កងទ័ព​មួកខៀវ​កម្ពុជា​ប្រមាណ​៣០០​នាក់​ ត្រូវ​បញ្ជូន​ទៅ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​នៅ​ម៉ាលី ជំនួស​កម្លាំង​ចាស់​

ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ កងកម្លាំងទ័ពមួកខៀវកម្ពុជា ចំនួន២កង គឺកងអនុសេនាធំ វិស្វកម្មព្រលានយន្តហោះ និងកងអនុសេនាធំកម្ទេចគ្រាប់ សរុបប្រមាណ៣០០នាក់ ដែលត្រូវបញ្ជូនចេញទៅបំពេញ បេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាតិ នៅប្រទេសម៉ាលី។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ)

មន្ត្រីជាន់ខ្ពស់កងទ័ពកម្ពុជា បានឱ្យដឹងថា កងកម្លាំងទ័ពមួកខៀវកម្ពុជាចំនួន២កង ដែលមានកម្លាំងសរុបប្រមាណ៣០០នាក់ នឹងត្រូវទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ដើម្បីជំនួសកម្លាំងចាស់ដែលបានធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញនៅព្រឹកថ្ងៃទី៣ ខែតុលានេះ។

ទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ កាលពីចុងសប្តាហ៍មុន បានឱ្យដឹងថា ​កងអនុសេនាធំ វិស្វកម្មព្រលានយន្តហោះ និងកងអនុសេនាធំកម្ទេចគ្រាប់ សរុបប្រមាណ៣០០នាក់ ក្នុងនោះមាននារី២៦នាក់ ត្រូវបានបញ្ជូនចេញទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់ដែលត្រូវបញ្ចប់បេសកកម្មរបស់ខ្លួនរយៈពេល១ឆ្នាំ។

ប្រភពដដែលបានស្រង់សម្តីរបស់អនុប្រធានគណៈកម្មការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោក សែម សុវណ្ណនី បាន​បញ្ជាក់ថា កម្លាំងកងទ័ពមួកខៀវដែលបញ្ជូនទៅប្តូរវេននេះ គឺមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅពេលផ្លាស់ប្តូរកងកម្លាំងម្តងៗ។

លោកបន្តថា ​ជំហររបស់កម្ពុជានៅបន្តបញ្ជូនកងទ័ពមួកខៀវកម្ពុជាទៅបំពេញបេសកកម្ម គឺមិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានាក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្តនិងការទទួលខុសត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិ។

ទំព័រហ្វេសប៊ុកដដែលអះអាងថា កម្លាំងប្រមាណ១០០នាក់នោះត្រូវបានបញ្ជូនទៅប្រទេសម៉ាលី កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ហើយកម្លាំងដែលនឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ គឺមានចំនួនជិត៣០០នាក់ដែលបានត្រឡប់មកកម្ពុជាវិញនៅដើមខែតុលាការនេះផងដែរ។

បច្ចុប្បន្ន កម្ពុជាមានកម្លាំងមួកខៀវសរុបជិត៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ រួមមាននៅប្រទេសលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ