបានលម្អិត ហើយថា ប្រសិនបើរកឃើញដូចការលើកឡើងមែននោះ រដ្ឋបាលខេត្តនឹងចាត់វិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។

រដ្ឋបាលខេត្តបញ្ជាក់​ថា៖ «ក្នុងករណីបងប្អូនដែលកំពុងសម្រាកព្យាបាលនៅក្នុងទីតាំងខាងនេះ មានបំណង​ចង់ប្តូរទៅសម្រាកនៅមន្ទីរពេទ្យផ្សេង សូមទំនាក់ទំនងក្រុមការងារប្រចាំការ លេខទូរសព្ទ ០៩៣ ៩៩៩ ១៦៨ ដើម្បីធ្វើការសម្របសម្រួលជូន»

បុគ្គលិក​ម្នាក់ដែលអះអាងថា ជា​ប្រធានគ្រប់គ្រងផ្នែករៀបចំបៀរនៅ​កាស៊ីណូ ​ដឹសេនជូរី ប្រាប់ វីអូឌី ​ក្នុង​លក្ខខណ្ឌ​សុំ​មិនបញ្ចេញឈ្មោះ​កាលពីម្សិលមិញ​ថា កាស៊ីណូ​ ដឹសេនជូរី ដែល​ជាកាស៊ីណូលេងល្បែងស៊ី​សង​តាម​​អន​ឡាញ មានបុគ្គលិក​​​សរុប​ចំនួន៤៣៧នាក់។ បុគ្គលិករូបនេះអះអាងថា បុគ្គលិកជាង​៤០០នាក់បានឆ្លងជំងឺកូវីដ-១៩ និងបង្ខាំងឱ្យធ្វើការងារទាំងឈឺ ដោយ​ពុំមាន​គ្រូពេទ្យប្រចាំការជួយព្យាបាលឡើយ។

ប៉ុន្តែយ៉ាងណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ លោក យ៉ូវ ខេមរា អះអាងថា មានបុគ្គលិកតែជាង២០០នាក់ប៉ុណ្ណោះបានឆ្លងជំងឺកូវីដ-១៩ ហើយអាជ្ញាធរក៏​មិនអនុញ្ញាតឱ្យមានការបង្ខិតបង្ខំបុគ្គលិកធ្វើការងារទាំងឈឺឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ